ក្មេង​ប្រុស​​អាយុ​​ជាង​២​ឆ្នាំ​​ពុល​ថ្នាំ​កណ្តុរ​ស្លាប់គួរឱ្យសង្វេគ

​ខេត្ត​ព្រះសីហនុ​ ៖ ក្មេង​ប្រុស​​អាយុ​​ជាង​២​ឆ្នាំ​​បាន​​​ស្លាប់​ ​ដោយសារ​តែ​ពុល​ថ្នាំ​សម្លាប់សត្វ​កណ្តុរ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​ធ្នូ​ ​​២០១៥​ នៅ​សង្កាត់​លេខ​១ ​ក្រុងព្រះសីហនុ​ ។

បើ​តាម​ក្រុម​គ្រួសារ​​ក្មេង​ប្រុស​រង​គ្រោះ​ និង​អ្នក​​ជិតខាង បាន​ថ្លែង​ថា ​មុន​ពេល​គ្រោះថ្នាក់​កើតឡើង ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ដែល​ជា​កម្ម​ការិនី​រោងចក្រ​ និងឪ​ពុក​បាន​ចេញ​ទៅ​ធ្វើការ​ដូច​សព្វមួយដង ដោយ​ទុកកូនប្រុស​ឱ្យ​នៅផ្ទះ​ជាមួយ​ជីដូន ​សង្ស័យ​ក្មេង​​នេះ​ដើរ​លេង​ក្បែរ​ផ្ទះ​​អ្នក​ជិត​ខាង​ហើយ​រើស​ចំណី​ដែល​គេ​ដាក់​លាយថ្នាំ​បំពុល​កណ្តុរ​​ហូប​ ​ទើប​បណ្តាលឱ្យ​​ពុល​ស្លាប់​​​​បែប​នេះ​ ​​។

​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ ចាន់ សំណាង  ​អាយុ​ជាង​២​ឆ្នាំ មាន​ឪពុក ឈ្មោះ ​ចាន់ សុគ​ន្ឋា  ម្តាយ ​ឈ្មោះ ម៉ា​ប់ លាភ  នៅ​សង្កាត់​លេខ​១ ​ក្រុងព្រះសីហនុ​ ​​។

សូម​​បញ្ជាក់​ដែរ​ថា នៅ​រសៀល​ថ្ងៃ​​ដដែល​នេះ​ ដោយ​មើលឃើញ​អំពី​ទុក​លំបាក​របស់​ក្រុម​គ្រួសារ​​នៃ​សព​ លោកឧត្តមសេនីយ៍ ហេង ប៊ុ​នទី មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ បាន​ចូល​រួម​រំលែក​ទុក្ខ និង​​​នាំ​យក​ថវិកា​មួយ​ចំនួន​ទៅ​ផ្តល់​​ជូន​​​​ឪពុកម្តាយ​នៃ​សព​ក្មេង​ប្រុស​ផង​ដែរ ៕