អភិបាលខេត្ត​​​ចុះ​ចែក​អត្តសញ្ញាណ​ប័​ណ្ណ​​ដល់​ពល​រដ្ឋចំនួន​១.៥៤០​នាក់ ស្រុក​កំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ «អត្ត​សញ្ញាណ​ប័​ណ្ណសញ្ជាតិ​ខ្មែរគំរូ​ថ្មី មាន​សុពលភាព​១០​ឆ្នាំ ហេតុនេះ​សូម​ថែរក្សា​ឱ្យ​បាន​គ​ង់​វង្ស​ល្អ» លោក ​ឈួ​រ ​ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​​ បាន​ផ្តាំ​ផ្ញើបែប​នេះដល់​ប្រជាពលរដ្ឋ​ចំនួន​១.៥៤០​នាក់ ​ដែល​​​មក​ទទួល​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៤ ​ធ្នូ ​២០១៥ នៅ​ក្នុង​វត្ត​អំពិលទឹក ក្នុងភូមិ​ក្អែក​ពង ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច​ ។

​លោក​អភិបាលខេត្ត បាន​បន្ត​ថា សូម​​បង​ប្អូន​​​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ជាតិខ្មែរ​គំរូ​ថ្មី​នេះ​ទៅ​ប្រើប្រាស់​តាម​តម្រូវការឱ្យ​បាន​ត្រឹមត្រូវ សូមកុំយក​អត្តសញ្ញាណប័ណ្ណ​នេះ​ទៅ​បញ្ចាំ​ដើម្បី​ខ្ចីប្រាក់​ពី​អង្គការផ្សេង​ៗ ​ព្រោះ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ជិត​មក​ដល់​ហើយ ​សង្ឃឹមថា​បងប្អូន​ដែល​មាន​អត្តសញ្ញាណ​ប័ណ្ណ នឹង​អាច​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ/សង្កាត់ ដែល​ជាតំណាង​របស់​ខ្លួននៅ​ក្នុង​ថ្ងៃ​ខាង​មុខ​នេះ ​។

​​លោអភិបាលខេត្ត ក៏​បាន​លើក​ឡើង​ពី​ស្ថានភាព​ប្រទេស​ជាតិ​ មាន​សុខ​សន្តិភាព ​ស្ថិរ​ភាព និង​រក្សា​​​សណ្តាប់ធ្នាប់​សង្គម​បាន​ល្អ​គ្រប់​ទីកន្លែង កត្តា​ទាំង​អស់​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​​ការ​អភិវឌ្ឍលើ​គ្រប់វិស័យ ​និង​ធ្វើ​ឱ្យ​ជីវភាព​​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​មាន​ភាព​រីក​ចម្រើន​ជា​លំដាប់​ផង​ដែរ ​។

ក្នុង​ឱកាសនេះ​ដែរ ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ប្រគេន​ស៊ីម៉ងត៍​ចំនួន​៥​តោន ​សម្រាប់​​ក​សាង​សមិទ្ធផល​នានា​នៅ​ក្នុងវត្តអំពិលទឹក ឧបត្ថម្ភ​ថវិកា​ដល់​លោកគ្រូ​ អ្នកគ្រូ​​ ចំនួន​១៦​​រូប ក្នុង​ម្នាក់​ៗ​ទទួល​បាន​១​ម៉ឺន​រៀល សិស្សានុ​សិស្ស៦៥៧​នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​២​ពាន់​រៀល ​និង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ​ និង​ស្វ័យការពារ​ ក្នុង​មួយ​អង្គភាព​ទទួល​បាន​១០​ម៉ឺន​រៀល​ផង​ដែ​រ ៕