អ៊ីរ៉ាក់ទាមទារ ឲ្យតួគីដកទ័ពចេញ ពីដែនដីរបស់ខ្លួន ជាថ្មីម្តងទៀត

បាដាដ៖ រដ្ឋាភិបាល អ៊ីរ៉ាក់ ជាថ្មីម្តងទៀត បានទាមទារឲ្យប្រទេស តួគី ដកទ័ពទាំងអស់ចេញពី ដែនដីរបស់ខ្លួន ដោយបញ្ជាក់ថា ប្រទេស តួគី ត្រូវតែគោរពដល់អធិបតេយ្យ ភាពរបស់រដ្ឋាភិបាលក្រុង បាដាដ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី អ៊ីរ៉ាក់លោក Haider al-Abadi បានធ្វើកិច្ចពិភាក្សាពី បញ្ហាភាពតានតឹងជាមួយប្រទេស តួគី ព្រមទាំងបានបញ្ជាក់ម្តងហើយម្តងទៀតថា ប្រទេស តួគីដែលជាប្រទេស ជិតខាងមួយនេះ ចាំបាច់ត្រូវតែឆ្លើយតបនឹងសំណើរបស់អ៊ីរ៉ាក់ ព្រមទាំងគោរព ដល់អធិបតេយ្យភាព របស់ប្រទេស អ៊ីរ៉ាក់។

សូមជម្រាបថាសេចក្តីថ្លែងការណ៍ជាថ្មីនេះ បានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពី ប្រទេស តួគី បានដកទ័ពមួយ ចំនួនរបស់ខ្លួនចេញពីជំរុំហ្វឹកហាត់ទ័ពBashiqah ក្បែរទីក្រុង Mosul ភាគខាងជើងប្រទេស អ៊ីរ៉ាក់ ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាមរដ្ឋឥស្លាម។

រដ្ឋាភិបាលក្រុង បាដាដ បានចោទប្រកាន់ថា ប្រទេស តួគី ថាបានបំពានលើគោលការណ៍ នៃរដ្ឋធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងបានបំពានទៅលើដែនអធិបតេយ្យភាពរបស់ខ្លួន។ ដោយឡែកប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានឆ្លើយតបថា វត្ថមានយោធាតួគី ក្នុងប្រទេស អ៊ីរ៉ាក់ គ្រាន់តែជាផ្នែកមួយ នៃបេសកកម្មផ្តល់ការហ្វឹកហាត់ដល់យោធាប៉ុណ្ណោះ៕