ក្រុម​អ្នក​បើករថយន្ត​ដឹក​ដី​តវ៉ា​សុំ​មិន​កែ​ចង្កូត

ក្រុម​អ្នក​បើករថយន្ត​ដឹក​ដី​តវ៉ា​សុំ​មិន​កែ​ចង្កូត

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ដី ថ្ម និង​ខ្សាច់​ជាង​៥០​នាក់ បាន​លើកគ្នា​យក​ញត្តិ​មួយ​ច្បាប់​មក​ដាក់​ជូន​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល​សុំ​មិន​កែ​ចង្កូតរថយន្ត​របស់​ពួក​គាត់​ពីស្តាំ​ទៅ​ឆ្វេង​ទេ​ដោយ​អះអាង​ថា ការ​កែ​ចង្កូត​នេះ​ជា​ការ​ធ្វើ​ឱ្យ​ពួក​គាត់​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ និង​សុំ​ប្រកប​របរ​រកស៊ី​ទ្បើ​ង​វិញ​ដោយ​ពេញ​មុខ​ផង​ដែរ ។ ការ​លើកគ្នា​មក​សុំ​ការ​ធ្វើ​អន្តរាគមន៍​នេះ​ដែរ បាន​ធ្វើ​ទ្បើ​ង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ធ្នូ នៅ​ខាង​មុខ​រដ្ឋសភា ។
តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ឈ្មោះ ពិន ឃុន អាយុ​៣១​ឆ្នាំ ជា​អ្នកតំណាង​មក​ពី​ខណ្ឌដង្កោ បាន​ប្រាប់​ឱ្យ​ដឹង​ថា ពេល​នេះ​ក្រុម​អ្នកតំណាង​រថយន្ត​ដឹក​ដី​ចំនួន​ជាង​៥០​នាក់ បាន​លើកគ្នា​មក​កាន់​រដ្ឋសភា​ជា​លើក​ទី​២​ហើយ ដើម្បី​សុំ​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល កុំឱ្យ​កែ​ចង្កូតរថយន្ត​របស់​ពួក​គាត់​ពី​ចង្កូត​ស្តាំ​ទៅ​ឆ្វេង​អី ។ ការ​តវ៉ា​ដើម្បី​ទាមទារ​កុំឱ្យ​មានការ​កែ​ចង្កូត​នេះ គឺ​បាន​ធ្វើ​ទ្បើ​ង​ក្រោយ​ពី​សមត្ថកិច្ច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់​កម្លាំង​ត្រួតពិនិត្យ​ទៅ​លើ​រថយន្ត​របស់​ពួក​គាត់ ដោយ​មានការ​ចាប់​ឱ្យ​បង់ពន្ធ កែ​ចង្កូត និង​ផាកពិន័យ​ផ្សេង​ៗ​ទៀត​ជាដើម អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ ។
តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ពេល​កន្លង​មក ក្រុម​អ្នក​ប្រកប​របរ​រថយន្ត​ដឹក​ដី ថ្ម និង​ខ្សាច់ ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ដើរ​ដាក់​ញត្តិ​ទៅ​សុំ​ការ​ជួយ​ធ្វើ​អន្តរាគមន៍ នៅ​តាម​ក្រសួង មន្ទីរ ឬ​ស្ថាប័ន​នានា ដែល​ពាក់ព័ន្ធ​ជា​ច្រើន ដើម្បី​ជួយ​សម្រួល​ដល់​មុខរបរ​របស់​ពួក​គាត់ តែ​ពុំ​បាន​ចម្លើយ​ជាក់លាក់​អំពី​ចំណាត់ការ​ច្បាស់លាស់​មក​លើ​រថយន្ត​របស់​ពួក​គាត់​ទ្បើ​យ​។ ជា​ចុង​ក្រោយ​នេះ ពួក​គាត់​សុំ​តែ​កុំឱ្យ​មានការ​កែ​ចង្កូត​ប៉ុណ្ណោះ និង​យល់ព្រម​ក្នុង​ការ​បង់ពន្ធ​នាំ​ចូល​ជា​ធម្មតា​ទៅ​តាម​ច្បាប់ ។ ទាក់ទិន​នឹង​ការ​សុំ​មិន​កែ​ចង្កូត ត្រូវ​បាន​អះអាង​ថា រាល់​រថយន្ត​ដែល​ធ្វើការ​កែ​ចង្កូត​ពីស្តាំ​ទៅ​ឆ្វេង បង្ក​ឱ្យ​ងាយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាទី​បំផុត ព្រោះ​វា​តម្រូវ​ឱ្យ​តួ​រថយន្ត​ទាំងមូល​ធ្វើការ​កាត់ត និង​ផ្សារ​ភ្ជាប់​តួ​រថយន្ត ឬ​ប្រព័ន្ធ​ផ្សេង​ៗ​ជា​ច្រើន​កន្លែង​ទៀត​ផង​ដែរ ។ ការ​លើកគ្នា​មក​សុំ​ការ​អន្តរាគមន៍​ពី​រដ្ឋសភា​ជា​លើក​ទី​២​ម្តងទៀត​នេះ គឺ​ពួក​គាត់​ចង់ឱ្យ​រាជរដ្ឋាភិបាល​ធ្វើ​យ៉ាងណា​រក​ដំណោះស្រាយ​ដល់​ពួក​គាត់​ឱ្យ​ច្បាស់លាស់ និង​ដើម្បី​ឱ្យ​ពួក​គាត់​អាច​ប្រកប​របរ​រកស៊ី​ឱ្យ​មាន​សេរីភាព​ពេញលេញ​ទ្បើ​ង​វិញ ។
ការ​ទាមទារ​នេះ​បាន​ធ្វើ​ទ្បើ​ង​អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ ទៅ​តាម​ក្រសួង​មន្ទីរ និង​ស្ថាប័ន ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត នៅ​តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ដល់​ពួក​គាត់​ទ្បើ​យ ហើយ​ពួក​គាត់​នឹង​ព្យាយាម​សុំ​ការ​ធ្វើ​អន្តរាគមន៍​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​។
ការ​ជួបជុំ​គ្នា​យក​ញត្តិ​មក​ដាក់​ជូន​រដ្ឋសភា​ជា​លើក​ទី​២ របស់​ក្រុម​អ្នក​ប្រកប​រថយន្ត​ដឹក​ដី​ថ្ម និង​ខ្សាច់​នេះ​ដែរ ត្រូវ​បាន​រដ្ឋសភា​អនុញ្ញាត​ឱ្យ​តំណាង​ចំនួន​៥​នាក់​យក​ញត្តិ​ចូល​ទៅ​ផង​ដែរ​។ ប៉ុន្តែ​ដោយសារ​តែ​ខ្លឹមសារ​នៃ​ញត្តិ​នោះ មាន​លក្ខណៈ​មិន​ពេញលេញ ក៏​តម្រូវ​ឱ្យ​យក​ទៅ​ធ្វើការ​កែសម្រួល​ជា​ថ្មី និង​ឱ្យ​យក​មក​វិញ​នៅ​វេលា​ម៉ោង​២​រសៀល​ក្នុង​ថ្ងៃ​ដដែល ៕