មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​គ្មាន​ជំនឿ​លើ​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ថ្មីៗ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន បានប្រកាស​ឲ្យ​បុគ្គល​ជាប់​កាតព្វកិច្ច​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​តាម​របប​២​ឆ្នាំ​ម្តង​ក្នុង​ឆ្នាំ​២០១៦ ដែល​នឹង​ចាប់ផ្ដើម​ទទួល​ឯកសារ​ប្រកាស​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ឆ្លើយតប​ទៅនឹង​វិធានការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ ជាពិសេស​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា ពុំមាន​ការជឿជាក់​លើ​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។ ដោយហេតុថា បទ​ប្រឆាំង​អំពើពុករលួយ​បច្ចុប្បន្ន​មាន​ចំណុច​ខ្វះខាត​យ៉ាងច្រើន​ដែល​ពិបាក​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា បានស្នើ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន លើ​វិសោធនកម្ម​មាត្រាមួយ​ចំនួន​ក្នុង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ឲ្យ​ការប្រកាស​ទ្រព្យសម្បត្តិ​មាន​តម្លាភាព ចៀសវាង​ការប្រកាស​ដោយ​សម្ងាត់​ដែល​គ្មាន​ប្រសិទ្ធភាព​សម្រាប់​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា មាត្រា​មួយចំនួន​ចាប់ពី​មាត្រា​១៧​ដល់​មាត្រា​២០ ដែល​ចែង​អំពី​នីតិវិធី​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​ជាពិសេស​មាត្រា​២០​ដែល​ចែង​ឲ្យ​រក្សា​ការសម្ងាត់​ចំពោះ​ឯកសារ​របស់​បុគ្គល​ដែល​ជាប់​កាតព្វកិច្ច​នោះ គឺជា​ឧបសគ្គ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ការប្រកាស​ទ្រព្យសម្បត្តិ​ជាសម្ងាត់​មិន​ចំហ​ឲ្យ​ប្រជាពលរដ្ឋ សាធារណជន និង​ស្ថាប័ន​ដទៃទៀត​បានដឹង គឺអាច​ធ្វើ​ឲ្យ​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​អាច​ឃុបឃិត​ជាមួយ​ជន​ពុករលួយ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​គ្មាន​ជំនឿ​លើ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុងការ​លុបបំបាត់​អំពើពុករលួយ​នោះទេ ព្រោះ​កន្លងមក​លោក ឱម យ៉ិនទៀង ហ៊ាន​ចាត់ការ​តែ​មន្ត្រី​ពុករលួយ​តូចតាច​ប៉ុន្មាន​នាក់​ដូចជា លោក ហ៊ី ណារិន អតីត​អធិការនគរបាល​ខណ្ឌ​មានជ័យ​ជាដើម​។ ចំណែក​អំពើពុករលួយ​នៅ​ក្រសួងសុខាភិបាល អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ស្ថាប័ន​តុលាការ និង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម ត្រូវបាន​លោក ឱម យ៉ិនទៀង មើលរំលង​។ ជាងនេះទៅទៀត​វិធានការ​របស់លោក ឱម យ៉ិនទៀង ក្នុងការ​លុបបំបាត់​អំពើពុករលួយ​នៅ​ថ្នាក់ឃុំ​-​សង្កាត់ និង​អំពើពុករលួយ​នៅតាម​ដងផ្លូវ​មិនឃើញ​ចេញ​ជា​លទ្ធផល​អ្វី​ទាំងអស់​។ ជាក់ស្តែង​លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ បើកដៃ​ឲ្យ​កូនចៅ​បង្កើត​កុងត្រូលជជុះ​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យ​មិនឃើញ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​តាមច្បាប់​ឡើយ​៕

94លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​