របាយការណ៍៖ អ្នកសារព័ត៌មាន អ៊ីរ៉ាក់២៩នាក់ ត្រូវសម្លាប់ ក្នុងឆ្នាំ២០១៥នេះ

បាដាដ៖ ក្នុងឆ្នាំ២០១៥នេះ មានអ្នកសារព័ត៌មាន ជនជាតិអ៊ីរ៉ាក់ សរុបចំនួន២៩នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងប្រទេសដែលកំពុង មានអំពើហិង្សាមួយនេះ ដោយក្នុងនោះភាគច្រើន ស្លាប់ដោយសារ ការប្រហារជីវិត ពីសំណាក់ពួកឧទ្ទាមរដ្ឋឥស្លាមISIS នេះបើយោងតាមការលើកឡើងរបស់អង្គភាព អ្នកសារព័ត៌មាន             ប្រចាំប្រទេស អ៊ីរ៉ាក់ ដកស្រង់ដោយសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

តួលេខនៃការស្លាប់ចុងក្រោយនេះ នាំឲ្យអ្នកសារព័ត៌មានសរុបចំនួន៤៣៥នាក់ ត្រូវបានគេសម្លាប់ ចាប់តាំងពីប្រទេស អ៊ីរ៉ាក់ មានការអន្តរាគមន៍ពីសំណាក់ កងកម្លាំងដឹកនាំដោយសហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០០៣កន្លងទៅនេះ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្ន អ្នកសារព័ត៌មានកំពុងមានក្តីភ័យខ្លាចជាខ្លាំង ដោយសារ ការប្រឈមមុខនឹងការងាយ រងគ្រោះពីការវាយប្រហារ បណ្តាលមកពីគ្មានច្បាប់ការពារ និងភាពព្រងើយ កន្តើយពីសំណាក់រដ្ឋាភិបាលទៅលើវិស័យសារព័ត៌មាន៕