ប្រតិភូ​រមណីយដ្ឋាន​ហ័ង​សាន​បំពេញ​ទស្សនកិច្ច​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌ និង​ទេសចរណ៍​

ភ្នំពេញ: ​គណៈប្រតិភូ​រមណីយដ្ឋាន​ហ័ង​សាន​(Huangshan) ខេត្ត​អាន​ហ៊ុយ (Anhui) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ លោក Chen Lei អនុប្រធាននាយកដ្ឋាន​ទេសចរណ៍​នៃ​ខេត្ត​អាន​ហួយ បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៤ និង​១៥ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌ និង​ទេសចរណ៍ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សាយ​ថា នៅ​ព្រឹក​ថ្ងៃទី​១៥ នេះ លោក សុខ សង្វារ អគ្គនាយករង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ដើម្បី​ទទួល​ជួប​ស្វាគមន៍ និង​ពិភាក្សា​ការងារ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រុម​ប្រតិភូ​នេះ នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ក្នុងជំនួប​ពិភាក្សា​ព្រឹក​មិញ​នេះ អ្នកជំនាញ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​បានធ្វើ​បទ​បង្ហាញ​ខ្លី ស្តីពី​សាវតារ​នៃ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ តម្លៃ​នៃ​បេតិកភណ្ឌ​អង្គរ និង​ការ​គ្រប់​ទេសចរណ៍​ក្នុង​រមណីយដ្ឋាន​អង្គរ​។ លោក សុខ សង្វារ ក៏​លើក​ផងដែរ​អំពី​ការផ្សព្វផ្សាយ​នូវ​ក្រម​ប្រតិបត្តិ​អង្គរ ដែល​ធ្វើឡើង​ក្នុងពេល​ថ្មីៗ​នេះ ដើម្បី​ថែរក្សា​នូវ​តម្លៃ​វប្បធម៌​នៃ​រមណីយដ្ឋាន​អង្គរ​។ កិច្ចពិភាក្សា​នេះ ក៏​ផ្តោត​ផងដែរ​ទៅលើ​ការពង្រីក​នូវ​ការផ្សព្វផ្សាយ​តំបន់​បេតិកភណ្ឌ​ទាំងពីរ ឲ្យ​បាន​ជ្រួតជ្រាប​ដល់​ពិភពលោក និង​ធ្វើ​ឲ្យ​តំបន់​បេតិកភណ្ឌ​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ​នឹង​គ្នា​ថែមទៀត​។​

​លោក Ye Zhengjun អនុ​លេខាធិការ​បក្ស​កុម្មុយនីស្ត និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​រមណីយដ្ឋាន​ហ័ង​សាន បាន​ថ្លែង​សរសើរ​នូវ​ភាព​អស្ចារ្យ​នៃ​រមណីយដ្ឋាន​អង្គរ និង​កិច្ចការ​អភិរក្ស​របស់​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​។ លោក​ថ្លែងថា តាមរយៈ​សំណង់​ប្រាសាទ និង​ទេសភាព​វប្បធម៌​ក្នុង​រមណីយដ្ឋាន​អង្គរ ពិតជា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​យូរលង់​របស់​កម្ពុជា ដែល​នៅតែ​បន្ត​រក្សា​ជាមួយនឹង​ប្រជាជន​ក្នុង​តំបន់​នេះ​។ កិច្ចការ​អភិរក្ស ជួសជុល​ក្នុង​តំបន់​អង្គរ ក៏​សុទ្ធតែ​ប្រើប្រាស់​បច្ចេកទេស​ត្រឹមត្រូវ គួរ​ឲ្យ​ស្ញើ​ច​សរសើរ​។​

​ជំនួប​លើក​នេះ​ជា​កិច្ចពិភាក្សា​បន្ថែមទៀត ដើម្បី​ឈានទៅដល់​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងពីរ​នាពេលខាងមុខ បន្ទាប់ពី​ក្រុម​ប្រតិភូ​អាជ្ញាធរ​ជាតិ​អប្សរា ដឹកនាំ​ដោយ​លោក សុខ សង្វារ បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​រមណីយដ្ឋាន​ហ័ង​សាន ប្រទេស​ចិន កាលពី​ខែសីហា ឆ្នាំ​២០១៥​កន្លងទៅ​៕

ប្រតិភូ​រមណីយដ្ឋាន​ហ័ង​សាន​បំពេញ​ទស្សនកិច្ច​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌ និង​ទេសចរណ៍​

ប្រតិភូ​រមណីយដ្ឋាន​ហ័ង​សាន​បំពេញ​ទស្សនកិច្ច​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌ និង​ទេសចរណ៍​

ប្រតិភូ​រមណីយដ្ឋាន​ហ័ង​សាន​បំពេញ​ទស្សនកិច្ច​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌ និង​ទេសចរណ៍​