ចិន​ក្តៅក្រហាយ ព្រោះ​អាមេរិក​ត្រៀម​សម្រេច​បញ្ជូន​នាវាចម្បាំង​ឲ្យ​តៃវ៉ាន់

​រដ្ឋាភិបាល​អាមេរិក នឹង​អាច​សម្រេច​ចុងក្រោយ​លើ​គម្រោង​លក់​នាវាចម្បាំង​ចំនួន​ពីរ​គ្រឿង​ទៅ​ឲ្យ តៃវ៉ាន់​ក្នុង​សប្តាហ៍​នេះ​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចង់​បញ្ជូន​អាវុធ​ឲ្យ​តៃវ៉ាន់ ឲ្យ​បាន​មុនពេល​ផុត​អាណត្តិ ហើយ​ណាមួយ​ផែនការ​នេះ​ត្រូវ​ពន្យារពេល​អស់​មួយឆ្នាំ​រួចទៅហើយ​ដែរ​។ តែ​បំណង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​នេះ​របស់​ក្រុង​វ៉ាស៊ីនតោន​នេះ បានធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹងសម្បារ​ជាខ្លាំង​ជាថ្មីទៀត​។ ចិន​ព្រមាន​ថា ទំនាក់ទំនង​ចិន​និង​អាមេរិក ដែល​កំពុងតែ​ល្អក់កករ​ស្រាប់​ដោយសារ​រឿង​ចោរ​អ៊ិន​ធឺ​ណែ​ត និង​ការ​លូកដៃ​យ៉ាងជ្រៅ​របស់​អាមេរិក​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង នឹង​កាន់តែ​អាក្រក់​ខ្លាំង​ថែមទៀត​។ 

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​សម្រេច​ចុងក្រោយ​នៅក្នុង​សប្តាហ៍​នេះ ជុំវិញ​ផែន​ការលក់​នាវាចម្បាំង​ទៅ​ឲ្យ​តៃវ៉ាន់​។ រដ្ឋបាល​អាមេរិក​អះអាងថា ការលក់​សព្វាវុធ​ឲ្យ​តៃវ៉ាន់​ធ្វើឡើង​ក្រោម​ក្របខណ្ឌ កិច្ចព្រមព្រៀង​ទំនាក់ទំនង​តៃវ៉ាន់​-​អាមេរិក ។ តាមពិតទៅ​ច្បាប់​បើកផ្លូវ​ឲ្យ​អាមេរិក​លក់​នាវា​ឲ្យ​តៃវ៉ាន់​ត្រូវ​សភា​អនុម័ត​តាំងពី​ខែធ្នូ​ឆ្នាំមុន​ម្ល៉េះ ហើយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចុះហត្ថលេខា​រួចរាល់​ហើយ​។ ប៉ុន្តែ​រដ្ឋបាល​លោក ត្រូវ​ផ្តល់ដំណឹង​ដល់​សភា​ទាំងពីរ​ជាន់ ជុំវិញ​ការសម្រេច​ចុងក្រោយ​នេះដែរ​។

​ការផ្ទេរ​នាវាចម្បាំង​ទៅឱ្យ​រដ្ឋាភិបាល​តៃប៉ិ​ក នឹង​ជួយ​ឲ្យ​ទឹកដី​នេះ​អាច​ពង្រឹង​វិស័យ​ការពារជាតិ​របស់ខ្លួន ហើយ​ក្រុង​វ៉ាស៊ីនតោន​ជានិច្ច​ជា​កាល​លើកឡើងថា ការជួយ​តៃវ៉ាន់​ពង្រឹងសមត្ថភាព​យោធា ក៏​ជួយ​រក្សា​សន្តិសុខ និង​ស្ថិរភាព​តំបន់​ដូចគ្នា​។   តៃវ៉ាន់​ចេញមុខ​កោតសរសើរ ក្រុង​វ៉ាស៊ីនតោន​ផងដែរ ជុំវិញ​ការលើកឡើង​ពី​គម្រោង​បញ្ជូន​នាវា​ពីរ​គ្រឿង​នេះ​ទៅ​ឲ្យ​ខ្លួន ប៉ុន្តែ​តៃវ៉ាន់​ត្រូវ​បង់លុយ​ឲ្យ​អាមេរិក ១៧៦​លាន​ដុល្លារ​អាមេរិក​ផងដែរ​។​នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 

