កូរ៉េខាងជើង ពន្យាពេលរៀបចំ សមាជកំពូលបក្ស ដោយមិនប្រាប់ មូលហេតុ

ប៉េកាំង៖ បើតាមការ កំណត់រាល់ឆ្នាំ នោះ គឺសមាជកំពូលរបស់ គណបក្សពលករកូរ៉េ ដែល ដឹកនាំអំណាច ៦ ទសវត្សរ៍មកហើយ នៅកូរ៉េខាងជើង តែងតែប្រារព្ធឡើងនៅក្នុង ខែឧសភា ប៉ុន្តែកាលពីដើមសប្តាហ៍នេះ មាន ព័ត៌មាន ពីទីក្រុងព្យុងយ៉ាងថា កិច្ចប្រជុំដ៏សំខាន់ថ្នាក់រដ្ឋនេះ នឹងពន្យាពេលរហូតដល់ ខែតុលា ឯណោះ។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ ២០១៥ថា ការពន្យាពេល នេះ មិនធ្លាប់កើត មាននោះទេ ក្នុងរយៈពេល ៣៦ឆ្នាំ កន្លងមកនេះ ហើយសម្រាប់មូលហេតុ វិញ ក៏មិនត្រូវបានបញ្ចេញឲ្យដឹងជា សាធារណនោះដែរ។ សមាជកំពូល ត្រូវបានសារព័ត៌មាន រដ្ឋកូរ៉េខាងជើងអះអាងថា នឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០១៦ ជំនួសវិញ។

គួរបញ្ជាក់ថា រឿងដែលកូរ៉េខាងជើង ធ្វើឡើងដោយគ្មានមូលហេតុ នឹងគួរឲ្យចង់ដឹងនោះ ក៏ មានមួយទៀតដែរ គឺកាលពីសប្តាហ៍មុននេះ ក្រុមតន្ត្រីនារីដំបូង ដែលត្រូវបានលោក គីម ចុងអ៊ុន បញ្ជាឲ្យមកសម្តែងនៅក្នុង ទីក្រុង ប៉េកាំង ត្រូវបានលុបចោលទៅវិញ តែប៉ុន្មានម៉ោង ប៉ុណ្ណោះ មុនការសម្តែង ដែលបញ្ហានេះ គ្មានការប្រាប់ឲ្យដឹង ពីមូលហេតុបន្តិចសោះ។

មានមតិមួយចំនួនលើកឡើងថា កូរ៉េខាងជើង ទំនងជាអាក់អន់ នឹងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលមិនអាចជួយអ្វីបាន នៅក្នុងក្រុមប្រឹក្សាសន្តិសុខយូអិន ដែលកាលពីសប្តាហ៍មុននេះ កិច្ចប្រជុំបានធ្វើឡើង ដោយអាមេរិកជាប្រធាន បានលើកយកបញ្ហាសិទ្ធិមនុស្សកូរ៉េខាងជើង មកពិភាក្សា ហើយថែមទាំងចង់បញ្ជូនករណីនេះ ទៅតុលាការ ឧក្រិដ្ឋកម្ម អន្តរជាតិទៀត៕

កូរ៉េខាងជើង ពន្យាពេលរៀបចំ សមាជកំពូលបក្ស ដោយមិនប្រាប់ មូលហេតុ