ជីវិត​ដ៏​កម្សត់​របស់​ក្មេងប្រុស​ជើងដំរី​

​ជីវិត​មនុស្ស​កើតមក​មិន​ដូចគ្នា​នោះទេ អ្នកខ្លះ​ទាប អ្នកខ្លះ​ខ្ពស់ អ្នកខ្លះ​កើតមក​ខ្វិនខ្វង់​ពិការ​ដៃជើង​ទៅតាម​ធម្មជាតិ​តាក់តែង ។ តួ​យ៉ាងដូច​ក្មេងប្រុស​ម្នាក់ នេះ​អ៊ីចឹង​កើតមក​មាន​ជើង​ម្ខាង​រីក​ធំ​ចម្លែក ទោះបីជា​គ្រូ ពេទ្យ​វះ កាត់ចោល​មួយ​កំណាត់​កំបុត​ត្រឹម​ជង្គង់​ក៏ដោយ ប៉ុន្ដែ​ជើង​របស់គេ​នៅតែ​រីក​ធំ​ដដែល ដូច​ជើងដំរី ហើយ​ត្រូវ​វះកាត់​ម្ដងទៀត​នៅពេលដែល​គេ​មាន​អាយុ ២៣ ឆ្នាំ ។ ក្មេងប្រុស​ជើង​ធំ​រូបនេះ​មានឈ្មោះ បូ ធាង សព្វថ្ងៃ​មាន​អាយុ ១៣ ឆ្នាំ រស់នៅក្នុង​ភូមិ​អង្គ​បក្សី ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ ។

ជីវិត​ដ៏​កម្សត់​របស់​ក្មេងប្រុស​ជើងដំរី​

បូ ធាង បច្ចុប្បន្ន​រៀន​នៅ​អនុវិទ្យាល័យ​ព្រៃ​ជួរ​ថ្នាក់​ទី ៧ ពិន្ទុ​ប្រចាំខែ​ភាគច្រើន​បានទទួល​លេខ ៦ ឬ លេខ ៧ នេះ​បញ្ជាក់ថា ប្អូនប្រុស​រៀន​ឆ្លាត ឬ រៀន​ពូកែ​គួរសម ។ គោលបំណង​នាពេល​អនាគត បូ ធាង ចង់​ក្លាយជា ជាង​ជួសជុល​ទូរទស្សន៍ ម៉ាញ៉េ ព្រោះ​ជា​មុខរបរ ដែល​ស័ក្តិសម​នឹង​រូបគេ ដែលមាន​ពិការភាព​បែប នេះ ។ ទាក់ទង​នឹង​ជើង​រីក​ធំ​ម្ខាង​នេះ បងស្រី ទូច អុ​ប អាយុ ៣៤ ឆ្នាំ ត្រូវជា​ម្ដាយ​របស់ បូ ធាង រៀបរាប់​ឱ្យដឹងថា គាត់​មាន​ប្ដី​ឈ្មោះ ហាន សុផាត អាយុ ៥០ ឆ្នាំ ក្រោយពី​រៀបការ​មានកូន​ចំនួន ៤ នាក់​(​ប្រុស ៣ ស្រី ១) ក្នុងនោះ​កូនប្រុស​ជើង​ធំ បូ ធាង ជា​កូន ច្បង ។

ជីវិត​ដ៏​កម្សត់​របស់​ក្មេងប្រុស​ជើងដំរី​

បងស្រី​បាន​បញ្ជាក់ថា កូនប្រុស​នេះ​មិនដឹង​ជា​កើតរោគ​អ្វី​នោះទេ សូម្បីតែ​គ្រូពេទ្យ​ក៏​មិន​ប្រាប់​ដែរ កើតមក​ជើងឆ្វេង​ធំ​តែម្តង ។ បងស្រី ទូច អុ​ប បាន​រៀបរាប់​បន្ដទៀតថា បន្ទាប់ពី​កើតមក​លុះ​ធំ​ចេះ​ដើរ បូ ធាង មិនអាច​ដើរ​ស្រួល​ដូច​កូន​គេ​ដទៃទៀត​ឡើយ ដោយ​គេ​ត្រូវ​ប្រើ​ជង្គង់​ដើរ​អូស​ជើងឆ្វេង ។ ដោយ​ឃើញ​កូន​ពិបាក​ធ្វើដំណើរ​ពេក ហើយ​ជើង​ចេះតែ​រីក​ធំ​ទៅៗ ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ទើប​គាត់​ជា​ម្ដាយ​បាន​នាំ​កូន​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ចំណានៗ​នៅឯ​កៀន​ឃ្លាំង​ដើម្បី​ធ្វើការ​ព្យាបាល ។

