មុននេះបន្តិច ​សម្តេចតេជោ ហ៊ុន សែន​ និង លោក កឹម សុខា ​ចាប់ដៃគ្នានៅរដ្ឋសភា

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា​ សម្តេចតេជោ ហ៊ុន សែន ​បានចាប់ដៃលោក​ កឹម សុខា នៅ​រដ្ឋសភា​ មុនពេលសម្តេចតេជោនាយករដ្ឋមន្រ្តី​អញ្ជើញចូលរួមពិភាក្សា​និងអនុម័តសេចក្តីព្រាង​ច្បាប់ស្តីពីសុខភាពសត្វ​ និង ផលិតកម្មសត្វ ។

សេចក្តីរាយការណ៍​បានបន្តថា​ នៅក្នុងការពិភាក្សានិងអនុម័តនៅក្នុង​សម័យប្រជុំរដ្ឋសភាលើកទី៥​ នីតិកាលទី៥ នាព្រឹកថ្ងៃទី១៦​ ធ្នូ ២០១៥នេះដែរ ​សមាជិកសមាជិកា​រដ្ឋសភា​គណបក្សសង្គ្រោះជាតិ៣៤រូប ​ដឹកនំាដោយលោក កឹម សុខា​ ​ក៍បានចូលរួមពិភាក្សានិង​អនុម័តរបៀបវារៈសំខាន់៣គឺ​ របៀបវារៈទី១ ​ការពិភាក្សានិងអនុម័ត​សេចក្តី​ព្រាងច្បាប់ស្តីពី​ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ ​ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស​ ស្តីពីការបង្កើតអង្គការ​ ពាណិជ្ជកម្ម ពិភពលោក ​ដើម្បីបញ្ចូលកិច្ចព្រម​ព្រៀងស្តីពី កិច្ចសម្រួល​ ពាណិជ្ជកម្មទៅក្នុងឧបសម្ព័ន្ធ១ក​ នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស ​។ របៀបវារៈទី២ ការពិភាក្សានិងអនុម័ត ​សេចក្តីព្រាង​ច្បាប់​ស្តីពីការអនុម័ត​យល់ព្រម​លើកិច្ចព្រមព្រៀងស្តីពីការ​បង្កើតមជ្ឈមណ្ឌល​ ជីវៈចម្រុះអាស៊ាន​ និងរបៀបវារៈទី៣ ការពិភាក្សា ​និងអនុម័តសេចក្តីព្រាង​ច្បាប់ស្តីពី ​សុខភាពសត្វ ​និងផលិតកម្មសត្វ ។

សេចក្តីរាយការណ៍​បានបន្តថា​ បន្ទាប់ពីសមាជិកសមាជិកា​រដ្ឋសភា១០០រូបពិភាក្សា​និងអនុម័តរបៀបវារៈទី១និងទី២ចប់ ​នៅម៉ោង១០និង៣០នាទី​ព្រឹកថ្ងៃពុធដដែលនេះ សម័យប្រជុំរដ្ឋសភា​ដែលស្ថិតក្រោមអធិបតីភាពសម្តេច ​ហេង សំរិន ​ក៍បានបន្តពិភាក្សា​និងអនុម័តរបៀបវារៈទី៣​ ដោយមានវត្តមាន​សម្តេចតេជោ ​ហ៊ុន សែន ​ចំណែក​លោក កឹម សុខា ​បានជាប់រវល់​នៅខាងក្រៅ ៕