ប្រជាពលរដ្ឋ​១១​គ្រួសារ​សុំ​ឲ្យ​សម្តេចតេជោជួយ​​រក​យុត្តិធម៌​ មាន​ឈ្មួញ​លួច​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន

ខេត្តស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​១១​គ្រួសារ​នៅ​ភូមិ​ដំបូក​ជួរ ​សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត​ បាន​អំពាវនាវ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ មេត្តា​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​មូលហេតុ​មាន​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​អ្នក​គក់​ជេ​លួច​ដីស្រែ​របស់​ពួក​គាត់​ចំនួន​១៧​ហិ​កតា​ យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ហា​យ​ផាក​លែ​ន​&​ប្រូ​ផឹ​ធី​ខូ​អិ​ល​ធី​ឌី​(​ក្រុមហ៊ុន​ចិន​)​ហើយ មានឈ្មោះ​លី​ន​ម៉ៅ​ហ្វុ​ង ភេទ​ប្រុស​​ អាយុ​៥៨​ឆ្នាំ​ជន ជាតិ​ចិន​ ជានា​យក​ក្រុមហ៊ុន​ធ្វើ​ប្លង់​ហ៊ុម​ព​ទ្ធ័​រំលោក​បំពាន​យក​ដីស្រែ​របស់​ពួក​គាត់​ដោយ​អយុត្តិធម៌​។

ករណី​ប្រជាពលរដ្ឋ​អំពាវនាវ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន ​រក​យុត្តិធម៌​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១៥​ ធ្នូ​ ២០១៥​ នៅ​ភូមិ​ដំបូក​ជួរ ​សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត​។

បើ​តាម​ប្រជាពលរដ្ឋ​រង​គ្រោះ​ឈ្មោះ​ភិន រ​ដ្ឋា ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ​ ជា​តំណាង​​១១​គ្រួសារ​នៅ​ភូមិ​ដំបូក​ជួរ​បាន​ឲ្យ​ដឹង​ថា ​ដីស្រែ​របស់​ពួក​គាត់​ចំនួន​១៧​ហិ​កតា​ត្រូវ​ក្រុមហ៊ុន​ចិន​ធ្វើ​ប្លង់​ដឺ​ម៉ាស់​ហ៊ុម​ព​ទ្ធ័​រំលោភ​យក​ដោយ​អយុត្តិធម៌​ពេល​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​សាកសួរ​លោក​លី​ន​ ម៉ៅ​ហ្វុ​ង ជនជាតិ​ចិន​ជានា​យក​ក្រុមហ៊ុន​​មក​អះអាង​ថា ក្រុមហ៊ុន​បាន​ទិញពី​ឈ្មោះ​ខ្វាន់​សម្ព​រ័ សម្រេច​នៅ​ក្រុង​បា​វិត ​និង​ឈ្មោះ​សៅ ​សា​វឿ​ន មាន​ទីលំនៅ​ភូមិ​ព្រៃធំ​សង្កាត់​ព្រៃ​អ​ង្គុ​ញ និង​ឈ្មោះ​ពេជ្រ​ សារា​ឌី មាន​ទីលំនៅ​ភូមិ​គោ​គ​ល្វៀង​ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត​។

​ទាក់ទិន​ករណី​នេះ​ដែរ​ លោក​វ៉ា​ន់​ វន​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ ជា​មេ​ភូមិ​ដំបូក​ជួរ ​បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​រង​គ្រោះ​១១​គ្រួសារ​ គឺ​មាន​ចំនួន​០៤​គ្រួ​សារបាន​លក់​ដីស្រែ​ចំនួន​០៦​ហិ​កតា​ឲ្យ​ទៅ​ឈ្មោះ​ពេជ្រ​ សារា​ឌី​ និង​ឈ្មោះ​សៅ​​ សា​វឿ​ន ​អ្នក​គក់​ជេ​ដី ​ក្នុង​នោះ​៣​គ្រួ​សារបាន​ទទួល​ប្រាក់​កក់​ ឯ​មួយ​គ្រួសារ​មិន​ទាន់​បាន​ទទួល​ប្រាក់​កក់​ទេ​ ហើយ​ប្រជាពលរដ្ឋ​០៧​គ្រួសារ​ទៀត ​គឺ​មិន​បាន​លក់​ឡើយ​ ក៏​ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​ចិន​រំលោភ​យក​១១​ហិ​កតា​ដែរ​។

លោក​មេ​ភូមិ​បន្ត​ទៀត​ថា ​កាលពី​អំឡុង​ខែកក្កដា​ ​២០១២​ មានឈ្មោះ​ពេ​ជ ​សារា​ឌី ​និង​ឈ្មោះ​សៅ​ សា​វឿ​ន ​ធ្វើ​គក់​ជេ​ដើរ​ប្រមូល​ទិញ​ដី​ឲ្យ​ឈ្មោះ​ខ្វាន់ ​សម្ព័រ សម្រេច ជា​ឈ្មួញកណ្តាល​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន​រហូត​ដល់​ឆ្នាំ​២០១៥​ ទិញ​បាន​ជាង​២០០​ហិ​កតា​ហើយ​មិន​ទាន់​ឲ្យ​លុយ​ប្រជាពលរដ្ឋ​៤​គ្រួសារ​ដែល​មាន​ដីស្រែ​ចំនួន​០៦​ហិ​កតា​ ដែល​ក្នុង​១​ហិ​កតា​តម្លៃ​២៥.០០០​ដុល្លា​រទៅ​៣​ម៉ឺន​ដុល្លារ។ ​

​ចំពោះ​ប្រជាពលរដ្ឋ​៧​គ្រួសារ​ដែល​មាន​ផ្ទៃដី​១១​ហិ​កតា​ គឺ​មិន​បាន​លក់​ទេ​ ហើយ​បាន​ធ្វើស្រែ​រហូត​មក​ដល់​បច្ចុប្បន្ន​មិន​ដែល​មាន​ទំនាស់​ឡើយ ទើបតែ​នៅ​ថ្ងៃ​ទី​៣០​ មេ​សា​ ២០១៥ ​គណៈកម្មការ​សុរិយោដី​ចុះ​មក​វាស់វែង​ធ្វើ​ប​ណ្ណ័​កម្មសិទ្ធិ​ជា​លក្ខណៈ​ប្រ​ព​ន្ធ័​ទើប​ក្រុមហ៊ុន​ចិន​មក​ជំទាស់​ថា ​ជា​ដី​របស់​ក្រុមហ៊ុន​មាន​ប្លង់​ដឺ​ម៉ាស់​ទៅ​វិញ​ ក្នុង​នោះ​គឺ​មាន​ដីស្រែ​របស់​លោក​មេ​ភូមិ​ចំនួន​២​ហិ​កតា​ដែរ​​៕