លោក កឹម សុខា អង្គុយ​កៅ​សមាជិក​ធម្មតា​លើកដំបូង​ក្រោយ​អង្គុយ​កៅអី​អនុប្រធាន​ទី ១ រដ្ឋសភា​ជាង ១ ឆ្នាំ​

​នៅថ្ងៃនេះ​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចំនួន ៣៣ នាក់ បាន​ចូលរួម​ប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី ៥ នីតិកាល​ទី ៥ ដើម្បី​ពិភាក្សា​ពី​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ចំនួន ៣ ។ ក្នុងចំណោម​សមាជិកសភា​បក្សប្រឆាំង​ដែល​បាន​ចូលរួម​ប្រជុំ​នោះ ក៏មាន​វត្តមាន​លោក កឹម សុខា អតីត​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា ដែរ​។​

​កៅអី​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា ដែល​លោក កឹម សុខា ធ្លាប់តែ​អង្គុយ​ជាង ១ ឆ្នាំ​មកនេះ  ត្រូវ​រដ្ឋសភា​ទុក​ឲ្យ​ទំនេរ​ចោល​គ្មាន​អ្នក​អង្គុយ​។ ក្នុង​កិច្ចប្រជុំ​ប្រជុំ​រដ្ឋសភា​ថ្ងៃនេះ លោក កឹម សុខា បាន​ប្តូរ​មក​អង្គុយ​នៅលើ​កៅអី​សមាជិក​រដ្ឋសភា​ធម្មតា ដូច​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត​ដែរ ក្រោយពី​សមាជិក​សភាគ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​ទម្លាក់ខ្លួន​ពី​តំណែង​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា កន្លងទៅ​។

​សូម​រម្លឹក​បន្តិច​ថា ក្រោយពី​មាន​កិច្ចព្រមព្រៀង​នយោបាយ ២២ កក្កដា ឆ្នាំ ២០១៤  លោក កឹម សុខា  ត្រូវបាន​សមាជិក​រដ្ឋ​សភា​នៃ​បក្ស​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា បោះឆ្នោត​ឲ្យ​កាន់តំណែង​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា នៅ​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៤ ។ ចាប់តាំងពី​ថ្ងៃ​កាន់តំណែង​រហូតដល់​ពី​ធ្លាក់​តំណែង​វិញ​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥ លោក កឹម សុខា បាន​អង្គុយ​កៅអី​ជា​អនុប្រធាន​ទី ១ រដ្ឋសភា​ចំនួន ១ ឆ្នាំ ៣ ខែ ៕