អ្នក​កាន់​ម៉ាស៊ីន​កាណូត​ទេសចរណ៍​បរទេស​ម្នាក់​បាន​ដេកស្លាប់​នៅលើ​កាណូត​នៅពេល​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង​ឆ្ពោះទៅ​ខេត្តពោធិសាត់​

​ខេត្តកំពង់ឆ្នាំង​៖ អ្នក​កាន់​ម៉ាស៊ីន​របស់​កាណូត​ទេសចរណ៍​បរទេស ឈ្មោះ “​មេគង្គ​ដន​” ម្នាក់ បាន​ស្លាប់​ដេក​លើ​កាណូត នៅក្នុង​ចន្លោះ​ពី​ម៉ោង​១​មក​ម៉ោង ៦​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ទើប​មានការ​ភ្ញាក់ផ្អើល នៅ​ចំណុច​ភូមិ​កោះ​ឫស្សី ឃុំ​ប្រ​ឡា​មាស ស្រុក​កំពង់លែង ពេលដែល​ក្រុមការងារ​ជាមួយគ្នា បាន​ទៅ​បើក​មើល​ក្នុង​បន្ទប់ដេក ។​

​សមត្ថកិច្ច​បានអោយដឹង​ថា ក្រោយពី​អ្នក​កាន់​ម៉ាស៊ីន​កាណូត​ទេសចរណ៍​ខាងលើ​មាន​មនុស្ស​ស្លាប់ អ្នកគ្រប់គ្រង​កាណូត​ឈ្មោះ មេគង្គ ដន នេះ​បាន​ត្រឡប់មក​សំចត​នៅ មុខ​កំពង់ផែ​ទេសចរណ៍​ដើម​ពោធិ មុខ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​ទឹក ខេត្តកំពង់ឆ្នាំង ដើម្បី​សហការ​ជាមួយ មន្ត្រីនគរបាល​ជំនាញ​ខេត្ត ធ្វើ​កោសល្យ​ពី​ច្ច័​យ​លើ​សាកសព​បុរស​ខាងលើ ទៅតាម​និតិ​វិធី ។ #​សមត្ថកិច្ច​នគរបាល​ការិយាល័យ​បច្ចេកទេស​ខេត្ត ដែល​បាន​ចុះ​ធ្វើ​កោសល្យ​ពិ​ច្ច័​យ រួមទាំង​គ្រូ ពេទ្យ ផង បានអោយដឹងថា​៖ បុរសរងគ្រោះ​ដែល​ស្លាប់​លើ​កាណូត​ខាងលើ​មានឈ្មោះ ង្វៀង វ៉ាង​តឿ​ង អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ ខេត្ត​ឡុង​អាន ប្រទេស​វៀតណាម ។ មាន​តួនាទី​ជា​អ្នកមើល​ការខុស ត្រូវ ម៉ាស៊ីន ។

​សមត្ថកិច្ច​បាន​ស្រង់​សំដី​របស់​អ្នកដើរ​កាណូត​ដូចគ្នា បានអោយដឹងថា​៖ មុនពេល​កើតហេតុ​កាណូត ទេស ចរណ៍​ខាងលើ បានធ្វើ​ដំណើរ​ទៅ​ដឹក​ភ្ញៀវ​ទេសចរណ៍​បរទេស ពី​ក្រុងភ្នំពេញ​ទៅ​ចំណុច​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្តពោធិសាត់ ។​ពេលធ្វើ​ដំណើរ​តាមផ្លូវ បុរសរងគ្រោះ​បាន​ប្រាប់​មិត្ត​ភ័​ក្រ​ថា​៖ ចេះតែ​ពឺត​ក្បាល​ខ្លាំងណាស់ ហើយ​ក៏បាន​លេបថ្នាំ​ជាច្រើន​គ្រាប់ រួច​ក៏​ដេក​ទៅ ។ លុះ​នៅ​ម៉ោង​ជិត​១​យប់​មិត្ត​ភ័​ក្រ បានឃើញ នៅ​ដេក​ជាធម្មតា​ទេ ស្រាប់តែ​ព្រឹក​ឡើង​ម៉ោង​៦ ភ្លឺ បានឃើញ​បុរស​ជា​អ្នកមើល​ការខុស ត្រូវ​ម៉ាស៊ីន​កាណូត​នោះ​ស្លាប់​បាត់ទៅហើយ ទើប​អ្នកគ្រប់គ្រង​កប៉ាល់ បាន​បញ្ជា​អោយ​កប៉ាល់​ត្រឡប់មក​ខេត្តកំពង់ឆ្នាំង​វិញ ដើ​ម្ប​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល ខេត្តកំពង់ឆ្នាំង ធ្វើ​កោសល្យ​ពិ​ច្ច័​យ​តាម​ជំនាញ សម្រាប់​ផ្លូវច្បាប់​។ ​ ​

​ក្រោយ​ការធ្វើ​កោសល្យ​ពី​ច្ច័​យ សមត្ថកិច្ច​នគរបាល​បាន​សន្និដ្ឋានថា​៖ ជនរងគ្រោះ​ស្លាប់​ដោយ​ ​សារ​មាន​ជម្ងឺ​ប្រចាំកាយ ហើយ​បានប្រគល់​សព​បុរស ជា​យន្តការី​កាណូត​ទេសចរ​ណ៏​បរទេស​ខាងលើ ទៅ​ស្ត្រី​ឈ្មោះ​ឃុន ភារ​ម្យ អាយុ​៣៣​ឆ្នាំ ជា​អ្នកគ្រប់គ្រង​កាណូត​ទេសចរ​ណ៏​ខាងលើ យកទៅ​ប្រគល់ អោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​របស់គេ ៕ រិ​ទ្ធិ ជ័យ​

KA-15-12-2015-03 KA-15-12-2015-04 KA-15-12-2015-05 KA-15-12-2015-06 KA-15-12-2015-07 KA-15-12-2015-08