​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​មនុស្ស​២​នាក់ របួសធ្ងន់​ស្រាល​៨​នាក់

​រាជធានី​ភ្នំពេញ​៖​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​ម្សិលមិញ​នេះមាន​គ្រោះថ្នាក់​ចរាចរណ៍​នៅទូ​ទាំង​ប្រទេស​ចំនួន​៦​លើក យប់​២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ របួសធ្ងន់​៦​នាក់ និង​របួសស្រាល​២​នាក់​។​

​ប្រភព​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះបាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​ធុន​តូច​០៣​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​៖​ល្មើស​ល្បឿន​៤​លើក ស្រវឹង​១​លើក និង​មិន​គោរព​សិទ្ធិ​១​លើក ហើយ​អ្នកស្លាប់ និង​របួស​ទាំងនោះ​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន​៨​នាក់​(​យប់​៤​នាក់​)​។​

​ជាមួយគ្នានេះ​នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន​១០៥៦​គ្រឿង (​រថយន្ត​ធំ​៣០៨​គ្រឿង​) ស្មើនឹង​១០៥៦​ករណី ល្មើស​ក្រដាស​ស្នាម​មាន​៦៥៥​គ្រឿង ស្មើនឹង​៦៥៥​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៤០១​គ្រឿង ស្មើនឹង​៤០១​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១២៨១​គ្រឿង​៕

​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​មនុស្ស​២​នាក់ របួសធ្ងន់​ស្រាល​៨​នាក់