១. ចិន​ក្តៅក្រហាយ​ជាថ្មី ពេលលឺ​រឿង​អា​មេ​រិល​បញ្ជូន​អាវុធ​ឲ្យ​តៃវ៉ាន់​
​គម្រោង​ប​ញ្ចូ​ន​សព្វាវុធ​ឲ្យ​តៃវ៉ាន់​នេះ បានក្លាយ​ជា​រឿង​ក្តៅក្រហាយ​មួយ​សម្រាប់​ក្រុង​ប៉េកាំង​ជាថ្មីទៀត​។ ការពន្យារពេល​បញ្ជូន​នាវា​កន្លងមក ធ្វើ​ឲ្យ​ចិន​សប្បាយចិត្ត​ខ្លះ​ដែរ ហើយ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ចិន​និង​អាមេរិក​ក៏​ស្រាប់តែ​ត្រូវរ៉ូវ​គ្នា​ខ្លាំង​ដែរ​ដោយ​សហ​ការរក​ដំណោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ សូម្បី ស៊ី ជិន​ពីង ក៏​ទូរ​សព្ទ​ទៅ​លោក អូ​បា​ម៉ា  ដើម្បី​ជំរុញ​ឲ្យ​មានការ​សហការគ្នា​អនុវត្ត​កិច្ចព្រមព្រៀង​នេះដែរ​។

​យ៉ាងណាមិញ គេ​ត្រូវ​ដឹងថា ទំនាក់ទំនង​ទ្វេភាគី របស់​មហាអំណាច​ទាំងពីរ​នេះ មិនមែន​ល្អប្រសើរ​ឯណា​។​ម្យ៉ាង គម្រោង​ផ្គត់ផ្គង់​នាវាចម្បាំង​ឲ្យ​តៃវ៉ាន់​លើក​នេះ មិនមែនជា​រឿង​សាមញ្ញ​ដែរ​។ ការ​ប្រឡូក​ចូលក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​ការទាស់ទែង​គ្នា​រឿង​ចោរ​អ៊ិន​ធឺ​ណែ​ត បានធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក​និង​ចិន​ល្អក់កករ​ខ្លាំង​រួចទៅហើយ​។  សកម្មភាព​ថ្មី​របស់​ក្រុង​វ៉ាស៊ីនតោន​ដែល​ធ្វើ​ឲ្យ​ចិន​ខឹង​គឺ ការពង្រាយ​យន្តហោះ​ឈ្លបយកការណ៍​ទៅកាន់​រដ្ឋ​អាស៊ាន​នេះ​តែម្តង​។

​ម្សិលមិញ គេ​ឃើញ អ្នកនាំពាក្យ​ទូត​ចិន​ប្រចាំ​នៅ​អាមេរិក បានស្នើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ប្តូរ​ជំហរ ឈប់​លក់​អាវុធ​ឲ្យ​តៃវ៉ាន់  ដើម្បី​ការពារ​កុំ​ឲ្យ​ចំណង​ការទូត​និង​ពាណិជ្ជកម្ម​ទ្វេភាគី​ជួប​បញ្ហា​ចម្រូងចម្រាស​។​តែ​អាមេរិក​បាន​បកស្រាយ​ថា ការបញ្ជូន​សព្វាវុធ​ឲ្យ​ក្រុង​តៃប៉ិ​ក​នេះ គ្រាន់តែ​ជួយ​ពង្រឹង​សន្តិសុខ​តំបន់​ហើយ​អាមេរិក​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចិន​ឡើយ​។    

