ប្រទេស អាហ្សង់ទីន កាន់ទុក្ខ ចំពោះមន្ត្រីរដ្ឋ ៤៣នាក់ ដែលបានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍

សាល់តា៖ កងកម្លាំងសន្តិសុខ និង មន្ត្រីពាក់ព័ន្ធទាំងឡាយ របស់ប្រទេសអាហ្សង់ទីន បាន ចូលរួមគោរពវិញ្ញា ណក្ខន្ធ ដល់មន្ត្រីចំនួន ៤៣នាក់ ដែលបានស្លាប់ដោយសារ តែគ្រោះថ្នាក់ ចរាចរណ៍ក្នុងតំបន់ រ៉ូសារីយ៉ូ ឌឺ ឡេ ហ្វ្រុនទែរ៉ា នៃខេត្តសាល់តា ភាគខាងជើង កាលពីថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០១៥។ នេះបើ តាមការផ្សាយរបស់ ស៊ិនហួ នៅថ្ងៃពុធ ទី១៦ ខែធ្នូ នេះ។

នៅក្នុងឱកាសដ៏សែនក្រៀមក្រំ នេះដែរ លោកប្រធានាធិបតីអាហ្សង់ទីនថ្មី ដែលទើបឡើង កាន់តំណែង បាន ប៉ុន្មានថ្ងៃ មួរីស៊ីយ៉ូ ម៉ាគ្រី បានសម្រេចប្រកាសដាក់ប្រទេសទៅក្នុង ការកាន់ មរណៈទុក្ខរយពេល ២៤ម៉ោង សម្រាប់ មន្ត្រីរដ្ឋាភិបាល ទាំង ៤៣ រូបនោះ ហើយលោក ក៏បាន ចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារ និងសាច់ញាតិ នៃ សពផងដែរ។

គួរបញ្ជាក់ថា រថយន្តក្រុង ដែលមន្ត្រីជិះនៅបំពេញភារកិច្ច បានរអិលធ្លាក់ពីលើស្ពាន ដែល មានជម្រៅប្រមាណ ២០ម៉ែត្រ។ ទូរទស្សន៍ក្នុងស្រុកបាន បង្ហាញទិដ្ឋភាពរថយន្តក្រឡាប់ ដែលមានផ្ទុកមន្ត្រីរដ្ឋប្រមាណ៦០នាក់ ហើយ អ្នកដែលនៅរស់រានមានជីវិត ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យដែលស្ថិតនៅក្បែរនោះ៕

ប្រទេស អាហ្សង់ទីន កាន់ទុក្ខ ចំពោះមន្ត្រីរដ្ឋ ៤៣នាក់ ដែលបានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