អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៣៤​រូប ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា ដូច​ការគ្រោងទុក​

ភ្នំពេញ: អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣៤ រូប បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ​នេះ ដូច​ការគ្រោងទុក​។ កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​នេះ មាន​កូរ៉ុម​អ្នកតំណាងរាស្ត្រ​សរុប ១០១ រូប​។ បន្ទាប់ពី​រដ្ឋសភា បើក​កិច្ច​ប្រជុំបាន​បន្តិច សម្តេច​នាយក​​រដ្ឋមន្ត្រី ហ៊ុនសែន ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ ខេត្តកណ្តាល ក៏បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​ផងដែរ​។​

​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ​នេះ បាន​បើក​កិច្ចប្រជុំ ក្រោម​ការដឹកនាំ​របស់​លោក ហេង​សំរិន ប្រធានរដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ចំនួន ៣ រួមមាន​៖ ១-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​សម្រាប់ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ម៉ា​រ៉ា​កេស ស្តីពី ការបង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បញ្ចូល​កិច្ចព្រមព្រៀង ស្តីពី កិច្ច​សម្រួល​ពាណិជ្ជកម្ម ទៅក្នុង​ឧបសម្ព័ន្ធ ១​ក នៃ​កិច្ចព្រមព្រៀង ម៉ា​រ៉ា​កេស​។ ២-​ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី ការបង្កើត​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន​។ ៣-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​

​រហូតដល់​ម៉ោងជាង ៩ ព្រឹក​នេះ រដ្ឋសភា បានអនុម័ត​លើ​របៀបវារៈ​ចំនួន ២ គឺ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​សម្រាប់ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ម៉ា​រ៉ា​កេស ស្តីពី ការបង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បញ្ចូល​កិច្ចព្រមព្រៀង ស្តីពី កិច្ច​សម្រួល​ពាណិជ្ជកម្ម ទៅក្នុង​ឧបសម្ព័ន្ធ ១​ក នៃ​កិច្ចព្រមព្រៀង ម៉ា​រ៉ា​កេស និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី ការបង្កើត​មជ្ឈមណ្ឌល​ជីវៈចម្រុះ​អាស៊ាន ដោយ​សំឡេងគាំទ្រ​ជា​ឯកច្ឆ័ន្ទ ១០១ លើ ១០១ សំឡេង​៕​

អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៣៤​រូប ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា ដូច​ការគ្រោងទុក​

អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៣៤​រូប ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា ដូច​ការគ្រោងទុក​