លោក ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ​ថ្ងៃ​ទី​១៨​ធ្នូ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹក​នាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​១៨ ធ្នូ។ ការ​បំពេញ​ទស្សនកិច្ច​នេះ តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-O-Cha) ក្នុង​ឱកាស​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា-ថៃ។

ក្រោយ​ពេល​បំពេញ​ទស្សនកិច្ច​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៩ លោក ហ៊ុន សែន និង​លោក ប្រាយុទ្ធ ចាន់អូចា នឹង​ធ្វើ​ជា​សហ​ប្រធាន​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា-ថៃ ជា​លើក​ទី​២ ដើម្បី​ពិនិត្យ​បញ្ហា​នយោបាយ និង​សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​អប់រំ។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន ដូចជា សេចក្ដី​ថ្លែងការណ៍​រួម​នៃ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា-ថៃ លើក​ទី​២ អនុស្សរណៈ​នៃ​ការ​យោគយល់ ស្ដីពី​ការ​អភិវឌ្ឍ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ណងអៀន អនុស្សរណៈ​នៃ​ការ​យោគយល់ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការងារ កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ប្រើប្រាស់​កម្លាំង​ពលករ និង​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុម​ប្រឹក្សា​ធុរកិច្ច​កម្ពុជា-ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។