រដ្ឋ​​​មន្ត្រីក្រសួង​​​មហាផ្ទៃ​​​ព្រមាន​​​ស្នង​​​ការ​​​ទាក់ទិន​​​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​

លោក​​​ ស ខេង រដ្ឋ​​​មន្ត្រីក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា មន្ត្រី​​​នគរ បាល​​​ជាន់​​​ខ្ពស់​​​ថ្នាក់​​​ខេត្ត​​​ដែល​​​កំពុង​​​សើុប​​​អង្កេត​​​​​​ករណី​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​​ផ្ទួន​ៗ​នា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​អាច​​​ប្រឈម​​​នឹង​​​ការ​​​ទម្លាក់​​​បុណ្យ​​​ស័ក្តិ​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​អាច​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​នៅ​​​​​​ក្នុង​​​ករណី​​​ទាំង​​​នេះ​​​​បាន ខណៈលោក​ទទួល​ស្គាល់ថា អាវុធដែលត្រូវបានប្រើប្រាស់​ក្នុង​ករណីទាំងនេះ​ប្រហែលជាលួច​ចេញពី​រដ្ឋ​​ ​​​។​​​

ការ​​​លើក​​​ឡើង​​​របស់​​​លោក ស ខេង ធ្វើ​​​ឡើង​​​៣​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​មាន​​​អំពើ​​​ប្លន់​​​ប្រដាប់អាវុធ​​​បី​​​ករណី​​​​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​​នៅ​​​ក្នុង​​​ខេត្ត​​​​​​កណ្តាល​​​ ខេត្ត​បាត់​​​ដំបង និង​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ ដោយ​​​​​​ក្នុង​នោះ​ក្រុមចោរ​ប្រដាប់អាវុធ​ប្លន់​​​​បាន​​​មាស និង​​​លុយ​​​ជាង​​​៣០០.០០០ដុល្លារ និង​​​ធ្វើ​​​ឲ្យ​​​ស្ត្រី ម្នាក់​​​អាយុ​​​៣១​​​ឆ្នាំ​​​បាត់​​​បង់​​​ជីវិត​​​ ជា​​​ករណី​​​ថ្មី​​​បំផុត​​​ក្នុង​​​ករណី​អំពើ​​​ើប្លន់​​​ដ៏​​​ហិង្សា​​​ជា​​​ច្រើន​​​នៅ​​​កម្ពុជា​​​។

លោក ស ខេង​​​ បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ពិធី​​​មួយ​​​នៅ​​​ក្រសួង​​​មហាផ្ទៃ ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ថា “ខ្ញុំ​ចាត់​ទុក​ករណី​នេះ​​​​ថា​​​ជា​​​វិញ្ញាសា​​​មួយ​​​ សម្រាប់ខេត្ត​​​​​​បាត់​​ដំបង ពោធិ៍សាត់ និង​​​ខេត្ត​​​កណ្តាល​​​ ក្នុងការ​តាម​ស្វែង​រក​[ជនសង្ស័យ]​។ លោក​​​បាន​​​បន្ថែម​​​ថា បទ​​​ល្មើស​​​​​​ទាំង​​​នេះ​​​ហាក់​​​បី​​​ដូច​​​ជា​​​​​​​​​​​​ការ​​​ងារ​​​ចេញ​​​ពី​​​”ក្រុម​​​​តែ​​​មួយ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​ទៀត​​​ថា “ខ្ញុំ​​​ថា​ដាច់ខាត​ត្រូវតែធ្វើ​ឲ្យ​បាន​​​ ហើយ​​​ត្រូវ​រក​[ចោរ​​​ប្លន់]​​​ឲ្យឃើញ​”។​​ស្នង​​​ការ​​​ខេត្ត​​​នឹង​​​ជា​​​អ្នក​​​ដំបូង​​​គេ​​​ដែល​​​ប្រឈម​​​នឹង​​​ផល​​​លំបាក​​​ប្រសិន​​​បើ​​​ចាប់​​​ជន​​​ល្មើស​​​មិន​​​បាន​​​។

លោក​​​បាន​​​ថ្លែង​​​បន្ត​​​ទៀត​​​ថា “បើ​​​​រក​មិនឃើញទេ​ ​​​សូម​​​អស់​​​លោក​​​បក​​​​ស័ក្តិ​​​ខ្លួន​​​ឯង ​​​មិន​​​បាច់​​​ខ្ញុំ​​​បក​ឲ្យ​ទេ​ ​​​ ព្រោះ​​​​មិន​​​មែន​​​ជា​​​រឿង​​​សាមញ្ញ​ទេ​​ អ៊ីចឹងហើយ​សូម​​​បង្កាទុកជាមុន​”។

