ជប៉ុន នឹង​ផលិត​រថភ្លើង​ល្បឿន​លឿន​ដំបូង​គេ ទៅ​ឲ្យ​ឥណ្ឌា

ប្រទេសជប៉ុន នឹងបញ្ជូនរថភ្លើង ដែលមានល្បឿនលឿន ដំបូងគេ ទៅឲ្យប្រទេសឥណ្ឌា។ នេះបើតាមការ​ប្រកាស របស់​នាយករដ្ឋមន្ត្រីឥណ្ឌា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីជប៉ុន កាលពីចុង​សប្ដាហ៍​ទៅ​នេះ។
ជប៉ុន នឹង​ផលិត​រថភ្លើង​ល្បឿន​លឿន​ដំបូង​គេ ទៅ​ឲ្យ​ឥណ្ឌា
រថភ្លើងល្បឿនលឿន របស់ជប៉ុន ហៅថា «Shinkansen» ដែលគ្រោងផលិត ទៅឲ្យប្រទេសឥណ្ឌា។ (រូបថតឯកសារ)

«គម្រោងរថភ្លើងល្បឿនលឿន នឹងបង្កើតនូវបដិវត្តន៍ នៅក្នុងវិស័យផ្លូវដែក របស់ប្រទេសឥណ្ឌា ហើយនឹង​ជួយ​រុញប្រទេសឥណ្ឌា ឲ្យមានដំណើរលឿនទៅកាន់អនាគត។  រឿងនេះ នឹងក្លាយជាចលករដ៏ពិតមួយ សម្រាប់​បម្រើឲ្យកំណែទម្រង់ នៃវិស័យសេដ្ឋកិច្ចឥណ្ឌា។» នេះជាការប្រកាស របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅបន្ទាប់ពីការជំនួនជជែកពិភាក្សាមួយ ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​ជប៉ុន។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសឥណ្ឌា បានអះអាង​នៅលើបណ្ដាញសង្គម​ទ្វីសធើរ ថារដ្ឋបុរសទាំងពីរ បានសម្រេចកំណត់យក នូវពិធីការរួមគ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យនុយក្លេអ៊ែរស៊ីវិល ប៉ុន្តែ​ចំណុច​លំអិត នៃពិធីការនេះ នឹងត្រូវជជែកគ្នាបញ្ចប់ នៅមុនវាក្លាយជាកិច្ចព្រមព្រៀង ដែល​មានហត្ថលេខា​រវាង​ប្រទេស​ទាំងពីរ។

មុននេះជាយូរមកហើយ ដែលរដ្ឋាភិបាលក្រុងតូក្យូ បានបដិសេធ មិនធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​ឥណ្ឌា នៅលើវិស័យនេះទេ ដោយសារប្រទេស នៅទ្វីបអាស៊ីខាងត្បូងមួយនេះ មិនទាន់បានផ្តល់សច្ចាប័ន លើ​សន្ធិសញ្ញាមិនរីកសាយអាវុធ។ ប៉ុន្តែទីក្រុង ញ៉ូដេល្លី និងទីក្រុងតូក្យូ ចង់យកឱកាស នៃទំនាក់ទំនងល្អ របស់​មេដឹកនាំ​ទាំងពីរ ដែលមានចរន្ដនយោបាយ​អភិរក្សនិយមដូចគ្នា ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន ដែល​ចេះ​តែ​រីក​ធំធាត់ នៅទ្វីបអាស៊ី។

ប្រទេសទាំងពីរ ក៏នឹងស្ម័គ្ររួមគ្នាសិក្សា ពីគម្រោងបច្ចេកវិទ្យា ក្នុងអនាគតមួយចំនួនទៀត ក្នុងវិស័យ​ការពារ​ជាតិ ដូចជាយន្ដហោះ​ជួយសង្គ្រោះ នៅលើទឹក ធុន «US-2» ជាដើម។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានថ្លែង​ឲ្យដឹងទៀតថា នៅឆ្នាំក្រោយ ប្រទេសឥណ្ឌានឹងសម្រួល​ផ្ដល់ទិដ្ឋការ នៃដំណើរមកដល់ ទៅឲ្យពលរដ្ឋ​ជប៉ុន។ លោក​បាន​សន្យាថា នឹងធ្វើទំនើបកម្ម ទៅលើវិស័យអាយស្ម័យាន របស់ប្រទេស ដែលរងការយឺតយ៉ាវ​ជាង​គេ ដោយ​សារ​មិនមានការវិនិយោគ ឲ្យបានធំដុំ។

លោក ស៊ិនហ្សូ អាប៊េ (Shinzō Abe) នាយករដ្ឋមន្ត្រីជប៉ុនវិញ បានថ្លែងឡើងថា៖ «នយោបាយសេដ្ឋកិច្ចរ​បស់​លោក ម៉ូឌី (នាយករដ្ឋមន្ត្រីឥណ្ឌា) ដូចជារថភ្លើងល្បឿនលឿន របស់ជប៉ុនអញ្ចឹងដែរ។ វាមាល្បឿន​លឿន រឹង​មាំ និងច្បាស់លាស់ ហើយអាចដឹកជញ្ជូនមនុស្ស បានចំនួនច្រើន។»

» អានអត្ថបទស្ដីពី «រថភ្លើងថ្មីរបស់ជប៉ុន មានល្បឿនដូចហោះ»

បើតាមអ្នកទទួលខុសត្រូវ ក្នុងរដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា គម្រោងរថភ្លើងល្បឿនលឿននេះ នឹង​ត្រូវ​ធ្វើ​នៅ​លើ​ចំងាយផ្លូវ ប្រមាណជា៥០៥គីឡូម៉ែត្រ ដែលភ្ជាប់ពីក្រុងប៊ុមប៊ៃ ទីកាន់ក្រុង អាមេដាបេដ (Ahmedabad)។ ថវិកា ដែលត្រូវចំណាយទៅលើគម្រោងនេះ មានទំហំដល់ទៅ ៩៨០កោដរូពី (ត្រូវជា ១៣,៥​កោដ​អ៊ឺរ៉ូ ឬ​១៤,៥កោដដុល្លា)៕