ខ្សឹបឲ្យគេដឹង៖លោក ឡេង ឡារ៉ូ យកលិខិត បេសកកម្មដើម្បី ប្រមូលលុយ ដាក់ហោប៉ៅ

ភ្នំពេញ៖លោក ឡេង ឡារ៉ូ មន្ត្រីនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ត្រូវបាន ក្រុមអាជីវករ និងឈ្មួញ ដឹកជញ្ជូនទំនិញ តាមផ្លូវជាតិនានា ក្នុងខេត្តកណ្តាលរិះគន់ថា គាប់ជំរិតយកលុយ ពីពួកគាត់ ស្រេចតែអំពើចិត្ត ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ៥ ទៅ៦នាក់ ក្រោមការគ្រប់គ្រង របស់លោក ឡេង ឡារ៉ូ បានចុះឈរជើង នៅតាមផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ ២១បេ ដើម្បីប្រមូលលុយ ពីឈ្មួញ និងអាជីវករដឹក ជញ្ជូនទំនិញ ហើយសូម្បីតែប្រជាពលរដ្ឋ ដឹកជញ្ជូនកសិផល ឆ្លងកាត់ផ្លូវជាតិ ទាំងនេះ ក៏ត្រូវបង់លុយឲ្យ កូនចៅលោក ឡេង ឡារ៉ូ តាមការកំណត់ដែរ។

មន្ត្រីរាជការ និងសមត្ថកិច្ចក្នុង ខេត្តកណ្តាល បានឲ្យដឹងថា លោក ឡេង ឡារ៉ូ បានប្រើលិខិត បេសកកម្ម ដែលចេញដោយ អគ្គស្នងការ នគរបាលជាតិ ឬដោយប្រធាននាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដើម្បីជំរិត យកលុយពីឈ្មួញ និងអាជីវករដឹក ជញ្ជូនទំនិញ ឆ្លងកាត់ផ្លូវជាតិនានា ក្នុងខេត្តកណ្តាល។ ជាធម្មតា លោក ឡេង ឡារ៉ូ មិនសូវបង្ហាញមុខ ក្នុងការជំរិតយក លុយពីឈ្មួញ និងអាជីវករ ដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ នោះទេ ប៉ុន្តែគាត់បានបញ្ជាឲ្យ កូនចៅឈរជើង នៅលើទីតាំងជាច្រើនកន្លែង តាមផ្លូវជាតិលេខ២ លេខ៣ និងផ្លូវជាតិលេខ២១បេ ចាំប្រមូលលុយពីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ក៏ជាពីប្រជាពលរដ្ឋ ដឹកជញ្ជូនកសិផល ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តកណ្តាល បានឲ្យដឹងថា ឈ្មួញ និងអាជីវករ ដឹកជញ្ជូនទំនិញស្របច្បាប់ បង់ពន្ធត្រឹមត្រូវជូនរដ្ឋ ក៏ត្រូវលោក ឡេង ឡារ៉ូ និងបក្ខពួកជំរិតយកលុយ ស្រេចតែអំពើចិត្តដែរ។ គេមិនដឹងថា លោក ឡេង ឡារ៉ូ ចំណាយលុយអស់ ប៉ុន្មាន ដើម្បីបានឈរជើង នៅក្នុងខេត្តកណ្តាលនោះទេ ព្រោះសកម្មភាពរបស់គាត់ ហាក់ដូចជាកំពុងស្រង់ ដើមតាមរយៈជំរិត យកលុយពីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ក៏ដូចជាពីប្រជាពលរដ្ឋ ដឹកជញ្ជូនកសិផល ពីតាមបណ្តាស្រុកនានា ចូល រាជធានីភ្នំពេញ។

ឥឡូវនេះ លោក ឡេង ឡារ៉ូ មន្ត្រីនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈរជើងនៅខេត្តកណ្តាល កំពុងតែបើកដៃឲ្យកូនចៅ ក្រោមឱវាទ បង្កើតកុងត្រូលជជុះ ចាំជំរិតយក លុយពីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ យ៉ាងក្រអឺតក្រទម។ ដូច្នេះលោក ជា សុមេធី ប្រធាននាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ គួរចាត់វិធានការលើលោក ឡេង ឡារ៉ូ និងបក្ខពួកជាបន្ទាន់ ព្រោះទង្វើរបស់ពួកគេ កំពុងធ្វើឲ្យប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះស្ថាប័ននគរជាតិទាំងមូល៕

ខ្សឹបឲ្យគេដឹង៖លោក ឡេង ឡារ៉ូ យកលិខិត បេសកកម្មដើម្បី ប្រមូលលុយ ដាក់ហោប៉ៅ

ទីតាំងដែលនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ចចំាប្រមូលលុយ