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​​​យ៉ាង​​​ហោច​​​ណាស់​​​មាន​​​កាំភ្លើង​​​ អាកា-៤៧​​​មួយ​​​ដើម​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​អំពើ​ប្លន់​​​ប្រដាប់​​​អាវុធ​​​ទាំង​​​បីករណី​​​​នេះ​​​កាល​​​ពីថ្ងៃ​​​សៅរ៍។​​​ លោក ស ខេង បាន​​​​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា វា​​​អាច​​​ទៅ​​​រួច​​​ដែល​​​ថា អាវុធទាំងនេះ​ ពីមុន​​​​​ជា​​​របស់​​​យោធា​​​។

ដោយ​​​សំដៅ​​​លើ​​​ការ​​​ប្រយុទ្ធ​​​គ្នា​​​ក្បែរ​​​ប្រសាទ​​​ព្រះ​​​វិហារ​​​ចន្លោះ​​​ឆ្នាំ​​​២០០៨​​​ដល់​​​ឆ្នាំ​​​២០១១ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គួរ​​​តែ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​អាវុធ​​​ និង​​​ការ​​​គ្រប់​​​គ្រង​​​ជាតិ​​​ផ្ទុះ។ ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​យើង​​​ហាក​​​់បី​​​ដូច​​​ជា​​​ធ្វេស​​​ប្រហែស​​​​​​ ជា​​​ពិសេស​​​បន្ទាប់​​​ពី​​​ព្រឹត្តិការណ៍​​​ជម្លោះ​​​តាម​​​ព្រំដែន​​​កម្ពុជា​​​-ថៃ”។

​​​ខណៈ​​​អាវុធ​​​មួយ​​​ចំនួន​​​ដែល​​​យោធា​​​យក​​​ចេញ​​​ពី​​​ឃ្លាំង​​​របស់​​​ខ្លួន​​​ទៅ​​​កាន់​​​សមរភូមិ​​​មុខ​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ​​​បាន​​​ទៅដ​​​ល់​​​គោល​​​ដៅ​​​ លោក​​​ ស ខេង បាន​​​​​​លើក​​​ឡើង​​​​ថា ​​​មួយ​​​ចំនួន​​​បាន​​​បាត់​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “អំឡុង​​​ពេល​​​នោះ​​​​​​អាវុធ​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​។ ជូន​​​កាល​​​វា​​​មិន​​​បាន​​​ទៅ​​​ដល់​​​គោល​​​ដៅ​​​ទេ​​​​​​ ហើយ​​​ត្រូវ​​​បាន​​​ប្រមូល​​​ត្រឡប់​​​មក​​​វិញ​​​ បន្ទាប់​​​ពី​​​ព្រឹត្តិការណ៍​​​ជម្លោះ​​​ចប់”។

កាំភ្លើង​​​ អាកា-៤៧ គឺជា​​​អាវុធ​​​ស្តង់​​​ដារ​​​សម្រាប់​​​សមាជិក​​​កង​​​យោធពល​ខេមរភូមិន្ទ​​​ ហើយ​​​ក៏​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដោយ​​​នគរ​​​បាល​​​ និង​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែរ។

លោក ស ថេត ស្នង​​​ការ​​​នគ​​​របាល​​​ខេត្ត​​​បាត់​​​ដំបង និង​​​លោក សារុន ចន្ធី ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ពោធិ៍​​​សាត់​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ខណៈ​​​​​​លោក អ៊ាវ ចំរើន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​កណ្តាល​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​។

លោក ចិត្រ វន្នី ស្នងការ​​​រង​​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​លើក​​​ឡើង​​​ថា ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ពី​​​បទ​​​ប្លន់​​​​​​ម្ចាស់​​​ហាង​​​លក់​​​គ្រឿង​​​អលង្ការ​​​ពីរ​នាក់​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​នឹង​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​នៅ​​​ថ្ងៃ​​​នេះ​​​ ខណៈ​​​ជន​​​សង្ស័យ​​​បួន​​​នាក់​​ផ្សេង​​​ទៀត​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​ យើង​​​នឹង​​​ខិត​​​ខំ​​​តាម​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ផ្សេង​​​ៗ​​​ទៀត​​​ តាម​​​ការលើកឡើង​នៅក្នុង​សុន្ទរកថា [របស់​​​លោក ស ខេង​​​]”៕ស៊ុយាង

 

The post រដ្ឋ​​​មន្ត្រីក្រសួង​​​មហាផ្ទៃ​​​ព្រមាន​​​ស្នង​​​ការ​​​ទាក់ទិន​​​អំពើ​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​ appeared first on ខេមបូឌា ដេលី.