វិបត្តិ​អន្តោប្រវេសន៍​ធ្វើ​ឲ្យ​អឺរ៉ុបសុខ​ចិត្ត​ត្រលប់​ទៅចរចា​យក​តួកគី​ចូល​ជា​សមាជិក

សហភាព​អឺរ៉ុប កាលពី​យប់​ថ្ងៃ​ចន្ទ ទី ១៤​ធ្នូ បាន​បើក​ការចរចា​ជាថ្មី ដើម្បី​អនុញ្ញាត​ឲ្យ​​តួកគី​អាច​ក្លាយ​ជា​សមាជិក​មួយទៀត​របស់​សហភាព​អឺរ៉ុប។ តួកគី​បាន​ដាក់​បេក្ខភាព​ ចង់​សុំ​ចូល​ជា​សមាជិក​អឺរ៉ុប តាំង​ពី​ឆ្នាំ ១៩៩៩។ ប៉ុន្តែ ការចរចា​ តាំង​ពី​ឆ្នាំ ២០០៥ បានជាប់​​គាំង​ ដោយសារ​មាន​ការប្រឆាំង​ពី​​​អាល្លឺម៉ង់ និង​បារាំង​ ដែល​មិន​​ឲ្យ​ចង់​ឲ្យ​តួកគី​ចូល​ក្នុង​រង្វង់​សហភាព​អឺរ៉ុប។ ៨​​ឆ្នាំ​ក្រោយ វិបត្តិ​ជនអន្តោប្រវេសន៍ និង​ការគំរាមកំហែង​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម (ដែល​នៅ​ត្រើយម្ខាង​ទឹកដី​អឺរ៉ុប បាំង​ដោយ​តួកគី) បានជំរុញ ឲ្យ​សហភាព​អឺរ៉ុប​ត្រូវ​បង្ខំ​ចិត្ត​មក​ត្រលប់​ចរចា​ទទួល​យក​តួកគី ជាសមាជិក​របស់ខ្លួន។