ក្រសួង​ផែន​ការ​បើក​កិច្ច​​​ប្រជុំ​បូក​សរុប​លទ្ធផល​​​​ឆ្នាំ​២០១១​-២០១៥

រាជ​​ធានីភ្នំពេញ ៖ ​​នៅ​ព្រឹក​ថ្ងៃទី​១៦ ​ធ្នូ ២០១៥ នេះ ​ក្រសួង​ផែន​ការ​បាន​បើក​​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​​ ស្តីពី​ ​គម្រោង​បញ្ចូល​ជាតិ​ដែក​ទៅ​ក្នុង​ទឹក​ត្រី ទឹកស៊ីអ៊ីវ ​ឆ្នាំ​២០១១​-២០១៥ ​​ក្រោម​អធិបតីភាព លោក ប៉ាន ប៊ុនធឿន ​រដ្ឋ​លេខា​ធិការ​ក្រសួង​ផែន​ការ ​និង​មាន​ការ​ចូល​រួម​​ពី​​មន្ត្រី​ក្រសួងពាក់​ព័ន្ធ និង​អង្គ​ការ​សង្គម​ស៊ីវិល ​ដែល​បាន​រៀប​ចំ​​ឡើង​​ដោយ ក្រុម​ប្រឹក្សាជាតិ ស្តីពី អាហារូបត្ថម្ភជាតិ ក្រសួងផែនការ សហការជាមួយ អង្គការ រ៉ាឆា និងអង្គការហ្គេន នៅ​សណ្ឋាគារ​ អាំងទ័រ​កុងទីណង់តាល់​ ។

​កិច្ច​ប្រជុំ​បូក​សរុប​​លទ្ធផល​ខាង​លើនេះ ​​មាន​គោល​បំណង​​ពិភាក្សា​​ ​ចែក​រំលែក​បទពិសោធ ​លើក​ឡើង​នូវ​ផែន​ការ​សកម្មភាព និង​ទិស​ដៅ​ត្រូវ​អនុវត្ត​បន្ត​ ដើម្បី​​រួម​ចំណែក​កាត់បន្ថយ​​ការ​កង្វះ​អាហារូបត្ថម្ភ ដែល​ជា​បញ្ហា​សាកល ពិសេស​​អ្នក​​មាន​សុខ​ភាព​ស្លេក​ស្លាំង​​ដោយ​សារ​កង្វះ​ជាតិ​ដែក ​ដែល​ជា​បញ្ហា​ចម្បង​ ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត ៕