ស្ត្រី​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​លូក​ហោប៉ៅ​លួច​ទូរស័ព្ទ​ដៃ​នៅ​ផ្សារ​កាប់​គោ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​លូក​ហោប៉ៅ​លួច​យក​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង​១​គ្រឿង​ពី​ក្មេង​ស្រី​សិស្សសាលា​ម្នាក់​នៅ​ពេល​ដែល​កំពុង​តែ​ដើរ​រក​ទិញ​អីវ៉ាន់​នៅ​ក្នុង​ផ្សារ​កាប់​គោ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្នុង​ផ្សារ​កាប់​គោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​មានឈ្មោះ សុខ ណែ​ត អាយុ​២៦​ឆ្នាំ ជា​អ្នក​រើស​អេ​ត​ចាយ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរ​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​កាប់​គោ​ជាមួយ​ក្មេង​ស្រី​ម្នាក់​ទៀត​ជា​មិត្តភក្តិ​រៀន​ជាមួយ​គ្នា ស្រប​ពេល​នោះ​ក៏​លេចមុខ​ស្ត្រី​សង្ស័យ​២​នាក់ ដើរ​តាម​ពីក្រោយ និង​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង ព៌​ណ​ទឹកមាស ១​គ្រឿង​ពី​ក្នុង​ហោប៉ៅ​កាបូបស្ពាយ​របស់​នាង ។ ភា្ល​ម​នោះ​ក្មេង​ស្រី​ដែល​ជា​មិត្តភក្តិ​ដែល​ដើរ​ខាងក្រោយ​គ្នា​នោះ​បានឃើញ ក៏​ស្រែក​ឆោឡោ​ឡើង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ដែល​នៅ​ក្បែរ​នោះ ស្ទុះ​ទៅ​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ម្នាក់​រួម​ទាំង​ទូរស័ព្ទ​ដៃ​នោះ​ផង​ដែរ ចំណែកឯ​ស្ត្រី​ជា​បក្ខពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ប្រគល់​ទៅ​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​វិញ ចំណែកឯ​ស្ត្រី​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត ៕