ខណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ចុះ​បង្ក្រាប​ទីតាំង​បើក​ហ្គេ​ម​បាញ់​ត្រី

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​បាន​ចុះ​បង្ក្រាប​ល្បែង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង​ដែល​ទីតាំង​ផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​១៩២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី ថ្ងៃ​ទី​១៥ ធ្នូ ២០១៥ ដោយ​ធ្វើការ​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​បាន​២​ទូ​ផង​ដែរ ។

លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌទួលគោក ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ផ្ទាល់ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​លោក ឯក ឃុន​ឌឿ​ន អភិបាល​ខណ្ឌទួលគោក បាន​បញ្ជា​ឱ្យ​ចុះ​បង្ក្រាប​កន្លែង​លេងល្បែង​ស៊ីសង ដែល​មាន​ដូច​ជា ប្រភេទ​ហេ្គ​ម​បាញ់​ត្រី ហ្គេ​ម​បៀ ហ្គេ​ម​វាយ​ពុង រាល់ពេល​ចុះ​បង្ក្រាប​យើង​បាន​ដកហូត​ទូ​ហ្គេ​ម​ទាំងនោះ​យក​មក​កម្ទេច​ចោល ។

ក្រោយ​ពេល​បង្ក្រាប​បាន ទូ​ហ្គេ​ម​ទាំង​២​ទូ​នេះ ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ការ​វាយ​កម្ទេច​នៅ​ពេល​ក្រោយ ៕