កំណែទម្រង់​វិធី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​អាច​ជួយ​សង្រ្គោះ​ជីវិត​ និង​ជួយ​សន្សំ​ថវិកា

កំណែទម្រង់​វិធី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​អាច​ជួយ​សង្រ្គោះ​ជីវិត​ និង​ជួយ​សន្សំ​ថវិកា

ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ក្រុង Diyarbakir ប្រទេស​តួកគី។ កំណែទម្រង់​វិធី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​អាច​ជួយ​សង្រ្គោះ​ជីវិត​ និង​ជួយ​សន្សំ​ថវិកា។យោង​តាម​របាយការណ៍​ថ្មី​មួយ​ លុយ​រាប់លាន​ដុល្លារ​អាច​ត្រូវ​បាន​​សន្សំ ហើយ​ជីវិត​មនុស្ស​រាប់ពាន់​នាក់​អាច​នឹង​ត្រូវ​បាន​ជួយ​សង្រ្គោះ​ ដោយ​ការ​កែទម្រង់​វិធី​ផ្តល់​ថាមពល​អគ្គិសនី​នៅ​ជំរុំ​ជន​ភៀសខ្លួន។​ ឡុងដ៍—

យោង​តាម​របាយការណ៍​ថ្មី​មួយ​ លុយ​រាប់លាន​ដុល្លារ​អាច​ត្រូវ​បានសន្សំ ហើយ​ជីវិត​មនុស្ស​រាប់ពាន់​នាក់​អាច​នឹង​ត្រូវ​បាន​ជួយ​សង្រ្គោះ​ ដោយ​ការ​កែទម្រង់​វិធី​ផ្តល់​ថាមពល​អគ្គិសនី​នៅ​ជំរុំ​ជន​ភៀសខ្លួន។​ ក្រុម​អ្នក​ស្រាវជ្រាវ​មាន​បំណង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​វិស័យឯកជន​នៅ​ក្នុង​នាំ​យក​បច្ចេកវិទ្យា​ថ្មីៗ​ ទៅ​ឲ្យ​មនុស្ស​ដែល​ត្រូវ​ការ​ចាំបាច់​បំផុត​នៅ​លើពិភពលោក។

ការ​បាត់​បង់​ទី​ជម្រក​របស់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។​ យោង​តាម​អង្គការ​សហប្រជាជាតិ​ មនុស្ស​ចំនួន​៥៩,៥​លាន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។

ជំរុំ​ជន​ភៀស​ខ្លួន​កំពុង​តែ​កើន​ឡើង​ ហើយ​ធនធាន​ដើម្បី រក្សា​ដំណើរ​ការ​នៃ​ជំរុំ​ទាំង​នោះ​តែងតែ​ខ្វះខាត។

ស្ថាប័ន​ដែល​ទើប​បង្កើត​ថ្មី​មួយ​ឈ្មោះ​ស្ថាប័ន​ផ្តួចផ្តើម​ថាមពល​ចល័ត​ (Moving Energy Initiative) ដែល​ជា​ការ​សហការ​រវាង​បណ្តា​អង្គការ​មនុស្សធម៌​នោះ​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​កែទម្រង់​លើ​របៀប​ប្រើប្រាស់​ និង​ផ្គត់ផ្គង់​ថាមពល​នៅ​ក្នុង​ជំរុំ​ទាំង​នោះ។​ នាង Glada Lahn មក​ពីវិទ្យាស្ថាន​គោលនយោបាយ​ឯករាជ្យ​ឈ្មោះ​ថា Chatham House ដែល​ជា​ផ្នែក​នៃ​ស្ថាប័ន​ផ្តួចផ្តើម​ថាមពល​នេះ។ នាង​បាន​និយាយ​ថា៖

«យើង​ជឿ​ថា​មាន​ឱកាស​យ៉ាង​ធំ​មួយ​ក្នុង​ការ​កែប្រែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ទាំង​ជីវិត ​និង​ការ​រស់នៅ​របស់​ប្រជាជន​ងាយ​រងគ្រោះ​ទាំងនេះ​ ហើយ​ក៏​អាច​ជួយ​សន្សំ​លុយ​នៅ​ក្នុង​រយៈពេល​វែង​បាន​ផង​ដែរ»។

