ភ្ញាក់​ផ្អើល​ឆេះ​កម្ទេ​ច​អាចម៍រណា​រ​​ក្នុង​ឃ្លាំង​​ស្តុក​ការ៉ូ​នៅ​​សង្កាត់​​ព្រែក​​​ប្រា

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​ក្នុង​ឃ្លាំង​ស្តុក​ការ៉ូ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ដង​ទឹក​ជះ​រហូត​ដល់​រលត់​អស់​ទៅ​វិញ​ភ្លាម កាលពី​វេលា​ម៉ោង​០៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ឃ្លាំង​ការ៉ូ​៦៥៧ ផ្លូវ​លេខ​​៣៦៩ ក្នុងភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ខណៈ​ដែល​គាត់​ភ្ញាក់​រៀបចំ​អីវ៉ាន់​លក់ដូរ ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​ឃ្លាំង​ការ៉ូ​ខាងលើ បន្ទាប់​មក​ក៏​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​កន្លែង ដែល​គេ​ឈូសឈើ​សម្រាប់​ធ្វើ​ជា​កេស​ដាក់​ការ៉ូ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ដងទឹក​ជះ​ពន្លត់ និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​ចំនួន​៦​បំពង់​ទើប​រលត់ ។

ភ្លាម​ៗ​នោះ ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​បាន​ទៅ​ដល់ ប៉ុន្តែ​អណ្តាតភ្លើង​បាន​រលត់​អស់​ទៅ​ហើយ​នៅ​សល់​តែ​ផ្សែង​ហុយ​តិច​ៗ ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​អស់​មួយ​គ្រឿង ដើម្បី​ឱ្យ​រលត់​ទាំងស្រុង ។ អគ្គិភ័យ​ខាងលើ​នេះ មិន បណ្តាល​ឱ្យ​ឆ្លង​រាលដាល​ដល់​របស់របរ​ក្នុង​ឃ្លាំង​ទេ គ្រាន់តែ​ឆេះ​គំនរ​អាចម៍រណារ​ដែល​ជា​កន្លែង​ឈូសឈើ សម្រាប់​ធ្វើ​កេស​ដាក់​ការ៉ូ​តែ​ប៉ុណ្ណោះ ៕