​ធ្លាយ​ធុង​ហ្គា​ស​ឆាបឆេះ​រទេះរុញ​លក់​គុយទាវផ្អើល​ទាំង​យប់

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៩ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥ ដោយសារ​តែ​ផ្ទុះ​​ធ្លាយ​ធុង​ហ្គាស បណ្តាល​ឱ្យ​ឆាបឆេះ​រទេះ​លក់​គុយទាវ និង​មីឆា​មួយ​កន្លែង ស្ថិត​នៅ​មុខ​មន្ទីរ​​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​ម្ចាស់​អ្នកលក់​បាន​រង​របួស ។

ប្រភព​បានឱ្យ​ដឹង​ថា ម្ចាស់​ជា​អ្នកលក់​មានឈ្មោះ​ទូច សំភាស់ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សា​រលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់​ឆ្នាំង ។

ប្រភព​ពី​ម្ចាស់​រទេះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​យក​ធុង​ហ្គាសដែល​អស់​ហ្គាស​ទៅ​ដូរ​យក​ធុង​ហ្គាស​ថ្មី មក​ដាក់​លក់​
ដូច​សព្វដង ស្រាប់តែ​នៅ​ម៉ោងជាង​៩​យប់ ខណៈ​ដែល​គាត់​បិទ​ហ្គាស​វិញ ធ្វើ​ឱ្យ​ដាច់​ក​វ៉ា​ន​បិទ​បើក​ហ្គា​ស​បិទ​មិនកើត និង​ផ្ទុះ​លេច​ហ្គា​ស​ចេញ​មក​ក្រៅ​ឆាប​ជា​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង​ឆេះ​ដល់​ដៃ​គាត់​ទៀត​ផង ។ ក្នុង​ស្ថានភាព​ស្លន់ស្លោ​បែប​នេះ ទាំង​គាត់​ទាំង​ភ្ញៀវ​ ដែល​កំពុង​អង្គុយ​ពិសារ​គុយទាវ មីឆា រត់​ចេញ​ក្រៅ​ទាំងអស់​គ្នា ។

អណ្តាតភ្លើង​បាន​ឆេះ​ឡើង​ឆាប​ដល់​ខ្សែភ្លើង​ខាងលើ ភ្លាម​ៗ​នោះ​ក៏​មាន​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​នៅ​មិន​ឆ្ងាយ​ពី​ទី​នេះ​ បាន​មក​ដល់​ជួយ​បាញ់​ទឹក​ពន្លត់ ។ តែបើ​ទោះជា​ភ្លើង​រលត់​​ក្តី ក៏​ហ្គា​ស​នៅ​តែ​បន្ត​ចេញពី​ធុង​ហ្គាស ធ្វើ​ឱ្យ​គ្មាន
អ្នក​​ណា​ហ៊ាន​​ចូល​នោះ​ទេ រហូត​ដល់​លេច​អស់​ហ្គា​​ស​ចេញពី​ធុង​អស់ ។