២.​តៃវ៉ាន់​កន្លងមក​អន់ចិត្ត​ក្រុង​វ៉ាស៊ីនតោន ហើយ​ងាក​មក​ផលិត​អាវុធ​ខ្លួនឯង
 យ៉ាងណាមិញ កន្លងមកនេះ​ការ​យឺតយូរ​និង​ស្ទាក់ស្ទើរ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់  បាន​បង្ខំ​ឲ្យ​តៃវ៉ាន់​ងាក​មក​ផលិត​អាវុធ​ក្នុងស្រុក​រួមទាំង​នាវាចម្បាំង​និង​នាវាមុជទឹក​ផងដែរ​កន្លងមក​។  កាលពី​ចុងឆ្នាំ ២០១៤ រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ក បានសម្រេច​ដាក់ចេញ​គម្រោង​ផលិត​នាវាមុជទឹក ប៉ុន្តែ​ដោយសារ​កង្វះខាត​បច្ចេក​វិទ្យា​និង​ចំណាយលុយ​ច្រើនពេក​ទើបបានជា​គម្រោង​នេះ​ពិបាក​សម្រេច​ជោគជ័យ​។

​ហើយ​កាលពី​មិថុនា​កន្លងមក តៃវ៉ាន់​ក៏បាន បង្ហាញ​នាវាចម្បាំង​ពីរ​គ្រឿង​ដែរ ដែល​ខ្លួន​ផលិត​ខ្លួនឯង ក្នុង​គោលដៅ​ពង្រឹង​យុទ្ធសាស្ត្រ​យោធា និង​អំណាច​ការពារជាតិ​។ សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ បច្ចុប្បន្ន​តៃវ៉ាន់​មាន​នាវាមុជទឹក​ប្រហែលជា ៤​គ្រឿង ២​គ្រឿង​ទិញ​ពី​ហូ​ឡង់​ក្នុង​ឆ្នាំ ១៩៨០ និង​២​គ្រឿង​ទៀត​នាំចូល​ពី​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​១៩៧៣ ។  ប៉ុន្តែ​អាវុធ​ទាំងនេះ​ទំនងជា​ចាស់​ណាស់​ហើយ​បើ​ប្រៀបធៀប​នឹង​នាវា​របស់​មហា​យក្ស​ចិន​។ នាវាមុជទឹក​ចាស់ៗ​ទាំងនោះ​មិនអាច​អនុញ្ញាតអោយ​តៃវ៉ាន់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​យោធា​បាន​នោះឡើយ ប្រសិនបើ​មាន​ករណី​វាយប្រហារ​ណាមួយ​កើតមានឡើង​ប្រឆាំង​តៃវ៉ាន់​នោះ​។

​ដោយឡែក ក្រៅពី​អាមេរិក គេ​មើលឃើញ​ប្រទេសមួយ​ចំនួន​ដែល​កំពុង​បន្ត​ផលិត​នាវាមុជទឹក​ដែល​ស្របតាម​តម្រូវការ​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ក​។  ជា​ឧទាហរណ៍​ប្រទេស​ជប៉ុន អាល្លឺម៉ង់ អេ​ស្ប៉ា​ញ ហូ​ឡង់ ប៉ុន្តែ​តៃវ៉ាន់​មិនអាច​នាំចូល​ពី​បណ្តា​ប្រទេស​ទាំង​នោះបាន​។ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​ដូចជា​អេ​ស្ប៉ា​ញ អាល្លឺម៉ង់ សុទ្ធ​តែមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជិតស្និទ្ធ​ជាមួយ​មហា​យក្ស​ចិន​។ ដូច្នេះ​ពួកគេ មិន​ហ៊ាន​ធ្វើអោយ​ចិន​ទើសចិត្ត ដោយ​លក់​នាវាមុជទឹក​ទៅអោយ​តៃវ៉ាន់​ដើម្បី​ពង្រឹងកម្លាំង​យោធា​ឡើយ​។ គ្រាន់​កាល​ឆ្នាំ ១៩៨០​នៅពេលដែល​ហូ​ឡង់​លក់​នាវាមុជទឹក​ទៅអោយ​តៃវ៉ាន់​ក៏បាន​ធ្វើអោយ​ចិន​ខឹងសម្បារ​ខ្លាំង​ផងដែរ​៕