​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Diogo ​របស់ Buriram ជា​ក្ដី​បារម្ភ​របស់​​បឹង​កេត​​


​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Diogo ​របស់ Buriram ជា​ក្ដី​បារម្ភ​របស់​​បឹង​កេត​​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​​ប្រេស៊ីល ​Diogo Luis Santos ​របស់​ Buriram United គឺ​ជា​ក្ដី​ព្រួយបារម្ភ​របស់​ក្លិប​បឹង​កេត​អង្គរ​ សម្រាប់​ការ​ប្រកួត​នៃ​ពាន​រង្វាន់​​ Toyota Mekong Clup 2015 ​នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ​នា​​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ​នេះ។

 

 ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Diogo ​របស់ Buriram ជា​ក្ដី​បារម្ភ​របស់​​បឹង​កេត​​លោក ប្រាក់ សុវណ្ណារ៉ា​

 

​អតីត​គ្រូ​បង្វឹក​របស់​ក្លិប​​ណាហ្គាវើល​​​លោក ប្រាក់ សុវណ្ណារ៉ា ​បាន​ឲ្យ​ដឹង​ថា Diogo របស់​ Buriram ​​ជា​កីឡាករ​ល្អ​ម្នាក់​ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​​នៅ​​លីក​កំពូល​របស់​​ប្រទេស​ថៃ។ ​ប៉ះ​គ្នា​ថ្ងៃ​ខាង​មុខ​នេះ​​ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់​លេង​នៅ​លីក​កំពូល​របស់​​ប្រេស៊ីល ​Palmeiras ​រូប​នេះ​​ជា​មុខ​សញ្ញា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​បឹង​កេត​។

 

​​​លោក​បាន​និយាយ​ថា៖« យើង​ទទួល​ស្គាល់​ថា Diogo ជា​កីឡាករ​ល្អ​​ម្នាក់​​ដែល​មាន​បទពិសោធន៍​ច្រើន​ និង​ធ្លាប់​លេង​នៅ​ក្លិប​ធំ​​ៗ​ក្នុង​ពិភព​លោក។ ​ពេល​នេះ​យើង​កំពុង​តែ​ត្រៀម​ខ្លួន​ថា​ត្រូវ​​លេង​បែប​ណា​ជាមួយ​គាត់(Diogo)។ ….​ខ្ញុំ​មិន​ផ្ដោត​សំខាន់​ទៅ​លើ​កីឡាករ​តែ​ម្នាក់​​ពេក​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ទម្រង់​លេង​​យើង​ធ្លាក់​ចុះ​បាន​​ ​ត្រូវ​​គិត​ទៅ​លើ​គុណភាព​ក្រុម​ដែល​ជា​គូ​ប្រជែង​ទាំង​មូល»។

​គ្រូ​បង្គោល​រូប​​នេះ​បន្ថែម​ទៀត​ថា ​​​ក្លិប​ Buriram ​ជា​ក្លិប​ធំ​បំផុត​នៅ​អាស៊ាន​ ហើយ​ក៏​ជា​ក្លិប​មួយ​ ដែល​អាច​​ចាត់​ទុក​ថា មាន​ទម្រង់​លេង​​​ល្អ​លំដាប់​ថ្នាក់​អាស៊ី​​ទៀត​ផង។ ​ប៉ុន្តែ​ទោះ​បី​​ជា​យ៉ាង​ណា​ លោក​​​​ជឿ​ថា ​បឹង​កេត​​នឹង​អាច​បង្ហាញ​ទម្រង់​លេង​ល្អ​មួយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់​ទាត់​ក្រុម​កម្ពុជា​​ទទួល​យក​បាន​។

 

​ងាក​ទៅ​​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ Buriram United ​វិញ​ទើប​តែ​ឈ្នះ​ពាន​​រង្វាន់​ពីរ​ក្នុង​រដូវ​កាល២០១៥ ​នេះ​គឺ​កីឡាករ​លេង​ល្អ​ប្រចាំ​ឆ្នាំ​ និង​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​​ចំនួន៣៣ គ្រាប់​នៃ​លីក​កំពូល​របស់​ថៃ។​ សម្រាប់​ពានរង្វាន់​​​កីឡាករ​លេង​ល្អ​ប្រចាំ​​​ឆ្នាំ​​ទទួល​បាន​រថយន្ត​  Camry Hybrid 2.5HV CD ​មួយ​គ្រឿង​ ដែល​មាន​តម្លៃ ៤៧០០០​​ដុល្លារ​អាមេរិក​ និង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើ​ន​ជា​ង​គេ​ទទួល​បាន​​ឡាន TOYOTA Corolla Altis Esport ដែល​មាន​តម្លៃ ​២៥០០០​ដុល្លារ​អាមេរិក​៕

 

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Diogo ​របស់ Buriram ជា​ក្ដី​បារម្ភ​របស់​​បឹង​កេត​​

 កីឡាករ ​Diogo Luis Santos ​ក្នុង​ពិធី​ទទួល​​ពាន​(រូប​ថត៖ Buriram)

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​