កម្ពុជា ទទួលកម្មវិធីគូស ផ្លូវហោះហើរពីជប៉ុន ដើម្បីពង្រឹងទំនុកចិត្ត ពីក្រុមហ៊ុនអាកាសចរណ៍ ចុះចតនៅកម្ពុជា

ភ្នំពេញ៖ ក្រុមមន្រ្តីកម្ពុជា បានសម្តែងការសារទរចំពោះការរួមចំណែករបស់ប្រទេសជប៉ុន ក្នុងការផ្តល់កម្មវិធី គូសផ្លូវហោះហើរ (PANADES Software) ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ១,៥ លានដុល្លា ដែលជាផ្តល់ទំនុកចិត្តបន្ថែមទៀត ដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ ចុះចតនៅតាមព្រលានយន្តហោះ នៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាប្រគល់-ទទួល ដែលបានប្រារព្វធ្វើ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដោយបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយ និង បានចាត់ទុកថា "វាជាជំហ៊ានមួយថ្មីទៀតដែលធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នានា កាន់តែមានទំនុកចិត្តចំពោះសុវត្ថិភាពនៃការហោះហើរចុះចត នៅព្រលានយន្តហោះកម្ពុជា ហើយវាក៏ជួយលើកកំពស់ធនធានមនុស្ស តាមរយៈនៃការបណ្តុះបណ្តាលសម្រាប់ប្រើប្រាស់ប្រពន្ធ័ត្រួតពិនិត្យថ្មីនេះផងដែរ"។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មាន របស់អង្គភាព ប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន។

លោកបណ្ឌិតសភាចារ្យ សុខ អាន ត្រូវបានដកស្រង់សម្តី ដែលបានមានប្រសាសន៍ថា "កម្មវិធីគូសផ្លូវហោះហើរនេះគឺប្រើសម្រាប់ការអនុវត្តបន្ត ប្រពន្ឋ័នាំផ្លូវហោះហើរថ្មី និងតាមរយៈការអនុវត្តគម្រោង ការពង្រឹងសមត្ថភាព ដើម្បីឈានទៅ អនុវត្តការប្រើប្រាស់ប្រព័ន្ធ នាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មី តាមផ្កាយរណបនេះ ប្រទេសកម្ពុជា បានសម្រេចបាននូវសមិទ្ឋិផលថ្មីមួយទៀត គឺយើងបានទទួលនូវបច្ចេកវិទ្យាទំនើប ដោយអនុវត្តការនាំផ្លូវហោះថ្មី តាមផ្កាយរណប ដែលធានាបាននូវសុវត្ថិភាពខ្ពស់ ចំពោះអ្នកដំណើរតាមផ្លូវអាកាស ចំណេញពេលវេលា កាត់បន្ថយនូវការចំណាយប្រេងសាំង និងរួមចំណែកនូវការការពារបរិស្ថានកាត់បន្ថយនូវការភាយ ចេញនូវឧស្ម័នកាបូនិច (CO2) ពីម៉ាស៊ីនអាកាសយាន ជាពិសេសតាមរយៈការអនុវត្តគម្រោងនេះ បានកាត់បន្ថយនូវចំណាយ លើប្រេងឥន្ទនៈគិតជាទឹកប្រាក់ ចំនួន១,១លានដុល្លា រនិង កាត់បន្ថយបាន ៥,៩០០ តោននៃការភាយចេញនូវឧស្ម័នកាបូនិច (CO2)លើស្រទាប់បរិយាកាសផែនដី ជារៀងរយៈពេល០២ ឆ្នាំកន្លងមក និងពង្រឹងនូវសមត្ថភាព មន្រ្តីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានថ្លែង សមិទ្ឋិផល ដែលត្រូវទទួលបានបានមកពី គម្រោងការពង្រឹងសមត្ថភាពដើម្បីឈានទៅអនុវត្តការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មីនេះថា មានធាតុចេញបីជាសំខាន់គឺ ១-ធាតុចេញទី១ (Output I): ការងាររៀបចំផែនការ និងកម្មវិធីផ្លូវហោះហើរថ្មី តាមផ្កាយរណប ក្នុងអាកាសយានដ្ឋានអន្តរជាតិ ទាំង០៣(PBN Procedure Design ) ២-ធាតុចេញទី២ (Output II): អភិវឌ្ឍន៍ប្រព័ន្ធបណ្តុះបណ្តាល សម្រាប់ ការប្រើប្រាស់និងគ្រប់គ្រងចរាចរដែនអាកាសថ្មី (Develop Training System for New CNS/ATM) ៣-ធាតុចេញទី៣ (Output III): បង្កើតប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ហោះហើរ (Establish Safety Oversight System) នៅក្នុងនោះដែ រក៏មានការអភិវឌ្ឍន៍ធនធានមនុស្ស ដោយរ.ល.អ.សបានទទួលនូវការបើកវគ្គបណ្តុះបណ្តាល ក្នុងស្រុកចំនួន ១៦វគ្គ ដែលសិក្ខាកាមចូលរួមសរុបចំនួន ៣០៩ នាក់ វគ្គបណ្តុះបណ្តាលក្រៅស្រុកចំនួន ៣៧ វគ្គ ដែលសិក្ខាកាមចូលរួមសរុបចំនួន ១២៤ នាក់។ "គម្រោងការដែលមានរយៈពេល០៥ ឆ្នាំ នេះ គឺ បានកាត់បន្ថយនូវ ចំងាយផ្លូវ ហោះហើរ និងកាត់បន្ថយពេលវេលា សម្រាប់ប្រតិបត្តិការអាកាសយាន ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ដែលនឹងមានការហោះហើរ កើនឡើងច្រើនជាង ៦៤.០០០ ជើង ក្នុងឆ្នាំ ២០១៨ ខាងមុខ។ យើងក៏អាចកាត់បន្ថយនូវចំងាយហោះហើរចំនួន ៦,១ម៉ាយ( NM ) ឬ ប្រហែល១០គ.ម និងបានកាត់បន្ថយពេលវេលា១,៧ នាទីសម្រាប់ការហោះហើរ នីមួយៗរបស់អាកាសយាន។