ការ​បង់​ថ្លៃ​អគ្គិសនី​នាពេល​ថ្មីៗ​នេះ​ សម្រាប់​ជំរុំ​ Zaatari របស់​ប្រទេស​ហ្ស៊កដានី ​នៅ​ព្រំដែន​ប្រទេស​ស៊ីរី​មាន​ចំនួន​ដល់​ទៅ៨,៧​លាន​ដុល្លារ​ ដែល​នេះ​បាន​ធ្វើ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​កាត់​ផ្តាច់​ជំនួយ​ដែល​មិន​បាន​គ្រោង​ទុក។

​ប៉ុន្តែ​ មនុស្ស​ចំនួន​៩០​ភាគរយ​ ដែល​រស់នៅ​ក្នុង​ជំរុំ​ទាំង​នោះ​ មិន​មាន​អគ្គិសនី​ប្រើ​ប្រាស់​ទេ ​មនុស្ស​៨០​ភាគរយ​ពឹង​ផ្អែក​លើ​ការប្រើ​អុស​ដើម្បី​ចម្អិន​អាហារ។

នាង Glada Lahn និយាយ​ថា៖ «ឧទាហរណ៍​ដូចជា​ការ​ផ្តល់​ចង្រ្កាន​បន្ថែម​ និង​ផ្តល់​ចង្កៀង​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ​ ឲ្យ​បាន​គ្រប់គ្រាន់​ អាច​ឲ្យ​យើង​សន្សំ​បាន​ប្រមាណ​៣២៣​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ចំនួន​នេះ​អាច​ទូទាត់​នឹង​ចំនួន​វិនិយោគ​ដំបូង​បាន​យ៉ាង​រហ័ស។​ មាន​ដំណោះស្រាយ​ប្រសើរ​ជាង​នេះ​ច្រើន​ទៀត​ នៅពេល​យើង​ចាប់ផ្តើម​ដាក់​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ ឬ​ប្រព័ន្ធ​បន្ទះ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ (solar hybrid mini-grids) និង​ប្រភេទ​ថាមពលផ្សេង​ទៀត​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន»។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ មាន​ជន​ភៀស​ខ្លួន​ប្រមាណ​២០.០០០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​រៀង​រាល់​ឆ្នាំ​ ដោយសារ​ការ​បំពុល​ពី​ភ្លើង​ចម្អិន​អាហារ​ក្នុង​ផ្ទះ។

ការ​រក​គ្រឿង​ចំហេះ​ក៏​អាច​ជា​គ្រោះថ្នាក់​ផងដែរ​ ជាពិសេស​សម្រាប់​ស្ត្រី​ភេទ។

នាង Glada Lahn បាន​បន្ថែម​ថា «ស្ត្រី​មិន​ចង់​ចេញ​ពី​តង់​ជំរុំ​ ឬ​ខ្ទម​ នៅពេល​យប់​ទេ ប្រសិនបើ​គ្មាន​ភ្លើង។ ប្រសិនបើ​ពួកគេ​ចេញ​ទៅ​ ពួកគេ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ និង​ការ​វាយ​ប្រហារ​ផង​ដែរ។​ យើង​បាន​ដឹង​ថា​ ករណី​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​ចំពោះ​ស្រ្តី​ និង​ក្មេង​ស្រី​ដែល​ចេញ​ពី​ជំរុំ​ទៅ​រក​អុស​ ហើយ​ត្រូវ​រង​គ្រោះថ្នាក់​ដោយ​ការ​ចាប់​រំលោភ​ និង​ហានិភ័យ​ផ្សេងៗ​ទៀត»។

នាង Lahn និយាយ​ថា​ បណ្តា​ប្រទេស​ម្ចាស់​ផ្ទះ​តែងតែ​ស្ទាក់ស្ទើរ​ក្នុង​ផ្តល់​កន្លែង​ផ្សេងៗ​ដែល​មាន​លក្ខណៈ​អចិន្ត្រៃយ៍។​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​ ការ​ប្រើ​បច្ចេកវិទ្យា​បៃតង​អាច​ជួយ​សង្រ្គោះ​ជីវិត​ និង​ធ្វើ​ឲ្យ​ស្តង់ដារ​រស់នៅ​ប្រសើរ​ឡើង​សម្រាប់​ជន​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​លើ​ពិភពលោក៕

ប្រែសម្រួល​ដោយ​ សើ​ សាយ្យាណា