ជីវិត​ដ៏​កម្សត់​របស់​ក្មេងប្រុស​ជើងដំរី​

ឆ្លងកាត់​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ជើង​ធំ​របស់ បូ ធាង មិនអាច​ប្រើ​ថ្នាំ​បានទេ គ្រូពេទ្យ​មាន​ជម្រើស​តែ​ម្យ៉ាង គឺ​វះ​កាត់ចោល​មួយ​កំណាត់ ។ បន្ទាប់ពី​កាត់​ជើង​ធំ​នោះ​ចោល​មួយ​កំណាត់ កំបុត​ត្រឹម​ជង្គង់ សង្ឃឹមថានឹង​លែងមាន​បញ្ហា​អ្វី​ទៀត ប៉ុន្ដែ​មិនយូរប៉ុន្មាន ស្រាប់តែ​ជើងឆ្វេង​របស់គេ​ដែល​នៅសល់​ត្រឹម​ជង្គង់​នោះ​ក៏​រីក​ធំ​ដូច​មុន​ដដែល ។ ទោះបីជា​គេ​មាន​ជំងឺ​ជើង​ធំ​បែបនេះ​ក្តី សព្វ ថ្ងៃ បូ ធាង អាច​ដើរ​បាន​ដោយ​ពុំមាន​ការឈឺចាប់ ប៉ុន្ដែ​ជើងឆ្វេង​នោះ​ប្រើ​ជង្គង់​ទប់​ជំហរ ដោយ​ដើរ​ផ្អៀងខ្លួន​ម្ខាង ។

ជីវិត​ដ៏​កម្សត់​របស់​ក្មេងប្រុស​ជើងដំរី​

មិនតែប៉ុណ្ណោះ​បើទោះបីជា​គ្រួសារ​មាន​ជីវ​-​ភាពក្រីក្រ និង ខ្លួនគេ​មាន​ជំងឺ​ធំ​ជើង​យ៉ាងណាក្តី បូ ធាង នៅតែ​តស៊ូ​រៀនសូត្រ​មិនដែល​ខកខាន​ឡើយ គឺ​គេ​អាច​ជិះ និង បណ្ដើរ​កង់​បាន ដោយ​ប្រើ​ជើង​ខាងស្ដាំ​ធាក់ ហើយ​ប្អូន​តែងតែ​ជិះ​កង់​ទៅ​រៀន​រាល់ថ្ងៃ ដែលមាន​ចម្ងាយ​ផ្លូវ ៣ គីឡូម៉ែត្រ ។ បងស្រី ទូច អុ​ប បានឱ្យដឹង​ទៀតថា បន្ទាប់ពី​ជើង​ដែល​កាត់ចោល​ហើយ​រីក​ធំ​ម្ដងទៀត​នោះ គាត់​បាន​នាំ​កូនប្រុស​ទៅ​ជួប​គ្រូពេទ្យ​សាជាថ្មី ។ គ្រូពេទ្យ​ប្រាប់ថា ជើង​ធំ​នេះ​វះកាត់​ដូច​មុន​ម្ដងទៀត ទើប​លែង​អី ប៉ុន្ដែ​មិនមែន​ពេលនេះ​ឡើយ គឺ​រង់ចាំ ១០ ឆ្នាំ​ទៀត​នៅពេលដែល បូ ធាង មាន​អាយុ ២៣ ឆ្នាំ ។

