​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​យុវជន​២​នាក់​​និង​ថ្នាំ​ញៀន​២០​កញ្ចប់

ខេត្តកណ្ដាល​ ៖​ នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​យុវជន​២​នាក់​ ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​២០​កញ្ចប់​ កាលពី​​យប់ថ្ងៃ​ទី​១៥ ​ធ្នូ​ នៅ​ចំណុច​ភូមិ​សិ​ត្បូ ​ឃុំ​សិត្បូ ស្រុក​ស្អាង ។​

មន្ត្រី​នគរបាល​ស្រុក​ស្អាង​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​​ឃាត់ខ្លួនទាំង​២នាក់​ខាង​លើនេះ ​ម្នាក់​ ឈ្មោះ ណុ​ល​ លី​ហ្សា ​អាយុ១៥​​ឆ្នាំ ​និង​ម្នាក់​ទៀត​​ឈ្មោះ ស្រោង​ ម៉េ​ង​ស៊ឺ ​អាយុ១៤​​ឆ្នាំ ​ ។ អ្នក​ទាំង​ពីរនាក់ មុខរបរមិន​ពិតប្រាកដ ​មាន​ទីលំនៅ​ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ​ស្រុក​ស្អាង ។ ​ចំណែក​​វត្ថុ​តាង​ ​មាន​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន២០​​កញ្ចប់តូច​ ម៉ូតូ១​​គ្រឿង ​​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​​ថា​ នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​​កម្លាំងនគរ​បាល​​ប៉ុស្តិ៍សិ​ត្បូ​បាន​ល្បាត​ចំណុច​ផ្លូវជាតិ​លេខ​២១​អា ​​ឃើញ​យុវជន​គួរ​ឱ្យ​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​​នៅ​ចំណុច​កើតហេតុ​​ក៏​បាន​ឃាត់​​ខ្លួន​​ត្រួតពិនិត្យ​​​​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២០​កញ្ចប់​តូច​នៅ​នឹង​ឈ្មោះ ណុ​ល លី​ហ្សា ហើយ​ក៏​​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២នាក់​ រួម​ទាំង​វត្ថុ​តាង បញ្ជូន​មក​អធិការដ្ឋាន​នគរ​បាល​ស្រុក​ស្អាង ​។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ណុ​ល លី​ហ្សា បាន​សារភាព​ថា ខ្លួន​បាន​ទទួល​លុយ​ពី​ឈ្មោះ​ផល្លា​ ចិត្ត ​ភេទ​ប្រុស​ អាយុ​ប្រហែល​៣០​ឆ្នាំ​ចំនួន​170.000​រៀល​ទិញ​ថ្នាំ​ញៀន​ចំនួន២០​​កញ្ចប់​តូចនេះ​​នៅ​ចំណុច​វាល​ខ្សាច់​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមាន​ជ័យ រាជធានី​ភ្នំពេញ ។​

ជនសង្ស័យ​ទាំង​២នាក់ ​ត្រូវ​បាន​នគ​បាល​កសាង​សំណុំរឿងចាត់ការ​បន្ត​តាម​ច្បាប់​ ៕ ​