លោក ម៉ៅ ហាវណ្ណាល់ បញ្ជាក់ពីផលប្រយោជន៍កម្មវិធីគូសបង្ហាញផ្លូវហោះហើរនេះថា "ការហោះហើរតាមផ្កាយរណបនេះបានកាត់បន្ថយនូវហានិភ័យដែល
អាចកើត  មានឡើង របស់ប្រតិបត្តិការអាកាសយានដ្ឋាន ដែលមានកំរិតទាបជាង៣ បើទោះជាមានការកើនឡើងនៃប្រតិបត្តិការអាកាសយានជារៀងរាល់ឆ្នាំក៏ដោយ។ ដោយសារមានការប្រើប្រាស់ផ្លូវហោះហើរថ្មី តាម
ប្រព័ន្ឋ នាំផ្លូវហោះហើរថ្មីនេះយើងក៏អាចកាត់បន្ថយនូវការពន្យាពេលនៃការហោះហើរមិនលើសពី០៦ដងក្នុងលំហរអាកាស កម្ពុជា ដោយសារសមត្ថភាពការបញ្ជារហោះហើរថ្មីត្រូវបានពង្រឹង"។

ដោយឡែក បើតាមសេចក្តីប្រកាសពតិមានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថាវិស័យដឹកជញ្ជូនផ្លូវអាកាស ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយក្នុងឆ្នាំ២០១៤ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរ ២,៧លាននាក់ កើនចំនួន ១១,៤% ប្រៀបធៀបនឹងឆ្នាំ២០១៣ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានអ្នកដំណើរចំនួនជាង ៣ លាននាក់ កើនចំនួន ១៣,៣% ប្រៀបធៀបនឹងឆ្នាំ ២០១៣ ឫ សរុបអ្នកដំណើរចំនួន ៥,៧ លាននាក់ កើនចំនួន ១២,៤% ក្នុងឆ្នាំ២០១៤ ប្រៀបធៀបនឹងឆ្នាំ ២០១៣ ក្នុងនោះអ្នកដំណើរមកពីអាកាសយានដ្ឋានផ្សេងៗ ចំនួន ១១៩ ឫ ពីប្រទេសចំនួន ៤៣។ ចាប់ពីខែមករា ដល់ខែវិច្ចិកា ឆ្នាំ២០១៥នេះ អ្នកដំណើរផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ និងសៀមរាបសរុប ចំនួន ៥,៨ លាននាក់ ឬកើនចំនួន ១៣% ប្រៀបធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤។

តាមការសិក្សាថ្មីៗបានធ្វើការព្យាករណ៍ថា អ្នកដំណើរតាមផ្លូវអាកាសឆ្លងកាត់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងកើនចំនួនប្រមាណជាង ៤,២ លាននាក់ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបនឹងកើនចំនួនជិត ៥ លាននាក់ ក្នុងឆ្នាំ២០២០។ ស្របពេលជាមួយគ្នានេះ និងតាមតម្រូវការអនុវត្តទីផ្សារអាកាសចរស៊ីវិលតែមួយអាស៊ានចុងឆ្នាំ២០១៥ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានកំពុងធ្វើការសាងសង់ពង្រីកចំណតអ្នកដំណើរដែលអាចទទួល បានចំនួនអ្នកដំណើរ លើសពីចំនួនបច្ចុប្បន្នទ្វេរដងក្នុងឆ្នាំ២០១៦ ដែលអាចចូលរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ច និងសម្រួលដល់ការកើនឡើងនៃចំនួនអ្នកដំណើរតាមផ្លូវអាកាស
ក៏ដូចជាសម្រួលកំណើនចំនួនភ្ញៀវទេសចរ មកទស្សនាព្រះរាជាណាចក្រកម្ពុជា ដែលមានការកើនឡើងគួរឱ្យកត់សំគាល់។

ពិធីចុះហត្ថលេខា រវាងលោក បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកអ៊ិតស៊ូអាដាជិ( Itsu Adachi) ប្រធានអង្គការ ចៃកា(JICA) ប្រចាំប្រទេសកម្ពុជា ក៏មានការចូលរួមជាសាក្សីដោយ លោក គូម៉ារុយូជិ( Kumamaru Yuji )ឯកអគ្គរដ្ឋទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕

កម្ពុជា ទទួលកម្មវិធីគូស ផ្លូវហោះហើរពីជប៉ុន ដើម្បីពង្រឹងទំនុកចិត្ត ពីក្រុមហ៊ុនអាកាសចរណ៍ ចុះចតនៅកម្ពុជា