ភ្ញាក់​ព្រឹក​ឡើង​ចេញ​ទៅ​ក្រៅ​ផ្ទះ ប្រទះ​អន្លង់​ជម្រៅ​ជាង​៤៤ម៉ែត្រ!

អន្លង់ជម្រៅជាង៤៤ម៉ែត្រ បានបង្កភាពតក់ស្លុតមិនស្ទើរ ដល់ម្ចាស់ផ្ទះមួយរូប នៅក្នុងសង្កាត់ «Beaune-Les-mines» នៃ​ក្រុង លីមូជ (Limoges)​ ប្រទេសបារាំង កាលពីចុងខែកន្លងទៅ។ ការភ័យតក់ស្លុត មានកាន់​តែ​ខ្លាំង នៅ​ពេល​ដែល​ម្ចាស់​ផ្ទះ បានដឹងថា ផ្ទះរបស់លោក សង់នៅពីលើប្រហោង​រ៉ែមាសដ៏ធំមួយ ដែលត្រូវបាន​ជីក តាំង​ពី​ទសវត្សន៍​ឆ្នាំ​៣០ និង​ត្រូវ​បាន​កាយ​លប់​វិញ​មិន​បាន​ជិត​ល្អ។
អន្លង់ជម្រៅជាង៤៤ម៉ែត្រ បានចាប់ទម្រង់ខ្លួនឡើង នៅក្នុងទីធ្លារបស់គេហដ្ឋានមួយ នៃទីក្រុងលីម៉ូជ ភាគកណ្ដាលនៃប្រទេសបារាំង។

តើមាននរណាម្នាក់ នឹកស្មានដល់ឬទេ? ភ្ញាក់ព្រឹកឡើង ចេញពីគេហដ្ឋាន ចុះទៅកាន់សួនច្បារក្រោយផ្ទះ ស្រាប់​តែប្រទះឃើញអន្លង់ រណ្ដៅដ៏ធំមួយ។ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅ ក្នុង​សង្កាត់ «Beaune-Les-mines» នៃក្រុង លីមូជ (Limoges)​ ភាគកណ្ដាលប្រទេសបារាំង។ ក្រុម​អ្នក​ជំនាញ​បារាំង បានអះអាងថា អន្លង់នោះ ជារណ្ដៅជីករករ៉ែមាស ដែលត្រូវបានគេធ្វើអាជីវកម្ម នៅឆ្នាំ១៩៣២។ នេះ​បើ​តាម​សេចក្ដីរាយការណ៍ របស់ទូរទស្សន៍រដ្ឋបារាំង ប៉ុស្ដ៍លេខ៣។

នៅមានស្លាកស្នាមជាច្រើន ដែលបង្ហាញពីសកម្មភាពជីករករ៉ែមាស ដូចជាអណ្ដូងមួយ សម្រាប់​ចុះទៅ​កាន់​រូង​ក្រោមដី ដែលត្រូវបានជីកខ្វាត់ខ្វែង នៅពេលនោះ។ បញ្ហាដែលបង្ក​ភាពភ័យបារម្ភ​កាន់តែខ្លាំង ទៅ​ដល់​បណ្ដា​ជន ដែលមានផ្ទះនៅក្នុងសង្កាត់ «Beaune-Les-mines» គឺរូងក្រោមដីមួយ បានស្ថិតនៅពីខាងក្រោម​ផ្ទះ​ពួក​គេ។ រូងនោះ មាន​ប្រវែង​បណ្ដោយ​១០០ម៉ែត្រ កំពស់២ម៉ែត្រ និងមានជម្រៅពីខាងលើ ប្រមាណ​ជា៤៤​ម៉ែត្រ។

បើពិនិត្យទៅលើអន្លង់ ដែលទើបស្រុតទៅ កាលពីថ្ងៃទី២១ ខែវិច្ឆិកានេះ គេហដ្ឋានផ្សេងៗ ដែលស្ថិតនៅពីលើ​រូងក្រោមដីដ៏វែងអន្លាយនេះ អាចនឹងទទួលវាសនា បាក់ស្រុតក្នុងថ្ងៃណាមួយដូចគ្នា។

ប៉ុន្តែក្រុមអ្នកជំនាញ បានផ្ដល់ដំណឹង ពីការស្រាវជ្រារបស់ពួកគេ ដល់អ្នកស្រុកនៅទីនោះថា ពួកគេមាន​ដំណោះ​ស្រាយ ផ្នែកបច្ចេកទេស ដើម្បីកាយបិត ឬរក្សាលំនឹង នៃគេហដ្ឋានរបស់អ្នកស្រុក កុំឲ្យបាក់ស្រុត​បាន។

ចំណែកឯសាលាក្រុង លីម៉ូជ វិញ បានដាក់ឲ្យអនុវត្តន៍ នូវវិធានការមួយចំនួន ដើម្បីការពារហេតុការណ៍នេះ ជាពិសេស នៅពេលសុំច្បាប់សាងសង់អ្វីមួយ នៅក្នុងតំបន់។ វិធានការនេះ នៅនឹងជាធរមាន ដរាបណា​ការ​គាំពារផ្នែកហនិភ័យ​ ទាក់ទងនឹងតំបន់អតីតរ៉ែ មិនទាន់ត្រូវបានបង្កើតឡើង ដោយរដ្ឋបារាំងទេនោះ។ យ៉ាង​ណា​ក៏ដោយ ក៏សាលាក្រុងមិនបានគ្រោង ក្នុងការជម្លៀសអ្នករស់នៅ ចេញពីសង្កាត់នេះទេ។

ក្នុងសប្ដាហ៍នេះ ការិយាល័យ ផ្នែកសិក្សាស្រាវជ្រាវ និងភូមិសាស្ត្ររ៉ែ (BRGM) របស់បារាំង និឹងធ្វើការ​សិក្សា​ឲ្យច្បាស់ អំពីអន្លង់ និងរូងក្រោមដីទាំងនោះ ដើម្បីឈានទៅធ្វើការបិតលប់ ឲ្យបានជិត និងមាំល្អ។ ប៉ុន្តែ​គេ​នៅ​មើល​ទៀត ថាតើនឹងមានអណ្ដូង និងរូងក្រោមដីប៉ុន្មានទៀត ដែលមាននៅក្នុងតំបន់នោះ ដើម្បីបញ្ជៀស​នូវ​ហេតុ​ការណ៍ បាក់ស្រុតដូចខាងលើនេះ៕