ឆមាស​ទី​១ ឆ្នាំ​២០១៥ រាជធានី​ភ្នំពេញ មាន​គម្រោង​សាងសង់​ចំនួន ៦៩៤​គម្រោង លើ​ផ្ទៃដី​សរុប ៤.២៤៤.២៩២ ម៉ែត្រក្រឡា​

ភ្នំពេញ: ​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៥ កន្លងទៅនេះ រាជធានី​ភ្នំពេញ​មាន​គម្រោង​សាងសង់​ចំនួន ៦៩៤​គម្រោង លើ​ផ្ទៃដី​សរុប ៤.២៤៤.២៩២ ម៉ែត្រក្រឡា សំណង់​បុរី​មាន​ចំនួន ១១០​កន្លែង និង​សំណង់​អគារ​ខ្ពស់ៗ ចំនួន ៦២៨ អគារ ដែលមាន​ទំហំ​វិនិយោគ ១.៤៤១.០១៧.១២៦,០០ $ ។​

​លោកប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៥ ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​តាំង​លក់​ព្រីស​ន៍​ផ្លា​ហ្សា ថា បច្ចុប្បន្ននេះ​សាលា​រាជធានី​ភ្នំពេញ​បាននិងកំពុង​ខិតខំ​ជំរុញ​ការអភិវឌ្ឍន៍ ដោយ​ផ្ដោត​សំខាន់​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ ដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធ​ប្រឡាយ​-​លូ បណ្ដាញ​ទឹកស្អាត បណ្តាញ​ចរន្ដអគ្គិសនី បណ្ដាញ​ទូរគមនាគមន៍ ការកែលម្អ និង​ពង្រីក​បន្ថែម​សួនច្បារ​សាធារណៈ ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស ជាដើម​។​ល​។ ទាំងនេះ​ជា​ធាតុ​ដែល​ទាក់ទាញ​វិនិយោគិន​ជាតិ​-​អន្ដរជាតិ ឲ្យ​មក​វិនិយោគ​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើនឡើង​។

​លោកប៉ា សុជាតិ​វង្ស  បាន​បន្តថា ទន្ទឹមនឹង​ការអភិវឌ្ឍន៍​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ រាជធានី​ភ្នំពេញ​របស់​យើង​ក៏​បាននិងកំពុង​ប្រែក្លាយ​មុខមាត់​ថ្មី ប្រកបដោយ​ភាព​ទាក់ទាញ​ជាមួយនឹង​ទីក្រុង​រណប អគារ​ពាណិជ្ជកម្ម សំណង់​បុរី ផ្ទះល្វែង អគារ​ស្នាក់នៅ​រួម សណ្ឋាគារ និង​ខុន​ដូ​ជាដើម​។
​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៥ កន្លងទៅនេះ រាជធានី​ភ្នំពេញ​មាន​គម្រោង​សាងសង់​ចំនួន ៦៩៤​គម្រោង លើ​ផ្ទៃដី​សរុប ៤.២៤៤.២៩២ ម៉ែត្រក្រឡា សំណង់​បុរី​មាន​ចំនួន ១១០​កន្លែង និង​សំណង់​អគារ​ខ្ពស់ៗ ចំនួន ៦២៨ អគារ ដែលមាន​ទំហំ​វិនិយោគ ១.៤៤១.០១៧.១២៦,០០ $ ក្នុងនោះ​ក៏មាន​ចំណែក​វិនិយោគ​របស់​មជ្ឈមណ្ឌល​ព្រីស​ន៍​ផ្លា​ហ្សា លើ​គម្រោង​អគារ​ស្នាក់នៅ​រួម ដែល​សម្ពោធ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​តាំង​លក់​នាពេលនេះ ។​

​លោក​អភិបាល បាន​លើកឡើងថា ការអភិវឌ្ឍន៍​ទាំងអស់នេះ អាច​ប្រព្រឹត្តទៅបាន​លុះត្រាតែ​កម្ពុជា មាន​សុខសន្ដិភាព​ពេញលេញ មាន​ស្ថេរភាព​នយោបាយ​ដូច​បច្ចុប្បន្ន ដែលជា​មូលដ្ឋានគ្រឹះ​សំខាន់បំផុត​ក្នុងការ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​៕​

ឆមាស​ទី​១ ឆ្នាំ​២០១៥ រាជធានី​ភ្នំពេញ មាន​គម្រោង​សាងសង់​ចំនួន ៦៩៤​គម្រោង លើ​ផ្ទៃដី​សរុប ៤.២៤៤.២៩២ ម៉ែត្រក្រឡា​

ឆមាស​ទី​១ ឆ្នាំ​២០១៥ រាជធានី​ភ្នំពេញ មាន​គម្រោង​សាងសង់​ចំនួន ៦៩៤​គម្រោង លើ​ផ្ទៃដី​សរុប ៤.២៤៤.២៩២ ម៉ែត្រក្រឡា​