ជប៉ុន​និង​អឺរ៉ុប ផ្តល់​ទាំង​អ្នកជំនាញ​និង​ថវិកា ដល់គ​.​ជ​.​ប ដើម្បី​អប់រំ​ពលរដ្ឋ​ពី​ការបោះឆ្នោត​

​ជប៉ុន​និង​សភាព​អឺរ៉ុប​នឹង​ផ្តល់​អ្នកជំនាញ​និង​ជំនួយ​ជា​ថវិកា ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ដំណើរការ​នៃ​ការអប់រំ​ពី​ការបោះឆ្នោត​ដល់​ប្រជា​ជា​ពលរដ្ឋ​កម្ពុជា​។ ដើម្បី​ធានាថា ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​ប្រក្រតី គ​.​ជ​.​ប ចាំបាច់​ត្រូវ​អប់រំ​ប្រជាជន​ពី​នីតិវិធី​នៃ​ការបោះឆ្នោត រួមទាំង​កា​រត​ព្វ​កិច្ច​របស់ខ្លួន ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប​។

​លោក ហង្ស ពុទ្ធា មិនទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ថា «​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការអប់រំ​សាធារណជន​» នឹងត្រូវ​បង្កើតជា​ផ្លូវ​នៅពេលណា​នោះទេ​។ រូបលោក គ្រាន់តែ​អះអាងថា គ​.​ជ​.​ប នឹង​បង្កើត​គណៈកម្មការ​នេះ​ឡើង ដោយមាន​ការឧបត្ថម្ភ​ពី​ភាគី​ជប៉ុន​និង​សភាព​អឺរ៉ុប ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​យល់ដឹង​ពី​លទ្ធិប្រជាធិបតេយ្យ នីតិវិធី​នៃ​ការចុះឈ្មោះ​និង​ការបោះឆ្នោត កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ច្បាប់​ផ្សេងៗ​ទៀត ទាក់ទង​នឹង​ការបោះឆ្នោត​។

​អ្នកនាំពាក្យ​រូបនេះ​សង្កត់ធ្ងន់ៗ​ថា​៖«​ការបង្កើត​គណៈកម្មកា​រ​នេះ គឺជា​បេសកកម្ម និង​ទស្សនវិស័យ​វាយ​ឆ្ងាយ​របស់ គ​.​ជ​.​ប ដើម្បី​អប់រំ​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​ពី​សិទ្ធិ កាតព្វកិច្ច និង​នីតិវិធី​នៃ​ការបោះឆ្នោត​។ ឲ្យ​តែ​ប្រជាពលរដ្ឋ​ទទួលបាន​ការអប់រំ ពេលនោះ​ពួកគាត់​នឹង​ដឹង​ពី​សិទ្ធិ​និង​កាតព្វកិច្ច​របស់ខ្លួន ទាក់ទង​នឹង​ការបោះឆ្នោត ហើយក៏​អាច​កាត់បន្ថយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ផងដែរ​»​។​

​លោក ហង្ស ពុទ្ធា បន្ថែមទៀតថា «​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការអប់រំ​សាធារណជន​»​នេះ នឹង​ទទួល​ការជួយជ្រោមជ្រែង​ពី​ភាគី​ជប៉ុន​និង​អឺរ៉ុប ទាំង​ថវិកា និង​អ្នកជំនាញ​ខាង​បោះឆ្នោត​។ ប្រតិបត្តិការ​នៃ​ការអប់រំ​ប្រជាពលរដ្ឋ​នេះ នឹង​ចាប់ផ្តើម​នៅពេល​ខាងមុខ ក្នុង​អាណត្តិ​ទី​៦ នា​ឆ្នាំ​២០១៨ នេះ​៕