កាយសម្ព័ន្ធកម្ពុជា នាំយក​​មេដាយ​សំរឹទ្ធ​កម្រិត​​​អាស៊ី​ មក​​ដល់​មាតុ​ប្រទេស

កាយ​សម្ព័ន្ធ​កម្ពុជា បាន​បង្កើតនូវ​​កំណត់​ត្រា​ដ៏​ល្អ​ថ្មី​មួយ​ទៀត ក្នុង​ការ​ប្រកួត​​កីឡា​កាយសម្ព័ន្ធ​ Aerobic​ ជើងឯក​អាស៊ី លើក​ទី​៥ ឆ្នាំ​២០១៥ (5th​ Aerobic​ Gymnastics​ Asian​ Championship​ 2015) នៅ​ទី​ក្រុង​​ហូជីមិញ ប្រទេស​វៀតណាម តាម​រយៈ​ការ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ។

sport-001 ​ការ​ប្រកួត​​កីឡា​កាយសម្ព័ន្ធ​ Aerobic​ ជើងឯក​អាស៊ី លើក​ទី​៥ ឆ្នាំ​២០១៥ ដែលទើប​បាន​បញ្ចប់ កាល​ពី​ថ្ងៃ​ចន្ទ​នេះ ​មាន​អត្ត​ពលិក​ខ្លាំងៗ​តំណាង​ឲ្យ​ប្រទេសចំនួន​១០​បាន​ចូល​រួម ក្នុង​នោះ​មាន​​ជប៉ុន កូរ៉េ ចិន អូស្រ្តាលី ចិនហុងកុង វៀតណាម ថៃ អ៊ីរ៉ង់ កម្ពុជា និង​ប្រទេស​ម៉ុងហ្គាលី។
បើ​ទោះ​បី​ជា​ការ​ប្រកួត​នេះ បាន​ឆ្លងកាត់​នៅ​ការ​ប្រជែង​យ៉ាង​តាន​តឹង ​ប៉ុន្តែ​កីឡាករ​វ័យ​ក្មេង ជឿន​ ចាន់បូរី នៅ​តែ​​មាន​សមត្ថ​ភាព​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​​ Aerobic ឯកត្ត​ជន​អាយុ​ក្រោម​១៨​ឆ្នាំ​ជូន​កម្ពុជា​បាន​ដដែល។ ក្នុង​ការប្រកួត​សម្តែង​នោះ ចាន់បូរី មាន​ពិន្ទុ​ឈ្នះ​កីឡាករ​របស់​ប្រទេស​របស់​អ៊ីរ៉ង់ ម៉ុងហ្គាលី និង​ម្ចាស់​ផ្ទះ​វៀតណាម ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ ហើយ​នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ជឿន ចាន់បូរី​​​​ទទួល​បាន​ពិន្ទុ ១៨.៧៥០ ស្មើ​ជាមួយ​កីឡាករ​របស់​កូរ៉េ ​ដើម្បី​ឈ្នះ​មេដាយ​សំរឹទ្ធ​​នេះ ខណៈ​មេដាយ​មាស និង​ប្រាក់ លើ​វិញ្ញាសា​នេះ​បាន​ទៅ​កីឡាករ​​​ម្ចាស់​ផ្ទះ​វៀតណាម។
ប៉ុន្តែ​ការ​ប្រកួត​លើ​វិញ្ញាសា Aerobic ឯកត្ត​ជន​អាយុ​១៨​ឆ្នាំ​ឡើង​របស់​កីឡាករ សោ សុផេង មិន​ទទួល​បាន​មេដាយ​ទេ ព្រោះ​វិញ្ញាសា​នេះ​មាន​អត្ត​ពលិក​ចូល​រួម​ចំនួន​១៧​នាក់ តំណាងឲ្យ​​ប្រទេស​ទាំង​១០​តែ​ម្តង។ រីឯ​ការ​ប្រកួត​សម្តែងជា​គូ​របស់ សោ សុផេង និង​កីឡាការិនី សោ សុគីម អាយុ​១៨​ឆ្នាំ​ឡើង ក៏​មិន​បាន​មេដាយ​​នោះ​ដែរ ដោយ​សារ​វិញ្ញាសា​នេះ​មាន​ការ​ចូល​រួម​សុទ្ធ​តែ​ក្រុម​តំណាង​ប្រទេស​មាន​កម្រិត​លំដាប់​ពិភព​លោក គឺ​កូរ៉េ ២​ក្រុម ចិន​២​ក្រុម និង​ថៃ​១​ក្រុម។

