អាជ្ញាធរ​ជាតិ​អប្សរា​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការកសាង​សមត្ថភាព​ភ្នាក់ងារ​សណ្តាប់ធ្នាប់​និង​អភិរក្ស​ព្រៃឈើ​

ភ្នំពេញ: មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​មួយ ស្តីពី​ការកសាង​សមត្ថភាព​ភ្នាក់ងារ​សណ្តាប់ធ្នាប់​និង​អភិរក្ស​ព្រៃឈើ ដល់​មន្ត្រី​បុគ្គលិក​ផ្ទៃក្នុង​ដែល​ពាក់ព័ន្ធ​ជាង​៤០​នាក់​ចាប់ពី​ថ្ងៃទី​១៤ ដល់​១៨ ខែធ្នូ ឆ្នាំ​២០១៥ ។​

​លោកស្រី ម៉ម វណ្ណ​រតន៍ ឧបការី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបន្ទុក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ និង​ជា​អ្នករៀបចំ​កម្មវិធី​បាន​ប្រាប់ថា នេះ​ជាវ​គ្គ​ទី​១​នៃ​វគ្គ​សិក្សា ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ឡើង ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​យល់ដឹង​រប​ស់​មន្ត្រី​បុគ្គលិក​ក្នុងការ​បំពេញភារកិច្ច​កន្លងមក​។ លើសពីនេះ​ទៀត ក៏​ដើម្បី​បង្កើន​សមត្ថភាព​មន្ត្រី​បុគ្គលិក​ឱ្យ​អនុវត្ត​ការងារ​បានល្អ​ប្រសើរ និង​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​កិច្ចការពារ​បេតិកភណ្ឌ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ លោកស្រី​បន្តថា ទាំងនេះ​ជាការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​ឱ្យមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រតិបត្តិការ​កា​រងារ ឱ្យ​ឆ្លើយតប​ទៅនឹង​ភារកិច្ច​ប្រចាំថ្ងៃ​ចំពោះ​មរតក​ខ្មែរ ក៏ដូចជា​ពិភពលោក​។​

​ចំពោះ​វគ្គ​សិក្សា​ខ្លី​នេះ​មាន​៨​ប្រធានបទ​ធំៗ​ដែល​ត្រូវ​យកមក​សិក្សា ដូចជា តួនាទី​និង​បេសកកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ​, ក្រម​ប្រតិបត្តិ​អង្គរ​, គោលការណ៍​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ បេតិកភណ្ឌ​ពិភពលោក​, គោលការណ៍​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​, កិច្ចការពារ​តំបន់​រមណីយដ្ឋាន​អង្គរ ស្តីពី​វិធានការ​រដ្ឋបាល​និង​វិធានការ​តុលាការ​ក្នុងការ​ទប់ស្កាត់​បទល្មើស​សាងសង់​, បែបបទ​តាក់​តែ​លិខិត​រដ្ឋបាល​និង​លិខិតបទដ្ឋាន​គតិយុត្ត​, វិធីសាស្ត្រ​ក្នុងការ​ទំនាក់ទំនង និង​ការអនុវត្ត​ទ្រឹស្តី​ការសង្គ្រោះ​បឋម ដែល​បង្រៀន​ដោយ​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មេធាវី​រាជរដ្ឋាភិបាល និង​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​។​

​នាយកដ្ឋាន​ដែល​ត្រូវ​ចូលរួម​ក្នុង​វគ្គ​សិក្សា​នេះ​មាន​ចំនួន​៥ គឺ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​និង​កិច្ចសហប្រតិបត្តិការ​, នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​, នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​, គណៈកម្មការ​អន្តរក្រសួង​បន្ត​ដោះស្រាយ​គោលនយោបាយ​ដីធ្លី បុរី​វប្បធម៌ ទេសចរណ៍ អង្គរ​សៀមរាប និង​នាយកដ្ឋាន​រដ្ឋបាល បុគ្គលិក និង​សម្ភារៈ​។ វគ្គ​សិក្សា​នេះ មាន​៤​វគ្គ ហើយ​៣​វគ្គ​ទៀត នឹងធ្វើ​នៅ​ខែមករា ឆ្នាំ​២០១៦​ខាងមុខនេះ​៕