ប្រជាពលរដ្ឋ​សម្រុក​កាប់​ទន្ទ្រានព្រៃ​ការពារ WWF ធ្វើ​ជន្លង់ម្រេច​លក់

ខេត្តមណ្ឌលគិរី ៖ ឈើ​ជន្លង់ម្រេច​រាប់​ម៉ឺន​ដើម​ត្រូវ​បាន​ប្រជាពលរដ្ឋ​កំពុង​សម្រុក​កាប់​ដឹក​ជញ្ជូន​ស្ទើរតែ​រាល់ថ្ងៃ​ចេញពី​តំបន់​ព្រៃ​ការពារ WWF សម្រាប់​ធ្វើការ​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​ចំការ​ម្រេច​មួយ​នៅ​ក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ។

យោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ចូល​កាប់​ទន្ទ្រាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ WWF បាន​កើតឡើង​រយៈពេល​មួយ​ខែ​មក​ហើយ ដោយសារ​តែ​ក្រុមហ៊ុន​ចំការ​ម្រេច​បាន​ប្រកាស​ទិញ​ឈើ​ជន្លង់ម្រេច ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុកចូល​ទៅ​កាន់​តំបន់​ព្រៃ​ការពារ​កាប់​ឈើ​ប្រភេទ​ផ្ចឹក​រហូត​ទៅ​ដល់​រាប់​ម៉ឺន​ដើម និង​ធ្វើការ​ដឹក​ជញ្ជូន​ចូល​ទៅ​កាន់​ក្រុមហ៊ុន​តាម​រយៈ​រថយន្ត​កែ​ច្នៃ ឬ​ត្រាក់ទ័រ​រាប់​សិប​គ្រឿង ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចំការ​ម្រេច​មួយ​នេះ​ទើបតែ​មក​ទិញ​ដី​នៅ​តំបន់​ពូ​ជ្រៃ​នេះ​ ហើយ​គេ​មាន​គម្រោង​នឹង​ធ្វើការ​ដាំ​ម្រេច​រហូត​ទៅ​ដល់​៥០០​ហិ​កតា ។

ចំពោះ​ការ​សម្រុកចូល​កាប់​ទន្ទ្រានព្រៃ​នៅ​តំបន់​អភិរក្ស​ដើម្បី​ធ្វើ​ជន្លង់ម្រេច​លក់​ឲ្យ​ក្រុមហ៊ុន​ចំការ​ម្រេច​នេះ លោក ឡុ​ង ប៊ុ​ង ប្រធាន​ព្រៃ​ការពារ WWF បាន​ថ្លែង​ថា លោក​នឹង​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​មើល ៕