ក្រសួងការបរទេស ប្រកាស​ពី​ការជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ ៣ នាក់ ពី​ចិន និង​ម៉ាឡេស៊ី

ភ្នំពេញ: លោក ជុំ​សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាស នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ បានប្រកាស​ពី​ការជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ ៣ នាក់ ក្នុងនោះ ២ នាក់​មកពី​ចិន និង​ម្នាក់ មកពី​ម៉ាឡេស៊ី​។​

​សេចក្តីប្រកាស លើកឡើងថា ១-​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី ខ្មែរ ០១​នាក់ ឈ្មោះ គីម នី អាយុ ៣៧ ឆ្នាំ នៅ​ភូមិ​ព្រែក​ហូរ ស្រុក​តាខ្មៅ ខេត្តកណ្តាល ដែល​បាន​ទៅធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៤ តាមរយៈ​ក្រុមហ៊ុន (​មិន​ស្គាល់ឈ្មោះ​) ដោយ​រថយន្ត​ឆ្លងកាត់​ប្រទេស​ថៃ​។

​ពល​ការិនី​រូបនេះ បាន​ជូ​ប​ប្រទះ​ការលំបាក​ក្នុង​ការងារ ហើយ​បានមក​ស្ថានទូត កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥ ស្នើសុំ​ស្ថានទូត​ជួយ​ទាមទារ​ប្រាក់ខែ ដែល​ថៅកែ​ពុំទាន់​បើក​អោយ និង​សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។​

​តាម​ការទាមទារ​រប​ស់​ស្ថានទូត ថៅកែ​បាន​យល់ព្រម​សង​ប្រាក់ខែ​ជូន​ពល​ការិនី គីម នី​។​ ​កំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ហូបចុក​ជូន​ដល់​ពល​ការិនី​រូបនេះ ។​

​ពល​ការិនី គីម នី នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ៧:៥០ នាទី​ព្រឹក តាម​ជើងយន្តហោះ AK ៥៣៦​។​

២- ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​សហការ​ជាមួយ អាជ្ញាធរ​ប៉ូលីស​ទីក្រុង​សៀង​ហៃ អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​រងគ្រោះ​ចំនួន​០២​នាក់ ដែល​ត្រូវបាន មេខ្យល់​បោក​នាំយកទៅ​រស់នៅ​ខេត្ត​ជាំ​ង​ស៊ី ប្រទេស​ចិន  ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។​

 ស្ត្រី​ខ្មែរ​រងគ្រោះ​ទាំង​០២ នាក់ មានឈ្មោះ​៖
- ងឹ​ម ចិន្ដា អាយុ ២៧​ឆ្នាំ ទីកន្លែង​កំណើត​នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ  បាន​ទៅ ប្រទេស​ចិន​ដោយ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៥​។​ស្ត្រី​រូបនេះ​មិនទាន់បាន​រៀប​អាពាហ៍ពិពាហ៍​នៅឡើយ​ទេ​។​

- សុ​ត ច​ន្នី អាយុ ២៣​ឆ្នាំ ទីកន្លែង​កំណើត នៅ​ចោមចៅ រាជធានី​ភ្នំពេញ បាន​ទៅ ប្រទេស​ចិន កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៣​។ ស្ត្រី​រូបនេះ​ត្រូវបាន​ប្តី​វាយ​ធ្វើបាប និង រំលោភបំពាន ។​

​កំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថាន​អគ្គ​កុងស៊ុល​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ហូបចុក​ជូន​ដល់​ស្ត្រី​ខ្មែរ​ទាំង​០២​នាក់ នេះ ។​

​ស្ត្រី​ខ្មែរ​រងគ្រោះ​ទាំង​០២ នាក់ ខាងលើ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ២៣:០០ នាទី​យប់ តាម​ជើងយន្តហោះ MU 759​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​និង​ស្ថាន​ឯកអគ្គរាជទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី និង​ស្ត្រី​ខ្មែរ​រងគ្រោះ គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៥ រហូតដល់​បច្ចុប្បន្ន (​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ ២០១៥) បាន​ចំនួន​៖
-​ស្ដ្រី​រងគ្រោះ ៨២​នាក់ ដែល​បាន​ចាញ់បោក​មេខ្យល់​នាំយកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​។​

-​ពល​ការិនី​រងគ្រោះ ៣៩​នាក់  ដែល​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​ក្រុមហ៊ុន និង​តាមរយៈ​មេខ្យល់​៕​