សម្តេចតេជោ​ហ៊ុន សែន​ សំណូមពរឲ្យអាស៊ាន​សហការផ្តល់ព័ត៌មាន​ឲ្យ​រហ័សនៅ​ពេលកើត​មានគ្រោះមហន្តរាយ

រាជធានីភ្នំពេញ ៖​ នៅលើបណ្តាញទំនាក់ទំនងសង្គម ​(Facebook) Page ​ផ្លូវការរបស់សម្តេចតេជោ​បានសរសេរបង្ហោះនៅ​ប៉ុន្មាននាទីមុន​នេះ​មានខ្លឹមសារ​ទាំងស្រុងថា "នៅព្រឹកថ្ងៃទី១៦ ​ធ្នូ ឆ្នាំ២០១៥ ​នៅសណ្ឋាគារកាំបូឌីយ៉ាណា ​រាជធានីភ្នំពេញ ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ​បានអញ្ជើញចូលរួម បើក​កិច្ចប្រជុំលើកទី៣​ថ្នាក់រដ្ឋមន្ត្រីអាស៊ាន​ទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ​ ដែលពិធីនេះមានការចូលរួម​ពីបណ្ដាថ្នាក់ដឹងនាំប្រទេស​ក្នុងតំបន់អាស៊ាន ​ ហើយកិច្ច​ប្រជុំនេះគឺផ្ដោតសំខាន់​ទៅលើការងារគ្រប់គ្រងគ្រោះមហន្តរាយ​ផ្សេងៗដែលជារឿយៗ ​តែងតែកើតមានឡើង​នៅគ្រប់បណ្តាប្រទេស​ទាំងអស់លើពិភពលោក ។

ដើម្បីកាត់បន្ថយនូវការបាត់បង់អាយុជីវិត​ និងការខូចខាតទ្រព្យសម្បតិ្ត ​អាស៊ានបានខិតខំប្រឹងប្រែង​ប្រយុទ្ធទប់ស្កាត់ហានិភ័យផ្សេងៗ​តាមរយ:សកម្មភាព​រួមគ្នាក្នុងការ​ត្រៀម​បង្ការ​និងកាត់បន្ថយគ្រោះថ្នាក់​នេះអោយនៅកម្រិតទាប​ ។ កន្លងមកកម្ពុជាក៏បានចូលរួមក្នុង​សកម្មភាពនេះយ៉ាងសកម្មផងដែរ ដោយបានពង្រឹងរចនាសម្ព័ន្ធ​គ្រប់​គ្រង​​គ្រោះមហន្តរាយ​តាមស្ថាប័នពាក់ព័ន្ឋផ្សេងៗ ​ដើម្បីទប់ស្កាត់គ្រោះមហន្តរាយនេះ ។

សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា កិច្ចប្រជុំលើកទី​៣ ថ្នាក់រដ្ឋមន្ត្រីអាស៊ាន​ទទួលបន្ទុកគ្រប់គ្រប់គ្រោះមហន្តរាយនេះ ​ បានបង្ហាញពីកិច្ចសហប្រតិបត្តិការ​ក្នុងតំបន់ ដើម្បីរួមគ្នាចូលរួម​ទប់ស្កាត់​គ្រោះមហន្តរាយនេះ ។
សម្តេចតេជោ ហ៊ុន សែន ​បានសំណូមពរអោយប្រទេស​ក្នុងតំបន់អាស៊ានទាំងអស់ ​ត្រូវចូលរួមសហការ ​និងព័ត៌មានឆ្លើយតបអោយ​បានឆាប់រហ័សនៃការកើតមានគ្រោះ មហន្តរាយផ្សេងៗ ​ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសនីមួយៗ​បានត្រៀមលក្ខណ:​ទប់ស្កាត់បង្ការជាមុន "។