អ.ស.ប​និង​ក្រសួង​សង្គមកិច្ច​រក​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​ជន​នៅ​តាម​ចិញ្ចើម​ផ្លូវ

អង្គការ​សហប្រជាជាតិ (អ.ស.ប) ប្រចាំ​កម្ពុជា និង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា រៀបចំ​សន្និសីទ​ថ្នាក់​ជាតិ​មួយ​មាន​រយៈពេល ២​ថ្ងៃ ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​រយៈពេល​វែង​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​ជន​ដែល​កំពុង​រស់​នៅ ឬ​ធ្វើការ​នៅ​តាម​ចិញ្ចើម​ផ្លូវ រួម​មាន​កុមារ ស្ត្រី អ្នក​បម្រើ​សេវា​កម្សាន្ត ជន​ពិការ​សតិបញ្ញា និង​កាយសម្បទា និង​អ្នក​ផ្ទុក​ជំងឺ​អេដស៍​ជាដើម។

ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​ដំបូង តំណាង​ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី វ៉ាន់ ហ៊ាលី (Wan-Hea Lee) លើក​ឡើង​ថា ការ​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ជន​នៅ​តាម​ចិញ្ចើម​ផ្លូវ គឺ​ជា​កិច្ចការ​បន្ទាន់​ដែល​ត្រូវ​ធ្វើ៖ «»។

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក វង សូត ថ្លែង​ក្នុង​សន្និសីទ​នោះ​ថា ការងារ​ដោះស្រាយ​បញ្ហា​ជនអនាថា ត្រូវ​គោរព​តាម​គោលការណ៍​មនុស្សធម៌ ស្ម័គ្រចិត្ត គោរព​សិទ្ធិ​ជន​រងគ្រោះ រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការ​គោរព​ច្បាប់។ លោក​បន្ដ​ថា ដំណោះស្រាយ​ទាំង​នោះ​រួម​មាន ការ​ផ្ដល់​សេវា​ជូន​ជនអនាថា​នូវ​ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន សេវា​អប់រំ​ផ្នែក​ចិត្តសាស្ត្រ សេវា​សុខភាព បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​ធ្វើ​សមាហរណកម្ម​ជនរងគ្រោះ​ទៅ​ក្នុង​សហគមន៍​វិញ​ដោយ​ស្មារតី​មនុស្សធម៌។

យ៉ាង​ណា មន្ត្រី​ផ្នែក​បច្ចេកទេស​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​លើក​ឡើង​ថា ការងារ​ដោះស្រាយ​បញ្ហា​ជន​នៅ​តាម​ចិញ្ចើម​ផ្លូវ ប្រឈម​ខ្លាំង​នឹង​បញ្ហា​ខ្វះខាត​ថវិកា។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក តូច ចាន់នី លើក​ឡើង​ថា ថវិកា​ជាតិ​សម្រាប់​ការងារ​ផ្ដល់​សេវា​សង្គមកិច្ច​មាន​តិចតួច​បំផុត។ លោក​ពន្យល់​ថា ថវិកា​ភាគ​ច្រើន​ដែល​ក្រសួង​ទទួល​បាន គឺ​ត្រូវ​បែងចែក​សម្រាប់​ការ​បើក​ប្រាក់​បៀវត្សរ៍​ប៉ុណ្ណោះ៖ «»។

លោក តូច ចាន់នី ក៏​លើក​ឡើង​ដែរ​ថា ក្រុម​ការងារ​របស់​លោក​តែង​តស៊ូ​មតិ​ដើម្បី​ទាមទារ​យក​ថវិកា​ជាតិ​បន្ថែម​សម្រាប់​បំពេញ​សេចក្ដី​ត្រូវ​ការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជន​នៅ​តាម​ចិញ្ចើម​ផ្លូវ៖ «»។

ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវា​សង្គមកិច្ច​ដល់​ជនអនាថា កន្លង​ទៅ​ក្រសួង​រង​ការ​រិះគន់​ថា មិន​បាន​ផ្ដល់​សេវា​សង្គមកិច្ច​ដោយ​គោរព​សិទ្ធិ​ជនអនាថា​ទាំង​នោះ​ឡើយ។ ជាក់ស្ដែង ករណី​ប្រមូល​ជនអនាថា​ឲ្យ​ទៅ​ស្នាក់នៅ​មណ្ឌល​ព្រៃស្ពឺ ដែល​រង​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល​ថា មិន​បាន​ផ្ដល់​ការ​គាំពារ​ត្រឹមត្រូវ​ដល់​ជនអនាថា​ទាំង​នោះ។

ករណី​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក តូច ចាន់នី បញ្ជាក់​ថា ចំណុច​ដែល​ជា​បញ្ហា​ចំពោះ​ករណី​ព្រៃស្ពឺ គឺ​ដោយសារ​ក្រសួង​មិន​ទាន់​មាន​នីតិវិធី​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​របស់​ជនអនាថា​ទាំង​នោះ៖ «»។

អ្នក​សម្របសម្រួល​អង្គការ​មិត្ត​សំឡាញ់​អន្តរជាតិ លោក ពិន សុខុម កត់​សម្គាល់​ថា ការ​ដោះស្រាយ​បញ្ហា​ជន​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​មាន​កម្រិត ដោយសារ​ខ្វះខាត​ការ​សហការ​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ៖ «»។

តួលេខ​របស់​អង្គការ​មិត្តសម្លាញ់​អន្តរជាតិ ស្ដីពី​ចំនួន​ជន​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​កម្ពុជា ដែល​មាន​អាយុ​ក្រោម ២៥​ឆ្នាំ នៅ​ឆ្នាំ​២០១៤ មាន​ចំនួន​ជាង ៣​ពាន់ (៣.២៩៥) នាក់ ក្នុង​នោះ​ជាង ២​ពាន់ (២.០៨១) នាក់ រស់​នៅ​រាជធានី​ភ្នំពេញ។ ពាក់ព័ន្ធ​នឹង​តួលេខ​នេះ មន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លើក​ឡើង​ថា ក្រសួង​មិន​ទាន់​មាន​តួលេខ​ផ្លូវ​ការ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។