ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​កោះ​ហៅ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​៥​នាក់​បន្ថែម​ទៅ​សាកសួរ

ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចំនួន ៥​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ហៅ​ទៅ​សាកសួរ​នៅ​ថ្ងៃ​ទី​១៥ ធ្នូ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ដែល​បាន​ដើរ​អូស​រូប​ទីងមោង​បញ្ច្រាស​ជើង​តាម​ផ្លូវ​នា​ពេល​កន្លង​ទៅ។ ប៉ុន្តែ​អ្នក​ទាំង ៥​នាក់ មិន​បាន​ចូល​ទៅ​ជួប​តាម​ការ​កោះ​ហៅ​របស់​សមត្ថកិច្ច​នោះ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​កោះ​ហៅ​ពួក​គេ​ទៅ​សាកសួរ​ពី​រឿង​ការ​តវ៉ា​នោះ ថា​ជា​ទង្វើ​មួយ​ដើម្បី​គំរាម​កំហែង​បិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​សាជាថ្មី​ទៀត។

តំណាង​ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ គឺ​លោក វន វ័ន្ត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ធ្នូ ថា ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ពួក​គាត់​ឲ្យ​ហៅ​តំណាង​អ្នក​តវ៉ា​ចំនួន ៥​នាក់​បន្ថែម​ទៀត ដើម្បី​សាកសួរ​ពី​ការ​តវ៉ា ដែល​បាន​ដើរ​អូស​រូប​ទីងមោង​តាម​ផ្លូវ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ នោះ។ លោក​បញ្ជាក់​ថា ពួក​គាត់​មិន​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ នោះ​ទេ ពីព្រោះ​ថា ការ​កោះ​ហៅ​នេះ​ពុំ​មែន​ជា​ដំណោះស្រាយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ឡើយ៖ «»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កោះ​ហៅ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់​បន្ថែម​ទៀត​នេះ ក្នុង​បំណង​ល្អ ដើម្បី​ដោះស្រាយ​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​របៀប​រៀបរយ​នៅ​ក្នុង​សង្គម​ទេ គឺ​ពុំ​មែន​ជា​ការ​គំរាម​កំហែង​បិទ​សិទ្ធិ​សេរីភាព ដូច​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​ឡើយ។ លោក​សោកស្ដាយ​ចំពោះ​ការ​បដិសេធ​របស់​អ្នក​ភូមិ ដែល​មិន​ចូល​ជួប​តាម​កោះ​ហៅ​របស់​សមត្ថកិច្ច​នោះ៖ «»។

តវ៉ា​ដោះ​លែង​តំណាង​ពលរដ្ឋ​ជម្លោះ​ដី​ប៉ោយប៉ែត ៦២០
ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ តវ៉ា​ទាមទារ​ឲ្យ​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោះ​លែង​តំណាង​ម្នាក់ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ Photo Provided

ស្រប​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ប្រមាណ ១០០​នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​របស់​ពួក​គាត់​ឈ្មោះ​លោក ឆេង ប៊ុនហាក់ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប៉ូលិស​កោះ​ហៅ​តំណាង​អ្នក​តវ៉ា​ទៅ​សាកសួរ​បន្ថែម​ទៀត​នេះ គឺ​ជា​ការ​បំភិត​បំភ័យ​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ មិន​ឲ្យ​ងើប​តវ៉ា​ប្រឆាំង​នឹង​សមត្ថកិច្ច​ទៅ​វិញ​ទេ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ធ្វើ​ការ​តស៊ូ​មតិ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដោះស្រាយ​ផ្ដល់​សំណង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង បន្ទាប់​ពី​អ្នក​ភូមិ​តវ៉ា​អស់​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​ពុំ​បាន​លទ្ធផល៖ «»។

តំណាង​ប្រជាពលរដ្ឋ លោក ឆេង ប៊ុនហាក់ ត្រូវ​បាន​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ឃាត់​ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត បន្ទាប់​ពី​ពួក​គាត់​តវ៉ា​អូស​រូប​ទីងមោង​តាម​ផ្លូវ ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ផ្ដល់​សំណង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ កន្លង​ទៅ។ បច្ចុប្បន្ន លោក ឆេង ប៊ុនហាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។