ម្ចាស់​រថយន្ដ​ដឹក​ទំនិញ​តវ៉ា​ប្រឆាំង​ស្ថានីយ​ថ្លឹង​រថយន្ដ​បិទផ្លូវ​ជាតិ​មួយ​ព្រឹក

ខេត្តកណ្ដាល ៖ ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ជា​ច្រើន​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ស្ថានីយ​ថ្លឹង​រថយន្ត​កាលពី​វេលា​មោ​៉​ង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២១​បេ ត្រង់​ចំណុច​ស្ថានីយ​ថ្លឹង​រថយន្ត​មួយ​កន្លែង​នៅ​ជិត​វត្ត​កំពង់​សំបួរ ក្នុងភូមិ​កំពង់​សំបួរ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ។

ដោយ​ការ​តវ៉ានោះ​ម្ចាស់​រថយន្ត​បាន​យក​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ជា​ច្រើន​គ្រឿង​មក​ចត​បិទផ្លូវ​ជាតិ​មួយ​ព្រឹក​ដើម្បី​តវ៉ា​សុំ​ឱ្យ​ផ្អាក​ដំណើរការ​ស្ថានីយ​ថ្លឹង​រថយន្ត​ដឹក​ទំនិញ​លើស​ចំណុះ​តទៅ​ទៀត រង់ចាំ​រហូត​ស្ថាបនា​ផ្លូវ​នេះ​រួច ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ការ​តវ៉ា​នេះ​គឺ​ក្រុម​អាជីវករ​បាន​យក​រថយន្ត​មក​ចត​បិទផ្លូវ​ជាតិ​មិន​អាច​ធ្វើ​ចរាចរ​បាន​ឡើយ​ក្នុង​រយៈពេល​ជាង​៣​ម៉ោង និង​បាន​បង្ក​ឲ្យ​រថយន្ត​តូច​ធំ​រាប់រយ​គ្រឿង​ត្រូវ​កកស្ទះ​នៅ​ទីនោះ បើ​ទោះជា​មាន​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​យ៉ាង​ណា​ក៏​ដោយ ។

ការ​តវ៉ា​ពី​សំណាក់​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ខាង​ក្រសួង និង​មន្ទី​សាធារណការ​ដឹក​ជញ្ជូន​ខេត្ត បាន​ទៅ​រៀបចំ​សាងសង់​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ចំណុច​ខាងលើ​និង​បាន​តម្រូវ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ចូល​ថ្លឹង និង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​លើ​រថយន្ត​ដឹក​ទំនិញ​ទាំងឡាយ​ណា​ដែល​លើស​ទម្ងន់ ហើយ​សកម្មភាព​នេះ​ធ្វើ​ឡើង​បាន​ត្រឹមតែ​៥​ថ្ងៃ​ប៉ុណ្ណោះ​ក៏​ផ្ទុះ​ការ​តវ៉ា​នេះ​ឡើង ។

នា​ឱកាស​នោះ ក្រុម​អ្នក​តវ៉ា​បាន​សំណូមពរ​ថា ខាង​ក្រសួង​គួរ​រង់ចាំ​ផ្លូវ​នេះ​ស្ថាបនា​ថ្មី ឬ​ជួសជុល​ឲ្យ​បាន​ស្អាត​ឡើង​វិញ​សិន ចាំ​ដាក់​ស្ថានីយ​ថ្លឹង​រថយន្ត​ឲ្យ​ដំណើរការ ព្រោះ​ពេល​នេះ​ស្ថានភាព​ផ្លូវ​កំពុង​រង​ការ​ខូចខាត​ខ្លាំង​មិន​គួរ​ដាក់​ស្ថានីយ​ថ្លឹង​យក​លុយ​ទេ ។

ប្រភព​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នោះ ក្រុម​អ្នក​តវ៉ា បាន​បើកផ្លូវ​ឡើង​វិញ​បន្ទាប់​ពី​មានការ​សម្របសម្រួល​ពី​លោក ចាន់ សុខុម អភិបាលស្រុក​កោះធំ ។ គេ​មានការ​កត់​សម្គាល់ថា មួយ​រយៈ​កន្លង​ទៅ ខាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សម្រេច​ឲ្យ​ដក​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​តាម​បណ្តា​ផ្លូវជាតិ​សំខាន់​ៗ​ជា​ច្រើន​កន្លែង​ក្នុង​ទឹកដី​ខេត្តកណ្ដាល ។ ប៉ុន្តែ​ពេល​ថ្មី​ៗ​នេះ ស្រាប់តែ​ខាង​ក្រសួង​សាធា​រណ​ការ​បាន​បង្កើត​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​តាម​ផ្លូវជាតិ​សំខាន់​ៗ​ទាំងនោះ​ឡើង​វិញ​ជា​ហេតុ​នាំ​ឲ្យ​ផ្ទុះ​បាតុភាព​ញឹកញាប់​ជាមួយ​ក្រុម​រថយន្ត​ដឹក​ទំនិញ ៕