sport-004
ជាមួយ​លទ្ធ​ផល​នេះ លោក ណយ ផាណា អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ដែល​ជាអ្នក​ដឹក និង​គ្រូ​បង្វឹក សម្រាប់​​ការ​​ប្រកួត​នេះ​ បាន​​ប្រាប់​​ថា៖​«ការ​ឈ្នះ​មេដាយ​សំរឹទ្ធ​របស់ ជឿន ចាន់បូរី ​ជា​កិត្តិយស និង​មោទនភាព​ដ៏​ធំ​មួយ​សម្រាប់​កាយ​សម្ព័ន្ធ​យើង។ រីឯការដណ្តើម​មេដាយ​មិន​បាន​លើ​ប្រភេទ​អាយុ​១៨​ឆ្នាំ​ឡើង ដោយ​សារ​អត្តពលិក​របស់​យើង បាន​ជួប​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​លំដាប់​ពិភព​លោក ពិសេស​អត្ត​ពលិក​មក​ពី​កូរ៉េ ចិន ជប៉ុន និង​វៀតណាម​ តែ​ម្តង»។
លោក ណយ ផាណា បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​រួម​ថា៖​«​តាម​រយៈ​ការ​ប្រកួត​នេះ បាន​បង្ហាញ​ឲ្យ​ថា កីឡាករ កីឡាការិនី​របស់​យើង​មាន​បច្ចេក​ទេស​រីក​ចម្រើន​គួរ​ឲ្យ​គត់​សម្គាល់ ហើយ​​ការ​ប្រកួត​ប៉ះ​អ្នក​ខ្លាំង ដែល​មាន​កម្រិត​បច្ចេក​ទេស ក្នុង​ការ​ប្រកួត​លើក​នេះ បាន​ធ្វើ​ឲ្យ​ពួក​គេទទួល​បាន​បទ​ពិសោធ​ដ៏​ល្អ​មួយ ក្នុង​ការ​ជំរុញ​ដល់​ការ​ហ្វឹក​ហាត់​របស់​ពួក​គេ​បន្ថែម​ទៀត»។
លោក​បាន​បន្ត​ថា៖​«​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​សូមថ្លែង​​អរគុណ​ដល់​ឯកត្ត​ប្រធាន ថោង ខុន និង​លោកឧកញ៉ា សុខ ហុង ជា​អនុ​ប្រធាន ដែល​តែងតែ​ជួយ​ជ្រោម​ជ្រែង និង​លើក​ទឹក​ចិត្ត​ដល់អត្តពលិក​កាយ​សម្ព័ន្ធ​របស់​​យើង ដោយ​ធ្វើ​ឲ្យ​កាយ​សម្ព័ន្ធ​របស់​យើង ទទួល​បាន​ផ្លែ​ផ្កា​ដូច​ពេល​នេះ ហើយ​ខ្ញុំ​សូម​អរគុណ​​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ផង​ដែរ ដែល​បាន​អនុញ្ញាតឲ្យ​ក្រុម​កាយសម្ព័ន​យើង​បាន​ចូល​រួម​ការ​ប្រកួត​នេះ​ និង​​បាន​ចេញ​​ថ្លៃ​ធ្វើ​ដំណើរ និង​ប្រាក់​ហោប៉ាវ សម្រាប់​ពួក​យើង»។
គួរ​បញ្ជាក់​ថា ក្រុម​កាយ​សម្ព័ន្ធ​កម្ពុជា ធ្លាប់​បាន​ចូល​រួម​ការ​ប្រកួត​​ កីឡា​កាយសម្ព័ន្ធ​ Aerobic​ ជើងឯក​អាស៊ីនេះ​បាន​​​៣​ដង​ទាំង​លើក​នេះ​ហើយ។ ការ​ចូល​រួម​​លើក​ដំបូង នៅ​ថៃ កាល​ឆ្នាំ​២០០៩ កីឡាការិនី សោ សុគីម បាន​ឈ្នះ​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​អាយុ​ក្រោម​១៨​ឆ្នាំ​ ហើយ​​ការ​ចូល​រួម​ប្រកួត​ជា​លើក​ទី​២ នៅ​វៀតណាម កាល​ពី​ឆ្នាំ​២០១០ សោ សុគីម ដដែលបាន​ឈ្នះ​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ​១​ឲ្យ​កម្ពុជា ប៉ុន្តែ​ការ​ប្រកួត​លើក​នេះ សោ សុគីម បាន​ត្រឹម​ញញឹម​អមអរ​សាទរ​ដល់​ជ័យ​ជម្នះ​របស់​មិត្ត​រួម​ក្រុម ជឿន ចាន់បូរី ដែល​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ៕

sport-002 sport-003

រូប​ភាព​ លោក ណយ ផាណា ផ្តល់​ឲ្យ