ឯកអគ្គរដ្ឋទូត​អូស្រ្តាលីចប់អាណត្តិ ​៖ ទំនាក់ទំនង​ទ្វេភាគីកម្ពុជា​-អូស្រ្តាលីកាន់តែរឹងមំា

រាជធានីភ្នំពេញ ៖ ​ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចំាកម្ពុជា ​លោកស្រី Alison Burrows ​បានមានប្រសាសន៍ថា​ ទំនាក់ទំនងទ្វេភាគី​រវាងកម្ពុជា​និងអូស្រ្តាលី​កាន់តែរឹងមំា​ឡើងរវាង​ប្រជាជន​និងប្រជាជន ​ថ្នាក់ដឹកនំានិងថ្នាក់ដឹកនំា​ ជាពិសេសកិច្ចសប្រតិបត្តិការ​ប្រយុទ្ឋប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ​ភេវរកម្ម ​និងវិស័យកសិកម្ម សុខភាព និងតុលាការ​ខ្មែរក្រហម​ជាដើម ។

លោកស្រី​ឯកអគ្គរដ្ឋទូតអូស្រ្តាលី​មានប្រសាសន៍ខាងលើបែបនេះ​ បានធ្វើឡើងនៅក្នុងជំនួប​សម្តែងការគួរសមនិងជម្រាបលា​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ក្នុងឱកាសដែល​លោកស្រីបានបញ្ចប់​បេសកកម្មការទូតរយៈពេល៣ឆា្នំ​នៅក្នុងប្រទេសកម្ពុជា​ នារសៀលថ្ងៃទី១៥​ ធ្នូ ២០១៥ ​នៅវិមានសន្តិភាព ​ទីស្តីការនាយករដ្ឋមន្រ្តី ។

ជាការឆ្លើយតប​សម្តេចតេជោនាយករដ្ឋមន្រ្តី​បានថ្លែងអំណរគុណដល់​លោកស្រីឯកអគ្គរដ្ឋទូតអូស្រ្តាលី​ដែលក្នុងបេសកកម្មរបស់​លោកស្រីធ្វើឲ្យទំនាក់ទំនង​រវាងកម្ពុជានិង​អូស្រ្តាលីកាន់តែរឹងមំា​ ហើយសម្តេចក៍ស្នើ​ពង្រីកទំហំជញ្ជីង​ពាណិជ្ជកម្មរវាងប្រទេសទំាងពីរ ​និងបានជូនពរលោក​ស្រីឯកអគ្គរដ្ឋទូតអូស្រ្តាលី​ទទួលបានជោគជ័យ​នៅក្នុង​បេសកកម្មការទូត​ជាបន្តទៀត៕