លោក មាស មុត ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ក្នុង​សំណុំរឿង​០០៣

​នៅ​ថ្ងៃទី​១៤​ខែធ្នូ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បានដាក់ លោក មាស មុត អតីត​មេ​ទា​ហ៊ាន​ជើង​ទឹក​ក្នុង​របប​ខ្មែរក្រហម ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​ឧក្រិដ្ឋ​ដែល​បាន​ចោទប្រកាន់​ក្នុង​សំណុំរឿង​០០៣ ។

​ក្នុង​សំណុំរឿង​០០៣ លោក មាស មុត រង​ការចោទប្រកាន់​ពីបទ​មនុស្សឃាត ការសម្លាប់​រង្គាល ការធ្វើ​ឲ្យ​ទៅជា​ទាសករ ការដាក់​ក្នុង​មន្ទីរឃុំឃាំង ការ​ធ្វើទុក្ខបុកម្នេញ និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត​នៅ​មន្ទីរ​សន្តិសុខ​វត្ត​ឥន្ទ​ញាណ កំពង់សោម ក្រេះ និង​មន្ទីរ​សន្តិសុខ​ស​-២១ និង​បាន​ប្រព្រឹត្ត​លើ​ជនជាតិ​វៀតណាម ថៃ និង​បរទេស​ផ្សេងទៀត​នៅ​ដែនសមុទ្រ និង​នៅលើ​កោះ នា​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ រួមទាំង​អំពើ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺ​ណែវ ឆ្នាំ​១៩៤៩ ។

​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម ការបង្ហាញ​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​របស់ លោក​មាស មុត បានធ្វើ​ឲ្យ​បទ​ចោទ​មួយចំនួន​នៅក្នុង​ដីកា​សម្រេច​ចុះ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ ២០១៥ ដែល​ដាក់​គាត់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ដោយ​កំបាំងមុខ​ត្រូវបាន​លុបចោល ហើយ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ និង​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ចុះ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥ ក៏​លែងមាន​សុពលភាព​ដែរ​។ លោក បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សំណុំរឿង​០០៣ កំពុងស្ថិត​នៅក្នុង​សហ​ចៅក្រម​ស៊ើបអង្កេត ហើយ​ដំណើរការ​នៃ​ការស៊ើបអង្កេត​នេះ គ្រោង​នឹង​បិទ​បញ្ចប់​នៅក្នុង​អំឡុង​ឆ្នាំ​២០១៦​ខាងមុខ ហើយ​សហ​ចៅក្រម​ស៊ើបអង្កេត នឹង​ចេញ​ដីការ​ដំណោះស្រាយ​ចុងក្រោយ នៅក្នុង​សំណុំរឿង​០០៣​នេះ​។​

​សូមបញ្ជាក់ថា ជនសង្ស័យ​ក្នុង​សំណុំរឿង​០០៣ មាន​២​នាក់ គឺ​លោក មាស មុត ជា​មេបញ្ជាការ​កងទ័ពជើងទឹក និង​លោក ស៊ូ មេ​ត មេបញ្ជាការ​កងទ័ពអាកាស បានទទួល​មរណភាព​ហើយ កាលពី​ឆ្នាំ​២០១២ ។ សំណុំរឿង​០០៣ ជា​សំណុំរឿង​ដ៏​ចម្រូងចម្រាស​ខ្លាំង រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​អង្គការសហប្រជាជាតិ ដែលជា​ភាគី​បង្កើត​តុលាការ​ពិសេស​កូនកាត់​នេះ​។ រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​មិន​ចង់ឃើញ​ការកាត់ទោស​លើសពី​សំណុំរឿង​០០២ ដែល​កំពុងតែ​ដំណើរ​សវនាការ​នេះឡើយ​៕