អាវុធហត្ថ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពី​បទ​ នាំ​ចូល ចែកចាយ ស្តុក​ទុក ផលិតផល​ក្លែងក្លាយ​ម៉ាក​កងចក្រ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ជា​ភរិយា​ម្ចាស់​ហាង​លក់​ថ្ម​កាត់ និង​ធូបផ្សារ​ក្លែងក្លាយ​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​១២៥ ផ្លូវ​លេខ​១៣៩ សង្កាត់​អូរ​ឫស្សី​២ ខណ្ឌ​៧​មក​រា ដើម្បី​អនុវត្ត​តាម​នីតិវិធី បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា «​នាំ​ចូល ចែកចាយ ស្តុក​ទុក ផលិតផល​ក្លែងក្លាយ​ម៉ាក​កងចក្រ​» ។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ គី​វ សុ​ជាតិ អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​គ្រឿងអគ្គិសនី និង​សំណង់ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ មាន​ប្តី​ឈ្មោះ ផេង ហួរ អាយុ​៤៥​ឆ្នាំ ។ ការ​ឃាត់ខ្លួន​នេះ​គឺ​យោង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន EPAT RESOURCE TRADING Co., Ltd. ដែល​មាន​លោក​មេធាវី ទូច ឆាយ និង​លោក សេង ធា​រ៉ា ជា​តំណាង ។ បន្ទាប់​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​លេខ​៦៤១ ចុះហត្ថលេខា​ដោយ​លោក​ព្រះរាជអាជ្ញា​រង ខៀវ ផល្លា បង្គាប់​ឲ្យ​ប្រមូល​ភស្តុ​តាង និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផេង ហួរ និង គី​វ សុ​ជាតិ ពី​បទ «​នាំ​ចូល ចែកចាយ ស្តុក​ទុក ផលិតផល​ថ្ម​កាត់​ក្លែងក្លាយ​ម៉ាក​កងចក្រ​» ។

មន្ត្រី​អាវុធហត្ថ​បន្ត​ថា ជា​លទ្ធផល​សមត្ថកិច្ច​បាន​រឹបអូស​ថ្ម​កាត់​ចំនួន​២៧​កេស និង​១៥​សន្លឹក កំពុង​តាំង​លក់ រួម​ទាំង​ស្ត្រី​ជា​ម្ចាស់​ហាង បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ចំណែក​តំណាង​ក្រុមហ៊ុន​ EPAT RESOURCE TRADING Co., Ltd. ក៏​បាន​អំពាវនាវ​ដល់​អាជីវករ​បញ្ឈប់​តាំង​លក់​ផលិតផល​ក្លែងក្លាយ​ខាងលើ​នេះ ហើយ​ប្រសិនបើ​នៅ​តែ​បន្ត ក្រុមហ៊ុន​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