Los Angeles ប្រកាស​បិទ​សាលា​រដ្ឋ​ទាំង​អស់ ក្រោយ​ទទួល​​សារ​គំរាម


Los Angeles ប្រកាស​បិទ​សាលា​រដ្ឋ​ទាំង​អស់ ក្រោយ​ទទួល​​សារ​គំរាម

​​មន្ត្រី​ក្រុង​​​ Los Angeles ​បាន​ចេញ​បញ្ជា​ឲ្យ​បិទ​សាលា​​រដ្ឋ​ទាំង​អស់​​​ ​ក្រោយ​​ពី​ទទួល​បាន​សារ​​គំរាម​តាមអ៊ីម៊ែលនៅ​ថ្ងៃ​អង្គារ ខណៈ​អាជ្ញាធរ​​ក្រុង​ញូវយ៉ក​ បាន​ច្រាន​ចោល​​​សារ​​គំរាម​ស្រដៀង​គ្នា​នេះ ថា​ជា​ការ​បោក​បញ្ឆោត។

 

លោក Ramon Cortines អ្នក​គ្រប់គ្រង​​​សាលា​​ទាំងអស់​​នៅ​ Los Angeles ​ដែល​ជា​ក្រុង​​​​អប់​រំ​ធំ​បំផុត​​ទី​​ពីរ​​​​របស់​​អាមេរិកដែល​មាន​សិស្ស​ជាង៦៤ម៉ឺននាក់ ​បាន​និយាយ​ថា​វិធាន​ការ​នេះត្រូវ​បាន​​បញ្ជា​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន ​​ដែល​អាច​នឹង​បង្ក​​ជា​ការ​វាយ​ប្រហារ​ដូច​​នៅ​ទីក្រុង San Bernardino ស្លាប់​មនុស្ស​ ១៤នាក់​ដែរ។

 

Los Angeles ប្រកាស​បិទ​សាលា​រដ្ឋ​ទាំង​អស់ ក្រោយ​ទទួល​​សារ​គំរាម

 

​​​​ប្រភព​ដដែល​​ថ្លែង​​ប្រាប់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថាប៉ូលិស​បាន​​ក្រើន​រំលឹក​​​កាល​ពី​ថ្ងៃ​ចន្ទ​​តាម​អ៊ីម៊ែល​ទៅកាន់​​សមាជិក​ក្រុម​ប្រឹក្សា​សាលា​ថា​អាច​នឹង​មាន​ការ​វាយ​ប្រហារ​​បំផ្ទុះ​តាម​​​​កាបូប​ស្ពាយ​។

 

ដោយ​សារ​តែ​មាន​ការ​ព្រមាន​ឲ្យ​ប្រុង​ប្រយ័ត្ន​​បែប​នេះ ​ទើប​លោក Cortines ​សម្រេច​​​បិទ​សាលា​ទាំង​អស់​តែ​ម្ដង​នៅ​ថ្ងៃ​នេះ រហូត​មាន​ការ​ធានា​​ទាំង​ស្រុង​ថា​គ្រប់​គ្នា​មាន​សុវត្ថិភាព។ សារ​គំរាម​ដែល​ទទួល​បាន​សរសេរ​ថា «​អ្នក​សម​គំនិត​ចំនួន ៣២នាក់ ​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​​ការ​ធ្វើ​សកម្មភាព​ថ្ងៃ​នេះ»។​

 

​​​ចំណែក​​មន្ត្រី​ប្រចាំ​សាលា​នៅ​ទីក្រុង​ញូវយ៉ក ​ក៏​បាន​ទទួល​សារ​គំរាម​​ស្រដៀង​គ្នា​ដែរ តែ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​បោក​ប្រាស់។ ​មន្ត្រី​ម្នាក់​ប្រាប់​ថា៖ “មិន​មាន​ការ​គំរាម​​ណា​មួយ​គួរ​ឲ្យ​កត់​សំគាល់​​ទេ​សម្រាប់​ក្មេង​សិស្សសាលា។ យើង​ជឿជាក់​ថាសាលា​របស់​យើង​ មាន​សុវត្ថិភាព”។

 

Los Angeles ប្រកាស​បិទ​សាលា​រដ្ឋ​ទាំង​អស់ ក្រោយ​ទទួល​​សារ​គំរាម

 

ប៉ូលិស និង​​ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់ FBI ​ត្រូវ​បាន​គេ​​អំពាវ​នាវ​ឲ្យ​ជួយ​តាម​ដាន ​ឆែកឆេរ​មើល​សាលា​ជាង៩០០កន្លែង​ក្នុង​ស្រុក​ផង​ដែរ៕

 

ចុចអាន៖ កូរ៉េខាងត្បូង​បើក​សាលា​បង្រៀន​ស្លាប់ ក្រោយ​មាន​អ្នក​សម្លាប់​ខ្លួន​៤០នាក់​រៀង​រាល់​ថ្ងៃ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ channelnewsasia