អ្នក​ដែល​កំព្រា​ឪពុក​ឬ​ម្តាយ​ពី​ក្មេង​អាច​ងាយ​នឹង​ធ្វើ​អត្តឃាត​ដល់​ពេញវ័យ​

អ្នក​ដែល​កំព្រា​ឪពុក​ឬ​ម្តាយ​ពី​ក្មេង​អាច​ងាយ​នឹង​ធ្វើ​អត្តឃាត​ដល់​ពេញវ័យ​

​បើ​តាម​លទ្ធផល​នៃ​ការសិក្សា​មួយ​នៅ​ប្រទេស​ដា​ណឺ​ម៉ាក ដែល HealthDay News បាន​លើកយក​មក​និយាយ​កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ មរណភាព​របស់​ឪពុក​ឬ​ម្តាយ​នៅ​ក្នុង​កុមារភាព​គឺជា​បទពិសោធន៍​អាក្រក់​ធំ​មួយ​ចំពោះ​កុមារ ដែល​អាច​នឹង​ធ្វើឱ្យ​គេ​ធ្វើអត្តឃាត​ដល់​ពេល​ពេញវ័យ​ទៅ​។​

​សាកលវិទ្យាល័យ Aarhus University នៅ Denmark បាន​ធ្វើ​ការតាមដាន​កុមារ​ដែល​មាន​ឪពុក​ឬ​ម្តាយ​ស្លាប់​មុន​កុមារ​នោះ​មាន​អាយុ​១៨​ឆ្នាំ ចំនួន​១៨៩,០០០​នាក់ អស់​ពេល​៤០​ឆ្នាំ រួច​បាន​ប្រៀបធៀប​ទិន្នន័យ​ទៅនឹង​កុមារ​ប្រមាណ​ជា​២​លាន​នាក់​ទៀត​ដែល​មិន​កំព្រា​ទេ​។ គេ​បាន​សង្កេតឃើញថា អ្នក​នៅ​ក្នុង​ក្រុម​ទី​១​មាន​ហានិភ័យ​ធ្វើអត្តឃាត​ខ្លួន​ច្រើន​ជាង​អ្នក​នៅ​ក្នុង​ក្រុមទី​២​ដល់​ទៅ​២​ដង ហើយ​ក្មេងប្រុស​រងគ្រោះ​ខ្លាំង​ជាង​ក្មេងស្រី​ទ្វេដង​ដែរ​។​

លោក Mai-Britt Guldin អ្នកដឹកនាំ​ការសិក្សា​នេះ បាន​ធ្វើការ​សន្និដ្ឋាន​ថា​"​លទ្ធផល​នៃ​ការសិក្សា​នេះ​បង្ហាញ​ឱ្យ​គេ​ដឹងថា គេ​ត្រូវ​យកចិត្តទុកដាក់​ឆាប់​ធ្វើ​អន្តរាគមន៍​លុបបំបាត់​ស្ត្រេ​ស​របស់​កុមារ​ដែល​មាន​ឪពុក​ឬ​ម្តាយ​ស្លាប់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការធ្វើអត្តឃាត​ខ្លួន​នៅពេល​ក្រោយ​"​។​

លោក​វេជ្ជបណ្ឌិត Dr. George Bonanno នាយក​របស់​មជ្ឈមណ្ឌល the Teachers College Resilience Center for Veterans & Families នៃ​សាកលវិទ្យាល័យ Columbia University នៅ New York City បាន​និយាយថា "​តួលេខ​នេះ​ហាក់ដូចជា​ទាប​ជាង​ការពិត ហើយ​វា​មិន​ប្រាកដ​ថា​អ្នក​ដែល​កំព្រា​ពី​តូច​នឹង​ត្រូវ​ស្លាប់​ទៅ​ដោយ​អត្តឃាត​នោះ​ទេ​។ ក៏​ប៉ុន្តែ​បើ​ទោះជា​យ៉ាងណាក្តី ការផ្តល់​ការប្រឹក្សា​យោបល់​និង​ព្យាបាល​ស្ត្រេ​ស​ដល់​កុមារ​ដែល​មាន​ឪពុក​ឬ​ម្តាយ​ស្លាប់​ពិត​ជា​ការចាំបាច់​ជា​អាទិភាព​មែន​"​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។