លោក ហ៊ាង ឫទ្ធី បង្កើត​គណបក្ស​ថ្មី ក្រោយពី​បែកបាក់​ពី​លោក ម៉ម សូណង់ដូ​

​អតីត​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក ហ៊ាង ឫទ្ធី បាន​បង្កើត​បក្ស​ថ្មី​ឈ្មោះថា «​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ​» ក្រោយពី​ឈ្លោះទាស់ទែង​គ្នា​ជាមួយ​លោក ម៉ម សូណង់ដូ​។ ក្រសួងមហាផ្ទៃ ចេញ​លិខិត​ទទួលស្គាល់​នៅ​ថ្ងៃទី​៤ ខែធ្នូ បន្ទាប់ពី​លោក ហ៊ាង ឫទ្ធី បានដាក់​ពាក្យស្នើសុំ​បង្កើត​គណបក្ស​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា កន្លងមក​។​

«​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ​» បង្កើតឡើង​ដើម្បី​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ មិន​ថា​អ្នកមាន ឬ​អ្នកក្រ មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ និង​ទទួលបាន​ភាពយុត្តិធម៌​ដូចគ្នា​។​នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ាង ឫទ្ធី ដែល​អះអាងថា គណបក្ស​លោក​បង្កើតឡើង​មកនេះ ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ដទៃទៀត ជាពិសេស​គឺ​ដើម្បី​បំបាក់​អ្នក​ដែល​ពាក់​ស្បែ​កមុខ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​។​

​លោក ហ៊ាង ឫទ្ធី បន្ថែមថា គណបក្ស​លោក​ត្រូវបាន​ក្រសួងមហាផ្ទៃ ចេញ​លិខិត​ទទួលស្គាល់​នៅ​ថ្ងៃទី​៤ ខែធ្នូ បន្ទាប់ពី​លោក បានដាក់​ពាក្យស្នើសុំ​បង្កើត​គណបក្ស​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា​។​លោក ហ៊ាង ឫទ្ធី អះអាង​ទៀតថា គណបក្ស​លោក​បង្កើតឡើង​មកនេះ គ្មាន​អ្នកមានអំណាច ឫ​គណបក្សនយោបាយ​ណាមួយ​នៅ​ពីក្រោយ​នោះឡើយ​។

​អតីត​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រូបនេះ បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ គណបក្ស​លោក​មាន​សមាជិក សមាជិកា នៅតាម​បណ្ដា​ខេត្ត ក្រុង រាជធានី​ចំនួន​១០​ហើយ ដោយ​ពួកគេ​ទាំងនោះ​មកពី​គណបក្សនយោបាយ​នានា​។ បើតាម​លោក ហ៊ាង ឫទ្ធី គណបក្ស​លោក​នឹងធ្វើ​សមាជ​បក្ស​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​រៀបចំ​ដំណើរការ​បក្ស​ឲ្យ​បាន​ទាន់ពេលវេលា ក្នុងការ​ចូលរួម​បោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១៧ និង​បោះឆ្នោត​សកល​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា «​គណបក្ស​យុត្តិធម៌​ជាតិ​ខែ្មរ​» ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក ហ៊ាង ឫទ្ធី នៅពេលនេះ គឺ​បង្កើតឡើង​ក្រោយពី​លោក ឈ្លោះទាស់ទែង​គ្នា​ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។ អតីត​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រូបនេះ បាន​ចោទ លោក ម៉ម សូណង់ដូ ថា​អ្នកប្រជាធិបតេយ្យ​ក្លែងក្លាយ ពុករលួយ ដឹកនាំ​តាមរបៀប​ផ្ដាច់ការ និង​ស្ថិតក្រោម​បង្គាប់​គណបក្ស​កាន់អំណាច​។ ក្នុងការ​ទាស់ទែង​គ្នា​នោះដែរ លោក ហ៊ាង ឬ​ទ្ធី ក៏បាន​ប្ដឹង​តុលាការក្រុង​ភ្នំពេញ ឲ្យ​រំលាយ ឬ​បិទ​គណបក្ស​សំបុក​ឃ្មុំ​ចោល​ដែរ ប៉ុន្តែ​ត្រូវ​តុលាការ​បដិសេធ​៕