លោក សួន សេរី​រដ្ឋា ថា ឯកអគ្គរាជទូត​ខ្មែរ​នៅ​បរទេស ប្រើ​តួនាទី​ខ្លួន​ដើម្បី​ប្រយោជន៍​CPP

​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ចោទថា ឯកអគ្គរាជទូត និង​ឯកអគ្គ​កុងស៊ុល​ខ្មែ​ប្រចាំ​នៅ​បរទេស បាន​ប្រើ​តួនាទី​របស់ខ្លួន ដើម្បី​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ របស់លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​បំពេញបេសកកម្ម​នៅ​បរទេស កាលពីពេល​ថ្មីៗ​នេះ​។ ប្រធាន​បក្ស​រូបនេះ បានដាក់​លិខិត​ទៅកាន់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​បំភ្លឺ​ពី​តួនាទី​របស់​ឯកអគ្គរាជទូត និង​ឯកអគ្គ​កុងស៊ុល​កម្ពុជា ជុំវិញ​ករណីនេះ​។

​ប្រធាន​បក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា អះអាងថា ឯកអគ្គរាជទូត និង​ឯកអគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​បរទេស ដូចជា ប្រទេស​បារាំង និង​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ជាដើម បានចេញ​លិខិតផ្លូវការ​ក្នុងនាម​ជា​ឯកអគ្គរាជទូត ដើម្បី​អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​វេទិកា​របស់​គណបក្សកាន់អំណាច ដែល​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ា​ណែ​ត​។ លោក​ចោទថា សកម្មភាព​មន្ត្រី​ទូត​ទាំងនោះ កំពុងតែ​យក​តួនាទី​របស់ខ្លួន​ទៅប្រើ​ប្រាស់​ដើម្បី​ទាញ​ផលប្រយោជន៍​ឲ្យ​គណបក្ស​ប្រជាជ​កម្ពុជា​។

​ប្រធាន​បក្ស​រូបនេះ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​ថា​៖«​អ្នកគាំទ្រ​របស់​គណបក្ស​អំណាច​ខ្មែរ​នៅ​បរទេស បានទទួល​លិខិតអញ្ជើញ​នោះ​។ មន្ត្រី​របស់ខ្ញុំ​ក៏បាន​ផ្ញើលិខិត​នោះ​ឲ្យ​ខ្ញុំ​ទៀតផង​។ យើង​មាន​ភស្តុតាង​គ្រប់គ្រាន់ ទើប​យើង​ហ៊ាន​ចោទប្រកាន់​។​ដូច្នេះ​ទង្វើ​របស់​មន្ត្រី​ទូត​ទាំងនោះ គឺជា​ការខុស​ក្រមសីលធម៌​យ៉ាងខ្លាំង​»​។​

​លោក សួន សេរី​រដ្ឋា បាន​អះអាងថា កិច្ចប្រជុំ​នោះ បាន​ចំណាយ​ថវិកា​លើ​អាហារ​ដោយ​ឥត​បង់ប្រាក់ ហើយ​ថែមទាំង​ផ្តល់ប្រាក់​ឲ្យ​អ្នកចូលរួម​ម្នាក់ៗ ចំនួន​៣០០ អឺរ៉ូ​ថែមទៀត​។ លោក សួន សេរី​រដ្ឋា ដែល​បានដាក់​លិខិតស្នើ​ទៅ​ក្រសួងការបរទេស​កម្ពុ​ជា​ឲ្យ​បកស្រាយ​លើ​បញ្ហា​ទាំងនេះ  បាន​បន្ថែម​បែប​ចំអក​ថា មន្ត្រីការទូត​ទាំងនោះ​ជា​អ្នកតំណាង​ឲ្យ​រដ្ឋាភិបាល ជា​អ្នក​ស៊ីប្រាក់ខែ​រដ្ឋ ដូច្នេះ​ត្រូវធ្វើ​ការបម្រើ​ឲ្យ​ប្រជាពលរដ្ឋ មិនមែន​ធ្វើការ​ដើម្បី​បម្រើ​បក្ស ហើយក៏​មិន​ត្រូវយក​ធនធាន​រដ្ឋ ទៅប្រើ​ប្រាស់​ដើម្បី​ប្រយោជន៍​បក្ស​ឡើយ​។

​ជុំវិញ​បញ្ហា​នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស សូម​មិន​បកស្រាយ ដោយហេតុ​ផល​ថា ការចោទប្រកាន់​បែបនេះ ត្រូវបាន​លោក ហ៊ុន ម៉ា​ណែ​ត ធ្លាប់​បកស្រាយ​រួចទៅហើយ​។ ម្យ៉ាងទៀត​រូបលោក ក៏​មិនទាន់​បានឃើញ​លិខិត​របស់​គណបក្ស​អំណាច​ខ្មែរ​ដែរ​។

​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការចោទប្រកាន់​បែបនេះ គឺ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​បកស្រាយ​រួចហើយ មិនចាំបាច់​ខ្ញុំ​បកស្រាយ​ទៀត​នោះទេ​។ ម្យ៉ាងទៀត ខ្ញុំ​ក៏​មិនទាន់​ឃើញ​លិខិត​នោះដែរ អ៊ីចឹង​ខ្ញុំ​មិនអាច​បកស្រាយ​នៅពេលនេះ​បានទេ​»​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ដល់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ លោក ហ៊ុន ម៉ា​ណែ​ត និង​ក្រុមការងារ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បណ្តា​ប្រទេស​មួយចំនួន ក្នុង​សភាព​អឺរ៉ុប ដូចជា អាល្លឺម៉ង់ បារាំង ស្វី​ស និង​ប៊ែ​ល​ហ្សិ​ក​ជាដើម​៕