ជីវិត​ដ៏​កម្សត់​របស់​ក្មេងប្រុស​ជើងដំរី​

បើសិន​វះកាត់​ក្នុង​ពេលនេះ​ក៏បាន​ដែរ ប៉ុន្ដែ​វះ​ហើយ​ជើង​នោះ​នឹង​រីក​ធំសា​ជាថ្មីទៀត ។​នេះ​អាច​ចាត់ទុកថា​ជា​ជំងឺ​ចម្លែក​មួយ ប៉ុន្ដែ​បងស្រី​ជា​ម្ដាយ​របស់​ក្មេង​អភ័ព្វ​រូបនេះ បែរជា​យល់ ថា មកពី​ជាតិ​កំណើត​ច្រើនជាង ព្រោះ​មុនពេល​គាត់​មាន​ផ្ទៃពោះ​កូន​នេះ គាត់​បាន​សុបិន​ឃើញ​ដំរី​មួយ​ក្បាល​បាក់ជើង​ក្រោយ ដើរ​អូស​ដី ហើយ​ចេះ​និយាយ ទៀតផង មកសុំ​គាត់​នៅ​ជាមួយ​។ គាត់​មិន​ថា​អ្វី​ទេ យល់ព្រម​ឱ្យនៅ​លុះ​ក្រោយមក​គាត់​ឈឺពោះ​ឆ្លងទន្លេ បានកូន​ប្រុស​ម្នាក់​មាន​ជើង​ខាងឆ្វេង​ធំ​ចម្លែក ។ លុះ​ធំ​ឡើង​ដើរ​អូស​ជើង ហើយ​ត្រូវ​គ្រូពេទ្យ​វះកាត់​កំបុត​ត្រឹម​ជង្គង់​បែបនេះ ទើប​ធ្វើឱ្យ​គាត់​ជា​ម្ដាយ​ភ្ញាក់​ព្រើត​នឹក​ទៅដល់​ការ​សុបិន​មុនពេល​មាន​ផ្ទៃពោះ​។

ទោះជា​មាន​ជំងឺ​ចម្លែក​បែបនេះ​ក្តី បូ ធាង មិន​អស់សង្ឃឹម​ក្នុង​ជីវិត​ឡើយ ដោយ​គេ​ប្រឹងប្រែង​រៀនសូត្រ​យកចំណេះ​មក​ធ្វើការ​រកស៊ី​ដើម្បី​អនាគត គ្រួសារ ។ រូបគេ​ពិការ​ជើង​ម្ខាង​ក៏ពិតមែន ប៉ុន្ដែ​ដើរ ទៅណា​មក​ណា​មិន​ប្រើ​ឈើច្រត់ ឬ រទេះរុញ​ឡើយ​គឺ​ដើរ​ផ្អៀងខ្លួន​ម្ខាង ព្រោះ​ជើង​របស់គេ​ម្ខាង​វែង ម្ខាង​ខ្លី​ត្រឹម​ជង្គង់ ។ សូម​បញ្ចា​ក់ថា កាលពី ៤ ឆ្នាំមុន បូ ធាង ដើរ​មិន​រួច​ឡើយ ព្រោះ​ឈាន​ជើង​បោះជំហាន​ទៅមុខ​មិន​រួច ដោយសារតែ​ជើង​ធំ​ម្ខាង ដូច្នេះ​ពេល​ទៅ​សាលា​ម្ដងៗ​ជីដូន​របស់គេ​ជា​អ្នក​ជូនទៅ​រៀន​រហូត ។ ទើបតែ​មកដល់ពេលនេះ​គេ​អាច​ដើរ​បាន​ដោយ​ខ្លួនឯង និង អាច​ជិះ​កង់​ទៅ​សាលា​ដោយ​លែង​ពឹង​ជីដូន​ដូច​មុន​ទៀត ។

ជីវិត​ដ៏​កម្សត់​របស់​ក្មេងប្រុស​ជើងដំរី​

ម្ដាយ​របស់ បូ ធាង បាន​ត្អូញត្អែរថា សព្វថ្ងៃ​ជីវភាព​គ្រួសារ​របស់គាត់​មានការ​ខ្វះខាត​ខ្លាំងណាស់ ដីស្រែ​ចម្ការ​ក៏មាន​តិចតួច​រាល់ថ្ងៃនេះរ​ស់បាន​ដោយ សារ​ប្ដី​ដើរ​ធ្វើ​សំណង់ ។ កាលពី​វះកាត់​ជើង​កូន កុំ​តែ​បាន​គ្រូពេទ្យ​មិន​យកប្រាក់ កុំ​អី​មិនដឹង​ជា​ទៅជា​យ៉ាងណា​នោះទេ ព្រោះ​ពេលខ្លះ​សូម្បីតែ​ប្រាក់​ទិញ​សម្ភារ​សិក្សា​ឱ្យ​កូន​ក៏​គ្មាន​ផង ចុះ​ទម្រាំ​តែ​រកប្រាក់​ទៅ​ព្យាបាល​ជំងឺ​កូន​ទៀត មិនដឹង​ជា​ទៅរក​ប្រាក់​ពី​ណា​មក​នោះទេ ៕​លី​លី​