ជប៉ុន គ្រោង​ផ្តល់ជំនួយ​ជាង​២​សែន​ដុល្លារ អភិរក្ស​ព្រៃឈើ និង​ពង្រឹង​ធារាសាស្ត្រ​នៅ​កម្ពុជា​

រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ជំនួយឥតសំណង​ចំនួន​២៦៨,២៤៨​ដុល្លារ​អាមេរិក ដល់​ស្ថាប័ន ចំនួន​៣​នៅ​កម្ពុជា ដើម្បី​ពង្រឹង​ប្រព័ន្ធធារាសាស្ត្រ និង​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា​។ ទឹកប្រាក់​ជំនួយ​នេះ គឺ​ស្ថិតនៅក្រោម​ជំនួយ​ឧ​ត្ថ​ម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​)​របស់​រដ្ឋាភិបាល​ជប៉ុន​។​

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​១៥​ខែធ្នូ​នេះ ស្ថាប័ន​ដែល​នឹងត្រូវ​ទទួល​ថវិកា​ជំនួយ​នេះ​រួមមាន​៖

ទី​១
មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ ក្នុង​ទឹកប្រាក់​ចំនួន​៨៩,៧៧៥​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​អន្លង់​រូង ក្នុង​ខេត្តពោធិ៍សាត់​។​
ទី​២
មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រៃវែង ក្នុង​ទឹកប្រាក់​៨៩,៤២៣​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ស្តារឡើងវិញ​ប្រឡាយ​រង​ស្តៅ​។
និង​ទី​៣ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ ទឹកប្រាក់​ចំនួន​៨៩,០៥០​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់​ទីស្នាក់ការ​អភិរក្ស​តំបន់​ការពារ​ជួរ​ភ្នំ​ក្រវ៉ា​ញ ភាគ​កណ្តាល​ក្នុង​ខេត្តពោធិ៍សាត់​៕